រាជធានីភ្នំពេញ ៖ អ្នកនាំពាក្យក្រសួងការពារជាតិ សូមធ្វើការបដិសេធ និងច្រានចោលទាំងស្រុងនូវព័ត៌មានប្រឌិតរបស់រដ្ឋមន្ត្រីការពារជាតិថៃ ប្រាវិត វង្សសុវណ្ណ ដែលបានផ្សព្វផ្សាយតាមរយៈប្រព័ន្ធព័ត៌មានថៃ ចុះថ្ងៃទី២៦ ឧសភា ២០១១ ក្រោមចំណងជើងថា ៖ កម្ពុជាយល់ព្រមធ្វើជាម្ចាស់ផ្ទះក្នុងការប្រជុំគណៈកម្មាធិការព្រំដែនទូទៅ (GBC) ។ ព័ត៌មានប្រឌិតនេះគឺប្រាសចាកពីស្មារតីនៃជំហរកិច្ចព្រមព្រៀងដំណោះស្រាយជាកញ្ចប់ដែលជាលទ្ធផលនៃកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសទាំងបី កម្ពុជា ឥណ្ឌូណេស៊ី ថៃ ដែលបានធ្វើ និងព្រមព្រៀងនៅថ្ងៃទី៩ ឧសភា ២០១១ នៅទីក្រុងហ្សាការតា ប្រទេសឥណ្ឌូណេស៊ី ។
កិច្ចព្រមព្រៀងជាកញ្ចប់នេះ ក៏បានចង្អុលបង្ហាញរួចស្រេចហើយនូវនីតិវិធីដោះស្រាយ ហើយអ្វីដែលជាការចាប់ផ្តើមអនុវត្តមុនគេនោះគឺ ត្រូវចាប់ផ្តើមពីការចុះហត្ថលេខារបស់ភាគីថៃ ទទួលយល់ព្រម ស្តីពីកិច្ចពិភាក្សាដំណោះស្រាយជាកញ្ចប់ដែលជាជំហានទីមួយ និងចាំបាច់បំផុត ហើយខានមិនបាន មុននឹងបន្តអនុវត្តនូវរាល់សកម្មភាពដទៃទៀត ដូចដែលបានចែងនៅក្នុងកញ្ចប់ដោះស្រាយនោះស្រាប់ ។ ដូច្នេះការធ្វើអ្វីផ្សេងពីនេះ និងផ្ទុយពីដំណោះស្រាយជាកញ្ចប់នេះ ក្រសួងការពារជាតិនៃព្រះរាជាណាចក្រកម្ពុជា បដិសេធដាច់ខាត និងមិនអាចទទួលយកបាន ៕
ចែករំលែកព័តមាននេះ