ខេត្តកំពង់ឆ្នាំង ៖ លោកបណ្ឌិតទូច ម៉ារីម ទីប្រឹក្សាផ្ទាល់សម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងជាអភិបាលខេត្ត កាលពីថ្ងៃទី២៥ ឧសភា បានអញ្ជើញជាអធិបតីភាពក្នុងពិធីដាំកូនឈើព្រៃលិចទឹក និងលែងមេពូជត្រីនៅភូមិសាស្ត្រឡូត៍នេសាទលេខ១០ ត្រង់ចំណុចសណ្តាន់ធំ ឃុំពាមឆ្កោក ស្រុកជលគិរី ។ អមដំណើរលោកអភិបាលខេត្តមានលោកហុង ហ៊ី នាយអធិការដ្ឋានរដ្ឋបាលជលផលខាងត្បូងបឹងទន្លេសាប លោកកែវ ថាយ នាយខណ្ឌរដ្ឋបាលជលផលកំពង់ឆ្នាំង មន្ត្រីជលផល មន្ត្រីរាជការ និងប្រជាពលរដ្ឋចូលរួមប្រមាណ៣៥០នាក់ ។
បន្ទាប់ពីលោកអភិបាលស្រុកជលគិរី រាយការណ៍ពីសភាពការណ៍និងភូមិសាស្ត្រស្រុកជលគិរីរួចមក លោកកែវ ថាយ នាយខណ្ឌរដ្ឋបាលជលផលបានអានរបាយការណ៍សង្ខេបថា ថ្ងៃនេះយើងដាំដើមឈើកូនឈើព្រៃលិចទឹកមានទំហំ២ហិកតា ក្នុងដែនឡូត៍នេសាទលេខ១០ និងលែងមេពូជត្រីចំនួន២.២៥០គីឡូក្រាម ។ ក្នុងនោះមានមេពូជត្រីរ៉ស់២០០គីឡូក្រាម ត្រីក្រាយ២០០គីឡូក្រាម ត្រីប្រានិងត្រីពោ២០០គីឡូក្រាម ត្រីឆ្ពិននិងព្រលូង២០០គីឡក្រាម ត្រីឆ្លាំង២០០គីឡូក្រាម និងត្រីចម្រុះ១.២០០គីឡូក្រាម ក្នុងនោះក៏មានលែងមេត្រីគល់រាំងចំនួន២ក្បាលដែលជាត្រីកម្រ ដែល១ក្បាលមានទម្ងន់១០គីឡូក្រាមផងដែរ ។ លោកបានបញ្ជាក់ថា កម្មវិធីនេះរៀបចំដោយខណ្ឌរដ្ឋបាលជលផល និងឧបត្ថម្ភថវិកា និងមេពូជត្រីដោយអ្នកទទួលសិទ្ធិកាន់កាប់ឡូត៍នេសាទលេខ១០ ។ ការដាំព្រៃលិចទឹកឡើងវិញនេះ គឺជាការបង្កើនទីជម្រកដ៏ចាំបាច់ដល់ការរស់នៅ និងបង្កើតកូនចៅពពួកមច្ឆជាតិ ដើម្បីធានានិរន្តរភាពយូរអង្វែងទៅ អនាគតនៃធនធានជលផល ។ ចំណែកការលែងត្រីគឺជាការបង្កើនបរិមាណមេពូជក្នុងធម្មជាតិ និងផលនេសាទ ។
លោកហុង ហ៊ី នាយអធិការដ្ឋានរដ្ឋបាលជលផលខាងត្បូងបឹងទន្លេសាប បានលើកឡើងថា តំបន់ព្រៃលិចទឹកក្នុងដែនឡូត៍នេសាទលេខ១០នេះគឺធំធេងណាស់ ការដាំព្រៃលិចទឹកត្រឹមតែ២ហិកតាវាមិនគ្រប់គ្រាន់ទេ ប៉ុន្តែអ្វីជាការសំខាន់នោះគឺជាការពញ្ញាក់អារម្មណ៍ដល់បងប្អូនប្រជាពលរដ្ឋយើងឱ្យលោកបានដឹងពីសារសំខាន់នៃព្រៃលិចទឹក ដែលបានផ្តល់នូវជម្រកពងកូន និងបើយើងគ្មានព្រៃលិចទឹកទេ ការបង្កបង្កើនផលរបស់យើងដូចជាស្រែចម្ការជាដើម គឺធ្វើឱ្យដីគ្មានជីជាតិដែរ ។ តាមការស្រាវជ្រាវបានបញ្ជាក់ថា បើក្នុងមួយឆ្នាំបាត់បង់ព្រៃលិចទឹក១០%នោះ បរិមាណផលត្រីក៏នឹងថយចុះ១០%តាមនោះដែរ ។ យើងលែងមេពូជត្រីថ្ងៃនេះ គឺជាការបង្កើនបរិមាណផលត្រីឆ្នាំក្រោយ ។
លោកបណ្ឌិតទូច ម៉ារីម អភិបាលខេត្តកំពង់ឆ្នាំង មានប្រសាសន៍ទៅកាន់ប្រជាពលរដ្ឋ និងសិស្សានុសិស្សថា លោកសូមពាំនាំនូវការសួរសុខទុក្ខ និងជូនពរបងប្អូនប្រជាពលរដ្ឋនៅទីនេះក៏ដូចជាទូទាំងខេត្ត ពីសម្តេចទាំង៣ផងដែរ។ លោកសូមចូលរួមអបអរនូវផលនេសាទឆ្នាំនេះក្នុងខេត្ត ដែលបានកើនឡើងចំនួន៥៦.២៥០តោន លើសឆ្នាំចាស់៣០% ។ លោកបានកត់់សម្គាល់ថា ចាប់តាំងពីលោកមកនៅខេត្តកំពង់ឆ្នាំងនេះរយៈពេលជាង១០ឆ្នាំហើយ មិនដែលឃើញផលនេសាទកើនឡើងដូចឆ្នាំនេះទេ ហើយចំណែកបង្កង យើងក៏ចាប់បានចំនួន២តោនផងដែរ បន្ទាប់ពីយើងបានលែងកូនបង្កងកាលពីឆ្នាំកន្លងទៅចំនួន១២ម៉ឺនក្បាល ។ នៅឆ្នាំនេះតាមការគ្រោងទុក លោកបណ្ឌិតច័ន្ទ សារុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នឹងលែងកូនបង្កងចំនួន១លានក្បាល ព្រោះបើពិនិត្យឆ្នាំចាស់លែង១២ម៉ឺនក្បាល យើងចាប់បានដល់ទៅ២តោន ហើយឆ្នាំនេះយើងនឹងលែង១លានក្បាល តើឆ្នាំក្រោយយើងនឹងចាប់បានប៉ុន្មាន ។ ជាការល្អណាស់ដែលគ្រប់បណ្តាឡូត៍នេសាទទាំង១២ ក្នុងខេត្ត មានកន្លែងអភិរក្សមេពូជត្រី មានស្ថានីយភ្ញាស់កូនត្រីជាដើម ។ល។ ដែលទាំងនេះធ្វើឱ្យផលត្រីយើងកាន់តែកើនឡើងជាលំដាប់ ដូចពាក្យស្លោកថា «ត្រីដើម្បីយើងទាំងអស់គ្នា ទាំងអស់គ្នាដើម្បីត្រី» ។
ប្រទេសយើងបានអភិវឌ្ឍរីកចម្រើនលើគ្រប់វិស័យដើម្បីកាត់បន្ថយភាពក្រីក្រ ចំណែកត្រីក៏ជាស្បៀងយ៉ាងសំខាន់ណាស់ ហេតុដូចនេះសូមបងប្អូនកុំកាប់ព្រៃលិចទឹក កុំនេសាទខុសច្បាប់ កុំប្រើឧបករណ៍ឆក់ និងចុងក្រោយសូមបងប្អូនចូលរួមអនុវត្តទាំងអស់គ្នា នូវគោលនយោបាយភូមិ-ឃុំមានសុវត្ថិភាព ។ ក្នុងឱកាសនោះ លោកបណ្ឌិតក៏បានចែកអំណោយដល់ប្រជាពលរដ្ឋម្នាក់ៗក្រមា១ ប្រាក់៥ពាន់រៀល និងសិស្សានុសិស្សម្នាក់ៗ សៀវភៅ១ក្បាល ប៊ិច១ដើម និងប្រាក់២.០០០ រៀល ៕
ចែករំលែកព័តមាននេះ