ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទស្សន​​កិច្ច​​លើក​​ទី​៥​​អ្នក​រាយ​ការណ៍​​ពិសេស​​​អង្គ​ការ​​សហ​​ប្រជាជាតិ​​​មក​កាន់​​កម្ពុជា

12 ឆ្នាំ មុន

ហ្ស៊ឺណែវ ៖ អ្នករាយ​ការណ៍​ពិសេស​អង្គ​​ការ​សហ​ប្រជា​​ជាតិ​ស្តី​​ពី​ស្ថាន​​ភាព​សិទ្ធិ​​មនុស្ស​នៅ​កម្ពុជា​លោក​សាស្ត្រា​ចារ្យ ស៊ូយ៉ា ​ប្រាសាទ ​ស៊ូប៊ែឌី នឹង​បំពេញ​ទស្សន​កិច្ច​ផ្លូវ​ការ​លើក​ទី​៥ ​មក​កាន់​កម្ពុជា​ចាប់​ពីថ្ងៃ​ទី​៣០ ឧសភា ដល់​ថ្ងៃ​ទី​៣ មិថុនា ឆ្នាំ​២០១១

ហ្ស៊ឺណែវ ៖ អ្នករាយ​ការណ៍​ពិសេស​អង្គ​​ការ​សហ​ប្រជា​​ជាតិ​ស្តី​​ពី​ស្ថាន​​ភាព​សិទ្ធិ​​មនុស្ស​នៅ​កម្ពុជា​លោក​សាស្ត្រា​ចារ្យ ស៊ូយ៉ា ​ប្រាសាទ ​ស៊ូប៊ែឌី នឹង​បំពេញ​ទស្សន​កិច្ច​ផ្លូវ​ការ​លើក​ទី​៥ ​មក​កាន់​កម្ពុជា​ចាប់​ពីថ្ងៃ​ទី​៣០ ឧសភា ដល់​ថ្ងៃ​ទី​៣ មិថុនា ឆ្នាំ​២០១១ ។

​លោក​ស៊ូប៊ែឌី ​បាន​មាន​ប្រសាសន៍ថា៖ «ខ្ញុំ​នឹង​ជួប​ជា​មួយ​គូ​សន្ទនា​​មួយ​ចំនួន​ធំ ដើម្បី​បន្ត​ការ​សិក្សា​របស់​ខ្ញុំ​​លើ​ការ​ងារ​របស់​សភា​ជាតិ និងព្រឹទ្ធ​សភា ដើម្បី​ស្វែង​រក​មធ្យោ​បាយ​​ពង្រឹង​តួនាទី ក្នុង​ការ​​លើក​ស្ទួយ​ និង​ការ​ពារ​​សិទ្ធិ​មនុស្ស​របស់​ពួក​គេ ក៏​ដូច​ជា​​ការ​រីក​ចម្រើន​​​នៃវិស័យ​​សិទ្ធិមនុស្ស​នា​ពេល​បច្ចុ​ប្បន្ន» ។ «ទស្សន​​កិច្ច​លើក​​នេះ នឹង​​ជា​ការ​បន្ត​នៃ​បេសក​កម្ម​លើក​មុន​របស់​ខ្ញុំ ​ដែល​បាន​​ប្រព្រឹត្ត​​ទៅ​ពី​ថ្ងៃ​ទី​១៥ ដល់​ថ្ងៃ​ទី​២៤ កុម្ភៈ ឆ្នាំ​២០១១» ។

​នៅ​អំឡុង​​ទស្សន​កិច្ច​រយៈ​ពេល​៥ថ្ងៃ​របស់​លោក អ្នក​ជំនាញ​​ការ​ឯក​រាជ្យដែល​ត្រូវ​បាន​តែង​តាំងដោយ​​ក្រុម​ប្រឹក្សា​​សិទ្ធិ​មនុស្ស ដើម្បី​ធ្វើ​ការ​វាយ​តម្លៃ​ និង​រាយ​ការណ៍​​អំពី​​ស្ថាន​ភាព​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា នឹង​បន្ត​ធ្វើ​ការ​​ជា​មួយ​រដ្ឋា​ភិបាល​ និង​អ្នក​ពាក់​ព័ន្ធ​នានា​លើ​បញ្ហា​សិទ្ធិ​មនុស្ស​នានា​នៅ​ពេល​បច្ចុ​ប្បន្ន​​​ រួម​បញ្ចូល​ទាំង​សេរី​ភាព​ខាង​ការ​បញ្ចេញ​មតិ​​ និងជួប​ប្រជុំ​​សេចក្តី​ព្រាង​ច្បាប់​​ស្តីពី​អង្គ​ការ​មិនមែន​រដ្ឋា​ភិបាល​ សិទ្ធិ​មនុស្ស ​និង​ទំនាស់​ដីធ្លី ។

​លោក​ស៊ូប៊ែឌី នឹង​បន្ត​តាម​ដាន​លើ​សេច​ក្តី​​សង្កេត​នានា ​ដែល​លោក​បាន​ផ្តល់​ដល់​​រដ្ឋា​ភិបាល​​នៅអំឡុង​ពេល​​នៃ​ដំណើរការ​ពិនិត្យ​ឡើង​វិញ​ជា​សាកល​តាម​កាល​​កំណត់​​របស់​ក្រុម​ប្រឹក្សា​​សិទ្ធិ​មនុស្ស និង​លើ​ការ​អនុ​វត្តន៍​នៃអនុ​សាសន៍​នានា​ដែល​លោក​បាន​ផ្តល់​​កាល​ពី​​ឆ្នាំ​២០១០ ស្តី​ពី​ការ​ប្រព្រឹត្ត​​ទៅ​នៃ​ប្រព័ន្ធតុលា​ការ ។ ​អំឡុង​ពេល​ស្ថិត​នៅ​ប្រទេស​កម្ពុជា លោក​ស៊ូប៊ែឌី ​នឹង​ជួប​ជា​មួយ​​អាជ្ញា​ធរ​​រដ្ឋា​ភិបាល​ សមា​ជិក​សភា​ ក្រុម​សង្គម​ស៊ី​វិល​ តំណាង​នានា​នៃ​ទីភ្នាក់​ងារ​​អង្គ​ការ​​សហ​ប្រជាជាតិ​ ម្ចាស់​ជំនួយ និង​ក្រុម​អ្នក​​​ការ​ទូត​នានា ។

អ្នក​រាយ​ការណ៍​ពិសេស​ធ្វើ​ការ​ជា​មួយ​​រដ្ឋា​ភិបាល​​ សង្គម​ស៊ីវិល និង​អ្នក​ពាក់​ព័ន្ធ​​ផ្សេងៗ ដើម្បី​​ជំរុញ​​ដល់​កិច្ច​សហ​ប្រតិ​បត្តិ​ការ​អន្តរ​ជាតិ​នៅ​ក្នុង​វិស័យ​សិទ្ធិ​មនុស្ស ។ ​លោក​បំពេញ​​ទស្សន​កិច្ច ឬ​បេសក​កម្ម​ជា​ទៀង​ទាត់​​មក​កាន់​កម្ពុជា ​និង​រាយ​ការណ៍​ប្រចាំ​ឆ្នាំ​ដល់​ក្រុម​ប្រឹក្សា​​សិទ្ធិ​មនុស្ស ។ ​ការិយា​ល័យ OHCHR ផ្តល់​ជំនួយ​ខាង​បរិ​ក្ខារ និង​បច្ចេក​ទេស​​ដល់​លោក ។ ​សេច​ក្តី​សង្កេត​ពី​បេសក​កម្ម​នេះ នឹង​ត្រូវ​បញ្ចូល​​ក្នុង​របាយ​ការណ៍​បន្ទាប់​របស់​​អ្នក​រាយ​ការណ៍​ពិសេស​​ ដើម្បី​ដាក់​ជូន​ក្រុម​ប្រឹក្សា​​សិទ្ធិ​មនុស្ស​នៅ​ចុង​ឆ្នាំ​នេះ ៕