ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រសួងបរិស្ថាន ណែនាំ​ ៤​ចំណុច ដើម្បី​ទប់ស្កាត់​ការ​បំពុល​ខ្យល់ នៅ​ក្នុង​រដូវប្រាំង

3 ខែ មុន

រាជធានី​ភ្នំពេញ ៖ ក្រសួងបរិស្ថាន បាន​ណែនាំ​ឲ្យ​អាជ្ញាធរ​នៅ​តាម​មូលដ្ឋាន និង​ប្រជាពលរដ្ឋ អនុវត្ត​៤​ចំនុច ដើម្បី​ធានា​បាន​នូវ​ការ​ទប់ស្កាត់​ការ​បំពុល​ខ្យល់​ជាយថាហេតុ នៅ​ក្នុង​រដូវប្រាំង ។ តាម​រយៈ​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ក្រសួងបរិស្ថាន…

រាជធានី​ភ្នំពេញ ៖ ក្រសួងបរិស្ថាន បាន​ណែនាំ​ឲ្យ​អាជ្ញាធរ​នៅ​តាម​មូលដ្ឋាន និង​ប្រជាពលរដ្ឋ អនុវត្ត​៤​ចំនុច ដើម្បី​ធានា​បាន​នូវ​ការ​ទប់ស្កាត់​ការ​បំពុល​ខ្យល់​ជាយថាហេតុ នៅ​ក្នុង​រដូវប្រាំង ។

តាម​រយៈ​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ក្រសួងបរិស្ថាន នៅ​ថ្ងៃ​ទី​១៨ ខែមករា ឆ្នាំ​២០២៤​នេះ គឺ​ស្ថានភាព​គុណភាព​ខ្យល់​នៅ​កម្ពុជា មាន​ភាពល្អ​ប្រសើរ ដោយ​កម្រិត​ភាគល្អិត​និចល PM 2.5 ស្ថិត​ចន្លោះ​ពី ១៨,០៣ µg/m3 ទៅ ២១,៤៣ µg/m3 ដែល​ទាប​ជាង​កម្រិតស្តង់ដារ​កំណត់ គឺ ៥០ µg/m3 ជា​មធ្យម​ក្នុង​រយៈពេល​២៤​ម៉ោង នៅ​ខណៈ​ដែល​របប​ខ្យល់មូសុង កំពុង​បក់​ពី​ទិស​ខាងជើង មក​ទិស​ខាងត្បូង នា​រដូវ​នេះ ។

ក្រសួង​បាន​បន្ថែម​ថា ដើម្បី​ធានា​បាន នូវ​ការ​ទប់ស្កាត់​ការ​បំពុល​ខ្យល់​ជាយថាហេតុ នៅ​ក្នុង​រដូវប្រាំង​នេះ ក្រសួងបរិស្ថាន បាន​ណែនាំ​ដល់​អាជ្ញាធរ​មូល​ដ្នា​ន និង​ប្រជាពលរដ្ឋ ចាំបាច់​ត្រូវ​ចូលរួម​ទប់ស្កាត់​ការ​បំពុល​ខ្យល់ តាម​រយៈ​វិធានការ ៤​ចំណុច​ដូច​ខាងក្រោម ៖

ទី​១. អាជ្ញាធរ​ត្រូវ​ធ្វើការ​ណែនាំ ប្រជាពលរដ្ឋ​មិន​ឱ្យ​ដុត​រាន​ព្រៃ វាលស្មៅ សំណល់​កសិកម្ម គល់​ជញ្ជ្រាំង សំរាម​-​សំណល់​រឹង និង​ការ​ដុត​សំណល់​ផ្សេង​ៗ​ទៀត​នៅ​ទី​ចំហ​ឡើយ ។
ទី​២. អាជ្ញាធរ ត្រូវ​ចាត់វិធានការ​ទប់ស្កាត់​សកម្មភាព​ដុត​រាន​ព្រៃ ដុត​វាលស្មៅ ដុត សំណល់ កសិកម្ម ដុត​សំរាម​សំណល់​រឹង​នៅ​ទី​ចំហ និង​ការ​ឆេះ​នៅ​ទីលាន​ចាក់សំរាម ។
ទី​៣. អាជ្ញាធរ និង​ប្រជាពលរដ្ឋ ត្រូវ​ចាត់វិធានការ​ទប់ស្កាត់​ការ​ហុយធូលី នៅ​ការដ្ឋាន​សំណង់ និង​ការ​ដឹក​ជញ្ជូន​សម្ភារ​សំណង់​។
ទី​៤. អាជ្ញាធរ ត្រូវ​ធ្វើការ​សម្អាត​ធូលី និង​ធ្វើ​អនាម័យ នៅ​តាម​ដងផ្លូវ និង​ទី​សាធារណៈ​ឱ្យ​បាន​ជាប់​ជា​ប្រចាំ ។

គួរ​រម្លឹក​ជូន​ថា ដើម្បី​ទប់ស្កាត់​ការ​បំពុល​ខ្យល់ និង​បង្ការ​ហានិភ័យ​ធនធានធម្មជាតិ ក្រសួងកសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ និង​ក្រសួងបរិស្ថាន ក៏​បាន​ចេញ​សេចក្តីជូនដំណឹង​ម្តង​រួច​ទៅ​ហើយ ស្តី​ពី​វិធានការ​ការពារ​និង​ទប់ស្កាត់​ភ្លើង​ឆេះ​ព្រៃ ដល់​គ្រប់​ស្ថាប័ន​មាន​សមត្ថកិច្ច និង​ប្រជាពលរដ្ឋ​ទាំងអស់​ឱ្យ​បាន​យល់​ច្បាស់ អំពី ករណី​កិច្ច​ក្នុង​ការ​ការពារ ទប់ស្កាត់ តាម​រយៈ​ការ​ចូលរួម​សហការ​យ៉ាង​ជិត​ស្និទ្ធ ជាមួយ​អង្គភាព​ជំនាញ​ក្រោម ឱវាទ​របស់​ក្រសួង​ទាំង​ពីរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ