ទីភ្នាក់ងារដឹ ហ្គាឌៀន កាលពីថ្ងៃទី២៦ ឧសភា ផ្សាយឱ្យដឹងដោយយោងតាមការរៀបរាប់របស់អតីតអ្នកទោសសហជីពកម្មករចិនម្នាក់ថា រូបគេនិងមិត្តភក្តិត្រូវគេបង្ខំឱ្យលេងហ្គេមអនឡៃ នៅពាក់កណ្តាលយប់ សម្រាប់ជួយរកចំណូលដល់ក្រុមមន្ត្រីពន្ធនាគារ ។ ពួកគេសន្សំពិន្ទុដែលបានពីការលេងហ្គេម ទៅលក់បន្តដល់អ្នកលេងហ្គេមផ្សេងៗទៀត ហើយហ្គេមដែលពេញនិយម ជាងគេមាន «World of Warcraft » និង «Gold Farming » ។
សម្រាប់ចំណូលដែលមន្ត្រីពន្ធនាគារទទួលបានមានពី៥០០០ ទៅ៦០០០យន់ក្នុងមួយថ្ងៃ ។ អតីតអ្នកទោសខាងលើមានឈ្មោះថា លីវ ដាលី ធ្លាប់ជាអ្នកទោសសហជីពកម្មករនៅទីក្រុងហៃ ឡុងជាំង កាលពីឆ្នាំ២០០៤ បានបញ្ជាក់ថា មានអ្នកទោសជាង៣០០នាក់ ត្រូវបង្ខំឱ្យលេងហ្គេមរយៈពេល១២ម៉ោង និងនៅពេលថ្ងៃត្រូវបំពេញការងារដោយវាយបំបែកថ្ម ឬធ្វើគ្រឿងបន្លាស់រថយន្ត ។ ក្រៅពីនេះប្រសិនបើអ្នកទោសណាម្នាក់លេងហ្គេមរកប្រាក់មិនបានល្អនឹងត្រូវទទួលទារុណកម្មដូចជាត្រូវគេវាយនឹងទុយោទឹកជាដើម ។
របាយការណ៍បញ្ជាក់ឱ្យដឹងថា ការលក់ពិន្ទុសន្សំពីហ្គេមអនឡៃក្នុងប្រទេសចិន ត្រូវបានរីករាលដាលនៅក្នុងប្រទេស ហើយអាជ្ញាធរគ្មានច្បាប់សម្រាប់គ្រប់គ្រង ឬហាមឃាត់ឡើយ ។ កាលពីពេលថ្មីៗកន្លងមក ធ្លាប់មានរឿងក្តីអ្នកលេងហ្គេមអនឡៃនៅតំបន់ស៊ីឈួនដែលលួចពិន្ទុគិតជាទឹកប្រាក់មានតម្លៃ ៣.០០០យន់ ៕
ចែករំលែកព័តមាននេះ