ខេត្តបន្ទាយមានជ័យ ៖ ភ្ញៀវទេសចរជនជាតិឥណ្ឌាចំនួន១៣២នាក់ បានចេញពីប្រទេសថៃ ចូលមកកម្សាន្តនៅប្រទេសកម្ពុជា តាមច្រកទ្វារអន្តរជាតិប៉ោយប៉ែត កាលពីថ្ងៃទី០៦ ខែមករា ឆ្នាំ២០២៤ ស្ថិតនៅក្នុងក្រុងប៉ោយប៉ែត។

លោកឧត្តមសេនីយ៍ត្រី អ៊ី ចំរើន នាយប៉ុស្តិ៍នគរបាលអន្តោប្រវេសន៍ច្រកទ្វារអន្តរជាតិប៉ោយប៉ែត បានប្រាប់ឱ្យដឹងថា មានភ្ញៀវទេសចរជនជាតិឥណ្ឌាចំនួន១៣២នាក់ ក្នុងនោះស្រី២៧នាក់ បានចេញពីប្រទេសថៃ តាមច្រកខ្លងលឹក ចូលមកកម្ពុជា តាមច្រកអន្តរជាតិប៉ោយប៉ែត ដើម្បីធ្វើដំណើរកម្សាន្តនៅក្នុងប្រទេសកម្ពុជា តាមតំបន់ប្រាសាទអង្គវត្ត ខេត្តសៀមរាប និងបន្តដំណើរកម្សាន្តនៅតាមតំបន់រម្មណីយដ្ឋាននានានៅក្នុងប្រទេសកម្ពុជាផងដែរ។

លោកបានបញ្ជាក់ថា ជនជាតិឥណ្ឌា ដែលចូលច្រកតាមច្រកទ្វារអន្តរជាតិប៉ោយប៉ែត នៅថ្ងៃទី០៦ ខែមករា ឆ្នាំ២០២៤នេះ អាចភ្ញៀវទេសចរឥណ្ឌាត្រឡប់ទៅវិញតាមច្រកអន្តរជាតិភ្នំពេញ នៅថ្ងៃទី០៩ ខែមករា ឆ្នាំ២០២៤ខាងមុខនេះ នៅពេលភ្ញៀវទេសចរជនជាតិឥណ្ឌា បានធ្វើដំណើរកម្សាន្តក្នុងកម្ពុជាត្រូវបានបញ្ចប់ និងថ្ងៃកំណត់ ខណៈពេលដែលប្រទេសកម្ពុជា មានសុខសន្តិភាព និងការអភិវឌ្ឍន៍មានការរីកចម្រើន។

លោកឧត្តមសេនីយ៍ត្រី អ៊ី ចំរើន បានបញ្ជាក់ថា នៅថ្ងៃទី០៦ ខែមករា ឆ្នាំ២០២៤នេះ គឺមានភ្ញៀវទេសចរធ្វើដំណើរចូលមកកម្ពុជា តាមច្រកទ្វារអន្តរជាតិប៉ោយប៉ែត មានចំនួន១៩,៧០៨នាក់ ក្នុងនោះស្រី៩,៨០៥នាក់ និងភ្ញៀវទេសចរដែលធ្វើដំណើរចេញពីកម្ពុជាទៅថៃវិញ គឺមានចំនួន១៩,៤៤៨នាក់ ក្នុងនោះស្រី៩,៦២៦នាក់ ព្រមទាំងភ្ញៀវទេសចរចេញពីកាស៊ីណូ គឺមានចំនួន៥,៤៩៧នាក់៕


ចែករំលែកព័តមាននេះ