ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពលរដ្ឋ​ព្រលឹង​ចុង​សក់​! ឡាន​ធុន​ធំ​របូត​ធ្លាក់​ដុំ​ដែក​​ទម្ងន់​២០​តោន លើ​មហាវិថី​ផ្អើល​កណ្តាល​ក្រុង​ហូ​ជី​មិ​ញ

3 ខែ មុន

រថយន្ត​ដឹក​ដុំ​ដែក​ធុន​ធំ​មួយ​គ្រឿង ដែល​កំពុង​បើកបរ​នៅ​លើ​ផ្លូវ Nguyen Van Linh ស្ថិត​ក្នុង​ខណ្ឌ​ទី​៧ នៃ​ក្រុង​ហូ​ជី​មិ​ញ ស្រាប់តែ​ក្រឡាប់​ធ្លាក់​ចូល​ទៅ​ក្នុង​ស្រះ​ទឹក​មួយ​កន្លែង ធ្វើ​ឱ្យ​អ្នក​កំពុង​បើកបរ​នៅ​លើ​ដងផ្លូវ ម្នាក់​ៗ​ព្រលឹង​ចុង​សក់​រត់​ចេញ​ស៊ី​ព្រលិត​សឹង​គ្រប់​ៗ​គ្នា​

ក្រុង​ហូ​ជី​មិ​ញ ៖ រថយន្ត​ដឹក​ដុំ​ដែក​ធុន​ធំ​មួយ​គ្រឿង ដែល​កំពុង​បើកបរ​នៅ​លើ​ផ្លូវ Nguyen Van Linh ស្ថិត​ក្នុង​ខណ្ឌ​ទី​៧ នៃ​ក្រុង​ហូ​ជី​មិ​ញ ស្រាប់តែ​ក្រឡាប់​ធ្លាក់​ចូល​ទៅ​ក្នុង​ស្រះ​ទឹក​មួយ​កន្លែង ធ្វើ​ឱ្យ​អ្នក​កំពុង​បើកបរ​នៅ​លើ​ដងផ្លូវ ម្នាក់​ៗ​ព្រលឹង​ចុង​សក់​រត់​ចេញ​ស៊ី​ព្រលិត​សឹង​គ្រប់​ៗ​គ្នា​។ ហើយ​គេ​នៅ​ចាំ​បាន​ថា កាលពី​ខែមីនា​ឆ្នាំ​មុន នៅ​លើ​ផ្លូវ Nguyen Van Linh ដដែល​នេះ ក៏​មាន​បុរស​ម្នាក់​រង​របួស​យ៉ាងធ្ងន់ធ្ងរ ក្រោយ​ពី​ត្រូវ​ដុំ​ដែក​ទម្ងន់​២០​តោន​ធ្លាក់​ពីលើ​រថយន្ត​របស់​គាត់​ផង​ដែរ​។

បើ​តាម​សារព័ត៌មាន VN Epress បាន​ផ្សាយ​នៅ​ថ្ងៃ​ទី​១៦ ខែមករា ឆ្នាំ​២០២៤​នេះ​ថា នៅ​ម៉ោង​ប្រហែល​​៩​និង​៣០​នាទី បុរស​អ្នកបើកបរ​រថយន្ត​ដឹក​ដែក​ពី​ផែស្ងួត នៃ​សួន​ឧស្សាហកម្ម Tan Thuan ទៅ​ខណ្ឌ Binh Chanh ។ លុះ​ធ្វើ​ដំណើរ​បាន​ប្រមាណ​ជាង​៥០០​ម៉ែត្រ ចេញពី​ផ្លូវបំបែក​ស្ពាន Tan Thuan ២ ក៏​ស្រាប់តែ​រថយន្ត​ក្រឡាប់​ផ្ងារជើង បណ្តាល​ខ្សែរឹត​ដុំ​ដែក​នៅ​លើ​រថយន្ត​នោះ​ដាច់ ធ្វើ​ឱ្យ​របូត​ដុំ​ដែក​ដែល​មាន​ទម្ងន់​រហូត​ដល់​២០​តោន អង្កត់ផ្ចិត​ជិត​២​ម៉ែត្រ ធ្លាក់​លើ​ចិញ្ចើម​ផ្លូវ​តែ​ម្ដង ចំណែក​កាប៊ី​ន​រថយន្ត​វិញ​ធ្លាក់​ចូល​ទៅ​ស្រះ​ទឹក​ដែល​នៅ​ជាប់​ផ្លូវ​នោះ​។

ប្រភព​ពី​កន្លែង​ហេតុ បានឱ្យ​ដឹង​ទៀត​ថា នេះ​ជា​សំណាងល្អ មុន​ពេល​ដែល​ក្បាល​រថយន្ត​លិច​ចូល​ទៅ​ក្នុង​ទឹក អ្នកបើកបរ​បាន​បើកទ្វារ​រត់គេច​ខ្លួន​ទាន់​ពេលវេលា ចំណែកឯ​ដុំ​ដែក​របូត​ធ្លាក់​ទៅ​លើ​ចិញ្ចើម​​ផ្លូវ​នោះ មិន​មាន​បង្ក​គ្រោះថ្នាក់​ដល់​អ្នកបើកបរ​ណា​ម្នាក់​នោះ​ឡើយ ។ ហើយ​នៅ​កន្លែង​កើតហេតុ គេ​ឃើញ​តែ​ផ្នែក​ខាងក្រោយ​នៃ​រថយន្ត ដែល​ត្រាក់ទ័រ​កំពុង​ទាញ​ចេញពី​ក្នុង​ទឹកស្រះ ចំណែកឯ​ដុំ​ដែក​វិញ​ក៏​បាន​លិច​ផុង​ចូល​កប់​ជ្រៅ​ទៅ​ក្នុង​ដី នៅ​លើ​ផ្លូវ​ថ្មើរជើង​ទៅ​ហើយ​។ លុះ​ឈាន​ដល់​ម៉ោង​ជិត​១១​ព្រឹក ទើប​អាជ្ញាធរ​បញ្ជូន​រថយន្ត​ស្ទូច​មក​ទាញ​យក​ដុំ​ដែក និង​រថយន្ត​ចេញពី​ទីតាំង​កើតហេតុ​។

តាម​ការ​សន្និដ្ឋាន​របស់​សមត្ថកិច្ច អ្នកបើកបរ​រថយន្ត​ប្រហែលជា​មិន​អាច​គ្រប់គ្រង​ល្បឿន​បាន ទើប​ជ្រុល​រេ​ចង្កូត​ធ្លាក់​ផ្លូវ បណ្ដាល​ឱ្យ​ក្រឡាប់​ផ្ងារ​ជើងទ្រ​មេឃ និង​ធ្វើ​ឱ្យ​រថយន្ត​ធ្លាក់​ចូល​ស្រះ​បែប​នេះ​។

គួរ​រំលឹក​ថា កាលពី​ខែសីហា ឆ្នាំ​២០២៣ ក៏​មាន​ហេតុការណ៍​ស្រ​ដៀង​គ្នា​នេះ​ដែរ កើតឡើង​ដល់​ទៅ​២​លើក ដោយ​លើក​ទី​១- ដុំ​ដែក​ទម្ងន់​២០​តោន មួយ បាន​រមៀល​ធ្លាក់​ពី​រថយន្ត​ទៅ​លើ​ចិញ្ចើម​ផ្លូវ ដែល​កំពុង​មមាញឹក​ដោយ​ចរាចរណ៍ ស្ថិត​ក្នុង​ទីក្រុង Di An ខេត្ត​ប៊ិ​ញ​ឌឿ​ង​។ ចំណែក​ហេតុការណ៍​មួយទៀត ក្រោយ​ពី​រថយន្ត​ដឹក​ដុំ​ដែក​មួយ​គ្រឿង វ៉ា​ក់​អើ និង​ចាប់​ហ្វ្រាំង​ភ្លាម​ៗ ធ្វើ​ឱ្យ​ដុំ​ដែក​ទម្ងន់​២០​តោន​ដូច​គ្នា​នេះ រមៀល​ទៅ​មុខ​មួយ​ទំហឹង ធ្វើ​ឱ្យ​បាក់​កាប៊ី​ន​រថយន្ត​ជាប់​គាំង​នៅ​លើ​ផ្លូវ​តែ​ម្ដង​។

គួរ​បញ្ជាក់​ថា ឧប្បត្តិហេតុ​ដែល​បង្ក​ឡើង​ដោយ​រថយន្ត​ដឹក​ដុំ​ដែក​នេះ គឺ​តែងតែ​កើត​ឡើងជា​ញឹកញាប់​​នៅ​ទីក្រុង​ហូ​ជី​មិ​ញ ប៊ិ​ញ​ឌឿ​ង និង​ដុ​ង​ណៃ បង្ក​ឱ្យ​មាន​គ្រោះថ្នាក់ ប៉ុន្តែ​រហូត​មក​ដល់​ពេល​នេះ នៅ​មិន​ទាន់​មានការ​កំណត់​ស្តង់ដា​សុវត្ថិភាព​នៃ​ការ​ចង​ដុំ​ដែក ឬ​ការ​ផាកពិន័យ​ណាមួយ​ទៅ​លើ​បញ្ហា​​នេះនោះ​ទេ​។ ជា​ពិសេស​កំណាត់​ផ្លូវ Nguyen Van Linh ដែល​ត​.​ភ្ជាប់​ពី​សួន​ឧស្សាហកម្ម Tan Thuan ស្ថិត​ក្នុង​ខណ្ឌ​ទី​៧ ក្រុង​ហូ​ជី​មិ​ញ គឺ​ដុំ​ដែក​រាប់រយ​ដុំ ត្រូវ​បាន​ស្តុក​ក្នុង​កំពង់​ផែ​នោះ ហើយ​ដឹក​ចេញ​សឹងតែ​រៀងរាល់ថ្ងៃ​។

ចំណែក​ក្រសួង​ដឹក​ជញ្ជូន ក៏​កំពុង​តែ​រៀបចំសេចក្តី​ព្រាង​សារាចរ​ណែនាំ​ស្តី​ពី​សុវត្ថិភាព​ក្នុង​ការ​ដឹក​ជញ្ជូន​ទំនិញ​ធុន​ធ្ងន់​ទៅ​លើ​រថយន្ត នៅ​ពេល​ធ្វើ​ចរាចរណ៍​លើ​ដងផ្លូវ ដោយ​នឹង​កំណត់​ថា តើ​ដុំ​ដែក​ទាំងនោះ​នឹង​ត្រូវ​រឹតចំណង​ឱ្យ​ជាប់​យ៉ាងម៉េច? ដែល​អាច​ធានា​បាន​ថា ដុំ​ដែក​ទាំងនោះ​នឹង​មិន​ផ្លាស់​ទី ឬ​ធ្លាក់​លើ​ចិញ្ចើម​ផ្លូវ ដែល​បង្ក​គ្រោះថ្នាក់​ដល់​អ្នកដំណើរ​លើ​ដងផ្លូវ​៕

អត្ថបទ​ដោយ ៖ អោម ចែត​ច័ន្ទ​ណា​រ៉ា

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ