ខេត្តកណ្តាល ៖ មន្ត្រីប៉ូលិសអន្តោប្រវេសន៍ប្រចាំនៅជ្រៃធំមួយរូប បានអណ្តែតទៅតាមត្រកៀតក្នុងទន្លេបាសាក់អស់រយៈពេលជាង៣ម៉ោង ខណៈគាត់ចុះទៅងូតទឹកហើយរអិលជើងទៅឆ្ងាយពីច្រាំង ។ ដោយសារតែបាត់គាត់ ហើយបន្សល់ទុកតែស្បែកជើងនៅលើច្រាំង ធ្វើឱ្យក្រុមគ្រួសារនឹកស្មានថាគាត់លង់ទឹកស្លាប់ ក៏ផ្អើលឆោឡោហៅអ្នកភូមិជួយចុះរាវរក និងជួលខ្មែរអ៊ិស្លាមអូសអួនរកថែមទៀត។ អស់រយៈពេលជាង៣ម៉ោងក្រោយមក ទើបដឹងថា គាត់បានតោងត្រកៀតអណ្តែតតាមទឹកហូរ ហើយត្រូវបានគេជួយស្រង់រួចផុតពីគ្រោះអកុសលនេះ ប៉ុន្តែគាត់មានសភាពចុះខ្សោយកម្លាំងយ៉ាងខ្លាំង ដោយសារតែភាពត្រជាក់ខ្លាំងនៅក្នុងទឹក ។
ហេតុការណ៍ធ្វើឱ្យមានការភ្ញាក់ផ្អើលនេះ បានកើតឡើងកាលពីវេលាម៉ោង១០ព្រឹក ថ្ងៃទី២៦ ឧសភា នៅភូមិស្វាយជួរ ឃុំកោះខែល ស្រុកស្អាង ។ ចំណែកមន្ត្រីប៉ូលិសដែលជួបហេតុការណ៍ខាងលើ ឈ្មោះប៊ុន ធី ភេទប្រុស អាយុ៤៥ឆ្នាំ បម្រើការងារនៅជ្រៃធំ ស្រុកកោះធំ ។ ប្រពន្ធរបស់គាត់ឈ្មោះចេង ស្រីមុំ បានរៀបរាប់ឱ្យដឹងថា នៅវេលាម៉ោង១០ព្រឹក ថ្ងៃទី២៦ ឧសភា បន្ទាប់ពីហូបបាយហើយប្តីគាត់បានដើរទៅកំពង់ទឹកដោយថា ទៅងូតទឹកទន្លេ។ ដោយបាត់ប្តីយូរពេក គាត់បានទៅមើលនៅច្រាំងទន្លេឃើញតែស្បែកជើងនៅមាត់ច្រាំងមិនឃើញប្តីក៏ឱ្យកូនៗតាមរកនៅតាមផ្ទះអ្នកភូមិ តែរកមិនឃើញក៏គិតថា ប្តីគាត់ប្រាកដជាលង់ទឹកទន្លេ ។
ស្ត្រីជាប្រពន្ធរៀបរាប់បន្តថា ភ្លាមៗនោះគាត់បានហៅអ្នកភូមិឱ្យជួយរាវរកនៅក្នុងទឹក និងបានជួលចាមឱ្យជួយអូសអួនរក តែរកមិនឃើញអស់រយៈពេលជាង៣ម៉ោង រហូតដល់ម៉ោង១រសៀលថ្ងៃដដែលធ្វើឱ្យគាត់អស់សង្ឃឹមយ៉ាងខ្លាំង ។ ដោយរកប្តីមិនឃើញគាត់ក៏បានចាត់ចែងឱ្យសាច់ញាតិទៅតាមអាចារ្យមកដើម្បីរៀបចំធ្វើបុណ្យសពឱ្យប្តី ស្រាប់តែមានគេមកប្រាប់ថា ប្តីរបស់គាត់អណ្តែតតាមត្រកៀតហូរតាមទឹក ហើយត្រូវបានគេជួយសង្គ្រោះរួចផុតពីគ្រោះថ្នាក់ គឺអណ្តែតទៅចម្ងាយជាង១ពាន់ម៉ែត្រ ពីកន្លែងគាត់ចុះងូតទឹកទៅដល់ភូមិឫស្សីស្រុក ឃុំខ្ពប នៅក្បែរច្រាំងត្រើយខាងកើត ។
ចំណែកលោកប៊ុន ធី ក្រោយពីជួយសង្គ្រោះគឺមានអាការខ្សោយកម្លាំងខ្លាំង និងនិយាយស្តីហាក់ដូចភ្លេចភ្លាំងលែងសូវចាំហេតុការណ៍ ម្តងប្រាប់គេថា គាត់ហាក់ដូចជាមានអ្វីនាំគាត់ឱ្យទៅតាមត្រកៀត ម្តងប្រាប់ថា គាត់រអិលជើងទៅឆ្ងាយពីច្រាំងក៏លែងដឹងខ្លួន ហើយពេលដឹងខ្លួនឡើងវិញ ស្រវាអោបត្រកៀតជាប់អណ្តែតតាមទឹកហូរ។ ពេលអណ្តែតទៅដល់កំពង់ចម្លងចុងកោះ គាត់ខំប្រឹងស្រែកហៅឱ្យគេជួយ ប៉ុន្តែមិនមានអ្នកណាឮទេ ព្រោះអណ្តែតចំពាក់កណ្តាលទន្លេ ម្យា៉ងទៀតគាត់អស់កម្លាំងស្រែកមិនសូវឮ ហើយត្រកៀតក្នុងទន្លេច្រើនទៀត ។ ពេលនោះគាត់ខំប្រឹងតោងត្រកៀតហើយទឹកហូរនាំគាត់ទៅក្រោមទៀត ទៅដល់ក្បែរច្រាំងត្រើយខាងកើតឃើញក្មេងៗកំពុងងូតទឹកក៏ខំស្រែកហៅឱ្យជួយ ហើយក្មេងៗនោះបានអុំទូកមកស្រង់គាត់ដាក់លើទូកទើបរួចផុតពីសេចក្តីស្លាប់ ។ បន្ទាប់មកអ្នកភូមិសួរនាំទើបដឹងថា អណ្តែតពីភូមិស្វាយជួរ ឃុំកោះខែលត្រើយខាងលិចមកត្រើយខាងកើតក៏ជួយឆ្អើរភ្លើង និងប្រាប់ក្រុមគ្រួសារឱ្យមកទទួលយក ។
ភរិយាលោកប៊ុន ធី និយាយថា នៅវេលាម៉ោងប្រហែល១រសៀល ខណៈគាត់កំពុងតាមអាចារ្យ ដើម្បីធ្វើបុណ្យសព ស្រាប់តែមានគេមកប្រាប់ថា ប្តីគាត់អណ្តែតតាមត្រកៀតហើយត្រូវគេជួយស្រង់រួចផុតពីសេចក្តីស្លាប់ ធ្វើឱ្យគាត់ត្រេកអរខ្លាំងណាស់ដូចប្តីគាត់ស្លាប់ហើយរស់ឡើងវិញអ៊ីចឹង៕
ចែករំលែកព័តមាននេះ