ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ការយល់​ព្រម​​តាមសំណើ​​​របស់សៀម​​​ពីអង្គការ​​យូណេស្កូ​​ គឺជា​ការ​រំលោ.ភ​​​ផែនទី​​អន្តរ​ជាតិ ​​រំលោ.ភ​​សាលក្រម​​​តុលាការអន្តរ​ជាតិ​

14 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖ ​អង្គការ​យូណេស្កូ​បាន​ឯក​ភាព​តាម​សំណើ​​​របស់ថៃ​ក្នុង​ការ​សុំ​​ពន្យារ​ពេល​​​​ផែនការ​អភិរក្ស​​​ និងអភិវឌ្ឍន៍​​​តំបន់ប្រា​សាទ​ព្រះវិហារ ។ នេះ​បើ​យោងតាម​​បណ្តាញ​ផ្សព្វផ្សាយ​​របស់ថៃ​ចេញ​ផ្សាយ​​​នៅព្រឹកថ្ងៃសុក្រ​​ទី​​២៧ ឧសភា ២០១១ នេះ ​ប៉ុន្តែ​​​បើ​ការ​យល់​ព្រម​​​នេះចូល​​ជាផ្លូវការ​​​មែននោះ ​​គឺខ្វះ​​​គតិ​យុត្តិ​​​ពន់ពេក​​​ណាស់

រាជធានីភ្នំពេញ ៖ ​អង្គការ​យូណេស្កូ​បាន​ឯក​ភាព​តាម​សំណើ​​​របស់ថៃ​ក្នុង​ការ​សុំ​​ពន្យារ​ពេល​​​​ផែនការ​អភិរក្ស​​​ និងអភិវឌ្ឍន៍​​​តំបន់ប្រា​សាទ​ព្រះវិហារ ។ នេះ​បើ​យោងតាម​​បណ្តាញ​ផ្សព្វផ្សាយ​​របស់ថៃ​ចេញ​ផ្សាយ​​​នៅព្រឹកថ្ងៃសុក្រ​​ទី​​២៧ ឧសភា ២០១១ នេះ ​ប៉ុន្តែ​​​បើ​ការ​យល់​ព្រម​​​នេះចូល​​ជាផ្លូវការ​​​មែននោះ ​​គឺខ្វះ​​​គតិ​យុត្តិ​​​ពន់ពេក​​​ណាស់ ​និង​​បាន​​រំលោភ​​​លើ​​​អធិបតេយ្យ​​ភាពរបស់​​កម្ពុជា ដែលជា​ម្ចាស់​​​ប្រាសាទ​​​​យ៉ាង​ខ្លាំង ​​រំលោភ​​​លើ​ផែន​​ទីឧបសម្ព័ន្ធ​​ឆ្នាំ​១៩០៧ និង​​​១៩០៨ ​ដែល​ជា​ផែន​ទី​កំណត់​ព្រំ​ដែន​​អន្តរជាតិ ហ៊ុមព័ទ្ធ​​​ប្រាសាទ​ព្រះវិហារ និង​​ផ្ទៃ​ដី​​​ជុំវិញ​​ប្រាសាទ ​ស្ថិតក្នុង​ប្រទេស​កម្ពុជា និង​រំលោភ​​លើ​សាល​ក្រម​តុលាការ​យុត្តិធម៌​​​​អន្តរ​ជាតិ​​​ដែល​បាន​​​កំណត់​ឱ្យ​​ប្រាសាទព្រះវិហារ​ និងផ្ទៃ​ដី​​​ជុំវិញ​​​ប្រាសាទ​​ជា​របស់​​កម្ពុជា​។

សេចក្តី​រាយការណ៍​​​បានបញ្ជាក់​ថា អគ្គ​នាយក​​អង្គការ​​យូណេស្កូ​​ លោកស្រី​​​អ៊ីរីណា ​​បូកូ​វ៉ា ​បានជួប​ពិភាក្សា​​ចរចា​គ្នា​​​រវាង​កម្ពុជា​-ថៃ ​​ដោយភាគី​កម្ពុជា​​ដឹកនាំ​​​ ដោយលោក​ឧប​នាយក​រដ្ឋមន្ត្រី​​​​សុខ អាន ​​លោកទេសរដ្ឋ​មន្ត្រី​​វ៉ា គឹមហុង ​​ទទួលបន្ទុក​​​កិច្ច​ការ​ព្រំដែន​​​​ ចំណែកភាគី​​ថៃ​ដឹក​នាំ​ដោយលោកសុវីត ​​គុណគិទី ​រដ្ឋ​មន្ត្រី​​​ក្រសួងធន​ធាន​ធម្មជាតិ​​ និងបរិស្ថាន ។ ​​នៅពេលនេះ មិន​ទាន់​សរុប​​​​​លទ្ធ​ផល​​នៅឡើយទេ ​ដោយភាគីថៃ​​​បាន​សុំ​ពន្យារពេល​​លើ​របៀប​វារៈ​នៃការ​​​ពិចារ​ណា​លើ​​ផែនការ​​​អភិរក្ស​​​ និងអភិវឌ្ឍន៍​តំបន់​​​​ប្រា​សាទ​​ព្រះវិហារ ចេញពីកិច្ច​​ប្រជុំ​គណៈ​កម្មាធិការ​​បេតិកភណ្ឌ​​​ពិភពលោក​​លើកទី​​​៣៥ ​​នៅ​ព្រះរាជា​ណាចក្របារ៉ែន ​ពីថ្ងៃទី​​១៩ ដល់ថ្ងៃទី​​​២៩ មិថុនា ​​២០១១ ​ខាង​មុខ ដោយ​ភាគីថៃ​​អះអាង​ថា ​ផែន​ការ​នេះ​បាន​រំលោភ​​​​លើអធិបតេយ្យ​ភាពរបស់​ប្រទេស​ថៃ ។ ​ប៉ុន្តែ​​ភាគី​​កម្ពុជា​នៅមិនទាន់ទទួល​យក​នៅ​ឡើយទេ ព្រោះ​​ថា បើ​​​មានការ​​យល់​ព្រម​​ដូច្នេះ​​​មែន គឺអង្គការ​យូណេស្កូ បានរំលោភ​​​​ទៅលើ​គតិ​​​យុត្តិ​ និងទឡ្ហី​ករណ៍​ជា​ច្រើន​​របស់​កម្ពុជា​។​

សេចក្តី​​រាយការណ៍​​​បានបញ្ជាក់​​បន្ថែមទៀត​ថា ​លោកស្រី​​អ៊ីរីណា ​បូកូវ៉ា បានសម្រេច​​​​ក្នុង​អង្គ​​ប្រជុំ​ឱ្យ​​ពន្យារ​របៀប​វារៈ​ខាងលើ ដោយ​​​​ទុក​ពេល​​​ឱ្យប្រទេស​​​ទាំង​ពីរ​ព្រមព្រៀង​​​​គ្នាបោះ​​​បង្គោល​​ព្រំដែន​​​​ឱ្យរួច​រាល់​​ជា​មុន​សិន ប៉ុន្តែ​​​ខាង​ភាគី​កម្ពុជា​សុំ​នាំ​យក​ករណីខាង​លើ​ទៅ​ពិភាក្សា​​​​សិន ហើយ​​​នឹង​ផ្តល់​ចម្លើយ​​​នៅរសៀលថ្ងៃសុក្រ​​ ទី​​​​២៧ ឧសភា ២០១១ នេះ ។ ទោះជាយ៉ាង​ណា​ក្តី​​នៅ​ថ្ងៃ​សុក្រ​នេះ ​​កម្ពុជា​​-​ថៃ​នឹង​​ធ្វើសេចក្តីថ្លែង​ការណ៍​​​រួម​គ្នា​នៅ​​វេលាម៉ោង​​​៩ព្រឹក​ ជា​ម៉ោងនៅ​ទីក្រុង​ប៉ារីស ​ត្រូវនឹង​​​ម៉ោង​​៦​ល្ងាច​ម៉ោង​​​នៅក្នុង​ប្រទេស​​​កម្ពុជា ។ ​ការយល់ព្រម​​​​របស់លោកស្រី​​អ៊ីរីណា ​បូកូវ៉ា ​អគ្គ​នាយក​​​អង្គការ​​យូណេស្កូ​​ដែល​ថា ​«រង់​​ចាំ​​ឱ្យ​ប្រទេស​ទាំង​​២ ព្រមព្រៀង​​គ្នា​បោះ​បង្គោល​​​ព្រំដែន​​ឱ្យរួច​រាល់​​សិន​នោះ» ​គឺជា​ការ​​ជឿជាក់​ទៅលើ​​​ការ​សន្យា​ខ្យល់​​របស់​សៀម​តែ​ប៉ុណ្ណោះ ​​ព្រោះសៀម​​​មិនដែល​​​គោរពកិច្ច​​សន្យា​របស់​ខ្លួន​ទេ ​ហើយ​​សៀម​​ក៏មិន​ដែលចង់​​អនុវត្ត​​​ការបោះ​​បង្គោល​ព្រំដែន​​ដែរ ​ព្រោះ​បើ​​​សៀម​ហ៊ាន​បោះ​បង្គោល គឺសៀម​​ច្បាស់ជា​​​មិន​អាច​រំលោភ​​​យក​ទឹកដី​​កម្ពុជា​​​បានទេ​​…​​ជាក់ស្តែង​​​ផែនទី​​សន្ធិ​សញ្ញា​​អន្តរជាតិ​ឆ្នាំ​​១៩០៧ ​​និង​ឆ្នាំ​​១៩០៨ ​បារាំង-​សៀម​ ក៏សៀម​​​មិនគោរព​ដែរ ហើយ​សូម្បីតែ​​​​ដាក់​អ្នក​សង្កេត​ការណ៍​​​ឥណ្ឌូណេស៊ី​​​មកលើ​តំបន់​​ឈ្លានពាន​ ដើម្បី​ពិនិត្យ​​​វាយតម្លៃ​​​ឈានទៅ​ដោះ​ស្រាយ​ដោយ​សន្តិវិធី​ក៏សៀម​មិនព្រមដែរ ។​

ក្រៅពីនេះ​​នៅ​មាន​ទៀត​ ដូចជា​​​កិច្ចព្រម​ព្រៀង​​លើ​​​អនុស្សរណៈ​ស្តីពី​កិច្ច​ការ​ព្រំដែន​​ចំនួន​​​៣ ដែល​សៀម​​ធ្វើឡើង​​​ជាមួយកម្ពុជា​​​នេះ ក៏​សៀម​​ព្យាយាម​​បង្ក​ក​​ការ​អនុវត្ត​​​ដែរ គឺ​​កប់​​​ទុក​​​ត្រឹម​​សភា​​សៀម​​តែម្តង ។ ​តួយ៉ាង​កិច្ចព្រម​ព្រៀង​ជា​កញ្ចប់​​​លើ​វិធាន​៦ចំណុច​​រវាង​​រដ្ឋ​មន្ត្រី​ការ​​បរទេស​​កម្ពុជា ​និង​រដ្ឋមន្ត្រី​​ការ​បរទេស​​​​សៀម ក្រោម​​​ការ​​សម្របសម្រួល​​​​ពីរដ្ឋ​មន្ត្រីការ​បរទេស​​​​​ឥណ្ឌូណេស៊ី​​​​ និងជា​ប្រធាន​អាស៊ាន​​ផងនោះ ក៏​សៀម​​មិនទាន់ចុះ​​​​ហត្ថលេខា​​​ដែរ​…ដូច្នេះ​​​តើ​​​លោក​ស្រី​អគ្គ​នាយក​អង្គការយូណេស្កូ​​​មាន​​ហេតុ​ផល​​​អ្វី​ទៅ​​ជឿ​លើការ​សន្យារខ្យល់​​របស់​​សៀម​នោះ៕​