ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អណ្ដាតភ្លើង​ឆាបឆេះ​រោងចក្រ​ឈើ​ដ៏ធំ​មួយ​កន្លែង​​នៅ​វៀតណាម យ៉ាង​សន្ធោសន្ធៅ

3 ខែ មុន

ឈើ​ប្រណីត​រាប់​ពាន់​ម៉ែត្រការ៉េ នៅ​ក្នុង​រោងចក្រ​ឈើ​មួយ​កន្លែង​របស់​ប្រទេស​វៀតណាម​ត្រូវ​អគ្គិភ័យ​ឆាបឆេះ​យ៉ាង​សន្ធោសន្ធៅ និង​បង្ក​ឱ្យ​មាន​ផ្សែង​ខ្មៅ​ហុយ​ឡើង​កម្ពស់​រាប់​សិប​ម៉ែត្រ​បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី

​ប្រទេស​វៀតណាម ៖ ឈើ​ប្រណីត​រាប់​ពាន់​ម៉ែត្រការ៉េ នៅ​ក្នុង​រោងចក្រ​ឈើ​មួយ​កន្លែង​របស់​ប្រទេស​វៀតណាម​ត្រូវ​អគ្គិភ័យ​ឆាបឆេះ​យ៉ាង​សន្ធោសន្ធៅ និង​បង្ក​ឱ្យ​មាន​ផ្សែង​ខ្មៅ​ហុយ​ឡើង​កម្ពស់​រាប់​សិប​ម៉ែត្រ​បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​ព្រឹក​ព្រលឹម​ទៀប​ភ្លឺ ថ្ងៃ​ទី​១៧ ខែមករា ​ឆ្នាំ​២០២៤​។

យោង​តាម​សារព័ត៌មាន​វៀតណាម «VN Express» បាន​ប្រាប់​ឱ្យ​ដឹង​ថា​ «​រោងចក្រ​នេះ គឺជា​កម្មសិទ្ធិ​របស់​ក្រុមហ៊ុន​ឈើ Lam Giang Industrial Wood មា​នទី​តាំងនៅ​តាម​បណ្តា​យ​ផ្លូវជាតិ​លេខ​១ ស្ថិត​ក្នុង​ឃុំ​ថា​ច់​ឡុ​ង ស្រុក​ថា​ច់​ហា​ខេត្ត Ha Tinh ដែល​ជា​ខេត្ត​ឆ្នេរសមុទ្រ​ភាគ​ខាងជើង​ប្រទេស​វៀតណាម​»​។​

​តាម​សាក្សី​នៅ​កន្លែង​កើតហេតុ បាន​ប្រាប់​ឱ្យ​ដឹង​ថា «​អគ្គិភ័យ​នេះ​ចាប់ផ្តើម​ដំបូង​ចេញពី​តំបន់​រោងចក្រ​ឈើ នៅ​ម៉ោង​ប្រហែល​១​ទៀប​ភ្លឺ ហើយ​រោងចក្រ​នេះ មាន​ស្តុក​បន្ទះ​ឈើ​រាប់​ម៉ឺន​សន្លឹក​នៅ​ខាងក្នុង​ និង​មាន​អណ្ដាតភ្លើង​ឆាបឆេះ​រាលដាល​យ៉ាង​លឿន​»​។

ប្រជាពលរដ្ឋម្នាក់រស់នៅក្បែរកន្លែងកើតហេតុ បាននិយាយដែរថា «មុនកើតហេតុ គាត់កំពុងតែដេកលង់លក់ ស្រាប់តែឮសំឡេងផ្ទុះ២គ្រា.ប់ ។ ដំបូងឡើយ គាត់គិតថា វាគឺជាគ្រោះថ្នាក់ចរាចរណ៍ធ្ងន់ធ្ងរតែប៉ុណ្ណោះ។ ប៉ុន្តែពេលគាត់ចេញពីផ្ទះ គាត់ក៏បានឮសំឡេងស្រែកថា ផ្សែងហុយៗ និងស៊ីរ៉ែនរថយន្តពន្លត់អគ្គិភ័យបន្លឺឡើងជាបន្តបន្ទាប់ ខណៈដែលឃើញកម្មករក្នុងរោងចក្រប្រញាប់ប្រញាល់ប្រមែប្រមូលគ្រឿងសង្ហារិម និងរបស់របរផ្សេងៗ រត់គេចចេញពីអគ្គិភ័យនោះ»។

ប្រភពដដែលបន្តថា ចំណែកកងកម្លាំងនៃនាយកដ្ឋាននគរបាលពន្លត់អគ្គិភ័យ និងសង្គ្រោះដែលប្រចាំនៅខេត្ត Ha Tinh ក៏បានបញ្ជូនរថយន្តពន្លត់អគ្គិភ័យជាច្រើនគ្រឿង និងកងកម្លាំងរាប់សិបនាក់ទៅដល់កន្លែងកើតហេតុ ដើម្បីបាញ់ទឹកពន្លត់ភ្លើង។ លុះរហូតឈានមកដល់ម៉ោង៧ព្រឹកអណ្ដាតភ្លើងក៏បានរលត់ទៅវិញ ប៉ុន្តែមិនទាន់រលត់ទាំងស្រុងនោះទេ ព្រោះផ្នែកដំបូលរោងចក្រនៅតែមានភ្លើងឆាបឆេះយ៉ាងសន្ធោសន្ធៅនៅឡើយ។ ចំណែករថយន្តពន្លត់អគ្គិភ័យក៏បន្តប្រយុទ្ធប្រឆាំងជាមួយនឹងអណ្តាតភ្លើងដោយការបូមទឹកចេញពីបឹងជុំវិញយកមកពន្លត់ភ្លើងបន្តទៀត»។

តាមរបាយការណ៍បឋម បានបង្ហាញឱ្យដឹងថា អគ្គិភ័យខាងលើនេះមិនបណ្តាលឱ្យមនុស្សណាម្នាក់បាត់បង់អាយុជីវិតនោះទេ ប៉ុន្តែឈើប្រណីតរាប់តោនត្រូវបានបំផ្លាញទាំងស្រុងដែលគិតជាទឹកប្រាក់អស់ជាច្រើនពាន់លានដុង»។

យ៉ាងណា​ក៏​ដោយ គេ​នៅ​មិន​ទាន់​បញ្ជាក់​អំពី​មូលហេតុ​នៅ​ពីក្រោយ​ ដែល​បណ្តាល​ឱ្យ​កើត​មាន​គ្រោះ​អគ្គិភ័យ​នៅ​ក្នុង​រោងចក្រ​ឈើ​នេះ​នៅឡើយ​ទេ ស្រប​ពេល​ដែល​ប៉ូលិស​ខេត្ត Ha Tinh កំពុង​តែ​ចុះ​ពិនិត្យ​កន្លែង​កើតហេតុ​ដើម្បី​បើក​ការ​ស៊ើបអង្កេត​រក​មូលហេតុ​។

គួរ​កត់​សម្គាល់ថា នា​ដើមឆ្នាំ​២០២៤​នេះ ប្រទេស​វៀតណាម តែងតែ​កើត​មាន​គ្រោះ​អគ្គិភ័យ​ជា​ញឹកញាប់​តែ​ភាគច្រើន​លើ​សំណង់​លំនៅ​ដ្ឋា​ន ដោយ​បាន​សម្លាប់​មនុស្ស​អស់​ជា​ច្រើន​នាក់​ប៉ុន្តែ​សម្រាប់​អគ្គិភ័យ​ឆាបឆេះ​រោងចក្រ​ស្រ​ដៀង​គ្នា​នឹង​ករណី​ខាងលើ​នេះ​វិញ គេ​នៅ​ចាំ​បាន​ថា ​កាលពី​ខែវិច្ឆិកា ឆ្នាំ​២០២៣ អគ្គិភ័យ​បាន​ឆាបឆេះ​រោងចក្រ​ផលិត​គ្រឿង​សង្ហា​រឹម និង​បំផ្លិចបំផ្លាញ​ឈើ​រាប់​ពាន់​ម៉ែត្រការ៉េ​ស្ថិត​ក្នុង​ក្រុង​Tan Uyen ហើយ​កាលពី​ខែសីហា ឆ្នាំ​២០២៣​នេះ​ដែរ អគ្គិភ័យ​ក៏​បាន​ឆេះ​រោងចក្រ​ជា​ច្រើន​ដែល​នៅ​ជាប់​ៗ​គ្នា​ក្នុង​ពេល​តែ​មួយ​ស្ថិត​ក្នុង​ទីក្រុង Thuận An ខេត្ត Binh Dương៕

អត្ថបទដោយ ៖ អោម ចែតច័ន្ទណារ៉ា

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ