ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

Karim Benzema ប្តឹង​រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​បារាំង​ពី​បទ​បរិហារកេរ្តិ៍

8 ខែ មុន

បារាំង ៖ កីឡាករ​បាល់ទាត់​អន្តរជាតិ​បារាំង Karim Benzema កាលពី​ថ្ងៃ​ទី​១៦ ខែមករា ឆ្នាំ​២០២៤

បារាំង ៖ កីឡាករ​បាល់ទាត់​អន្តរជាតិ​បារាំង Karim Benzema កាលពី​ថ្ងៃ​ទី​១៦ ខែមករា ឆ្នាំ​២០២៤ បាន​ដាក់​ពាក្យបណ្តឹង​ប្រឆាំង​លោក Gerald Darmanin រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​បារាំង​ពី​បទ​បរិហារកេរ្តិ៍ ដែល​កាលពី​ឆ្នាំ​មុន លោក​បាន​ថ្លែង​ថា អតីត​ខ្សែប្រយុទ្ធ​ឆ្នើម​ក្រុម​ជម្រើសជាតិ​បារាំង និង​ក្រុម​ស្តេច​ស Real Madrid រូប​នេះ មាន​ទំនាក់ទំនង​ជិត​ស្និត​ជាមួយ​ក្រុម​ភាតរភាព​មូ​ស្លី​ម Muslim Brotherhood ។ នេះ​បើ​យោង​តាម​ប្រភព​ពីសារ​ព័ត៌មាន​បារាំង France24 ចេញផ្សាយ​កាលពី​ថ្ងៃ​ទី​១៧ ខែមករា ឆ្នាំ​២០២៤​។

លោក Gerald Darmanin បាន​រិះគន់ Karim Benzema បន្ទាប់​ពី​ខ្សែប្រយុទ្ធ​ក្រុម Al-Ittihad និង​ម្ចាស់​ពានរង្វាន់ Ballon d’Or ឆ្នាំ ២០២២ វ័យ​៣៦​ឆ្នាំ​រូប​នេះ បាន​បង្ហោះ​សា​រលើ​បណ្តាញ​សង្គម X កាលពី​ពាក់កណ្តាល​ខែតុលា​ឆ្នាំ​មុន ដើម្បី​គាំទ្រ​ប្រជាជន​តំបន់​ហ្គា​ហ្សា​ដោយ​បាន​អះអាង​ថា គឺជា​ជន​រង​គ្រោះ​នៃ​ការ​ទម្លាក់​គ្រាប់បែក​អយុត្តិធម៌ ដែល​ធ្វើ​ឡើង​ដោយ​អ៊ី​ស្រា​អែ​ល​ក្នុង​ការ​សងសឹក​ចំពោះ​ការ​វាយប្រហារ​បង្ហូរឈាម​របស់​ក្រុម​ហា​ម៉ាស កាលពី​ថ្ងៃ​ទី​៧ ខែតុលា ឆ្នាំ​២០២៣​។

លោក Darmanin បាន​ប្រតិកម្ម​នឹង​ការ​បង្ហោះ​របស់ Benzema ដោយ​ចោទប្រកាន់​ថា រូបគេ​មាន​ទំនាក់ទំនង​ជាមួយ​ក្រុម Muslim Brotherhood ដែល​ជា​ក្រុម​អ៊ិ​ស្លា​ម​និកាយ​ស៊ុន​នី​មាន​ដើម​កំណើត​នៅ​ក្នុង​ប្រទេស​អេ​ហ្ស៊ី​ប​។ នៅ​ក្នុង​ពាក្យបណ្តឹង​របស់ Benzema ដែល​ជា​អ្នក​កាន់សាសនា​អ៊ិ​ស្លា​ម​ម្នាក់ ដែល​ដាក់​ជូន​ដោយ​មេធាវី​លោក Hugues Vigier បាន​ចោទប្រកាន់​ថា ការ​កត់សម្គាល់​ទាំងនេះ​ធ្វើ​ឱ្យ​ប៉ះពាល់​កិត្តិយស និង​កេរ្តិ៍ឈ្មោះ​របស់​គេ ហើយ​បាន​អះអាង​ថា រូបគេ​មិន​ដែល​មាន​ទំនាក់ទំនង​សូ​ម្បី​តែ​បន្តិច​ជាមួយ​ក្រុម Muslim Brotherhood ហើយ​មិន​ដែល​ស្គាល់​នរណា​ម្នាក់​ដែល​ជា​សមាជិក​ក្រុម​នេះ​ផង​ដែរ​។ នេះ​បើ​តាម​របាយការណ៍​របស់​សារព័ត៌មាន AFP​។

Benzema បន្ថែម​ថា «​ខ្ញុំ​ដឹង​ពី​វិសាលភាព​នៃ​ភាព​ល្បីល្បាញ​ខ្ញុំ​ត្រូវ​បាន​គេ​ប្រើប្រាស់​ក្នុង​ល្បែង​នយោបាយ តាម​រយៈ​ព្រឹត្តិការណ៍​ដ៏​គួរ​ភ្ញាក់ផ្អើល​ចាប់ពី​ថ្ងៃ​៧ តុលា ហើយ​សម​នឹង​ទទួល​បាន​អ្វី​ដែល​ខុស​ពី​ការ​ថ្លែង​បែប​នេះ​»​។

ពាក្យបណ្តឹង​ត្រូវ​បាន​ដាក់​នៅ​តុលាការ​យុត្តិធម៌​បារាំង ដែល​ជា​តុលាការ​បារាំង​តែ​មួយ​គត់​ផ្តល់​សិទ្ធិ​អំណាច​ក្នុង​ការ​កាត់ទោស​សមាជិក​រដ្ឋាភិបាល ចំពោះ​បទល្មើស​ដែល​បាន​ប្រព្រឹត្ត​ក្នុង​ពេល​កំពុង​អនុវត្ត​ភារកិច្ច​របស់​ពួក​គេ​។

កាលពី​ខែតុលា​ឆ្នាំ​មុន លោក Darmanin ថ្លែង​ថា គាត់​គ្មាន​អ្វី​ប្រឆាំង​នឹង Benzema នោះ​ទេ ប៉ុន្តែ​វា​ជា​ការ​ភ្ញាក់ផ្អើល ដែល​កីឡាករ​បាល់ទាត់​មិន​បាន​បង្ហោះ​សារ​គាំទ្រ​ដល់​ជនជាតិ​អ៊ី​ស្រា​អែ​ល​ដែល​ត្រូវ​បាន​សម្លាប់​ក្នុង​ការ​វាយប្រហារ​របស់​ក្រុម​ហា​ម៉ាស ព្រមទាំង​ការ​ចាក់​សម្លាប់​គ្រូ​ជនជាតិ​បារាំង​ម្នាក់ ដោយ​អតីត​សិស្ស​ឥ​ស្លា​ម​ម្នាក់ កាល​ដើមខែ​តុលា​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ