ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ការ​បោះ​ឆ្នោត​ជ្រើសតាំង​សមាជិក​ព្រឹទ្ធសភា នីតិកាល​ទី​៥ ឆ្នាំ​២០២៤ មាន​អង្គ​បោះ​ឆ្នោត​ចំនួន ១១,៧៤៧នាក់

3 ខែ មុន

រាជធានី​ភ្នំពេញ ​៖ ​សម្រាប់​ការ​បោះ​ឆ្នោត​ ជ្រើសតាំង​សមាជិក​ព្រឹទ្ធសភា នីតិកាល​ទី​៥ ឆ្នាំ​២០២៤ ដែល​នឹង​ប្រព្រឹត្តិ​ទៅ​នៅ​ថ្ងៃ​ទី​២៥​ ខែកុម្ភៈ​ ឆ្នាំ​២០២៤ ខាងមុខនេះ…

រាជធានី​ភ្នំពេញ ​៖ ​សម្រាប់​ការ​បោះ​ឆ្នោត​ ជ្រើសតាំង​សមាជិក​ព្រឹទ្ធសភា នីតិកាល​ទី​៥ ឆ្នាំ​២០២៤ ដែល​នឹង​ប្រព្រឹត្តិ​ទៅ​នៅ​ថ្ងៃ​ទី​២៥​ ខែកុម្ភៈ​ ឆ្នាំ​២០២៤ ខាងមុខនេះ ​មាន​អង្គ​បោះ​ឆ្នោត ​ចំនួន ១១,៧៤៧នាក់ ​។

ឯកឧត្ដម ហេង ស៊ី​ឡេ​ង សមាជិក​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត ​(​គ​.​ជ​.​ប​) បានឱ្យ​ដឹង​ថា កាលពី​ថ្ងៃ​ទី​០៤ ខែមករា ឆ្នាំ​២០២៤ គ​.​ជ​.​ប បាន​សម្រេច​លើ​បញ្ជី​បោះ​ឆ្នោត​ដំបូង ដែល​មានការិយាល័យ​បោះ​ឆ្នោត​ចំនួន ៣៣ការិយាល័យ និង​មាន​អង្គ​បោះ​ឆ្នោត សរុប​ចំនួន ១១,៧៤៧ នាក់ ក្នុង​នោះ​រួម​មានតំណាងរាស្ត្រ​ក្នុង​តំណែង​មាន​ចំនួន ១២៥ នាក់​ស្ត្រី ១៧នាក់ ក្រុមប្រឹក្សា​ឃុំ សង្កាត់​ទាំងអស់​ ក្នុង​តំណែង​មាន​ចំនួន ១១,៦២២នាក់ ស្ត្រី ២,៥៦៨នាក់ ​។

ក្នុង​កិច្ចប្រជុំ​ជាមួយ​ភាគី​ពាក់ព័ន្ធ​ នា​ព្រឹក​ថ្ងៃ​ទី០៥ ខែមករា ឆ្នាំ​២០២៤ នៅ​ទីស្ដីការ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត ឯកឧត្ដម ហេង ស៊ី​ឡេ​ង បាន​ថ្លែង​ថា តាម​ប្រតិទិន​សម្រាប់​ការ​បោះ​ឆ្នោត​ជ្រើសតាំង​សមាជិក​ព្រឹទ្ធសភា នីតិកាល​ទី​៥ ឆ្នាំ២០២៤ គ​.​ជ​.​ប ត្រូវ​ធ្វើការ​បិទ​ផ្សាយ​ បញ្ជី​បោះ​ឆ្នោត​ដំបូង​ នៅ​ថ្ងៃ​ទី​០៥ ខែមករា ឆ្នាំ២០២៤ ហើយ​ដើម្បី​បង្ក​លក្ខណៈ​ងាយស្រួល​ទៅ​ដល់​អ្នកបោះឆ្នោត គ​.​ជ​.​ប ក៏បាន​បង្ហោះ​បញ្ជី​បោះ​ឆ្នោត​ដំបូង​នេះ នៅ​លើ​គេហទំព័រ voterlist.nec.gov.kh និង Mobile App (NEC KH) ផង​ដែរ ​។

គណបក្ស​នយោបាយ​ ដែល​បាន​ចុះបញ្ជី​ស្រប​តាម​ច្បាប់​ ស្ដី​ពី​គណបក្ស​នយោបាយ មាន​សិទ្ធិ​សុំ​បញ្ជី​បោះ​ឆ្នោត​ដំបូង​ច្បាប់​ថតចម្លង​បាន ដោយ​បង់ថ្លៃ​។

ការ​បិទ​ផ្សាយ​បញ្ជី​បោះ​ឆ្នោត​ដំបូង មាន​រយៈពេល​៥​ថ្ងៃ ក្នុង​គោលដៅ​ឱ្យ​ប្រជាពលរដ្ឋ និង​អ្នក​ពាក់ព័ន្ធ​ ធ្វើការ​ពិនិត្យ​ ដើម្បី​កែតម្រូវ​តាម​រយៈ​ការ​ប្ដឹង​តវ៉ា ឬ​ការ​ប្តឹង​ជំទាស់​ទាក់ទង​ទៅ​នឹង​បញ្ជី​បោះ​ឆ្នោត​ដំបូង ដោយ​ត្រូវ​អនុវត្តន៍​នីតិវិធី​ និង​ដំណាក់កាល ​នៃ​បណ្តឹង ដូច​ជាពាក្យ​បណ្ដឹងតវ៉ា អាច​ធ្វើ​ឡើង​អំពី​ការ​បាត់ឈ្មោះ​របស់​អ្នកបោះឆ្នោត ឬ​មានឈ្មោះ​ក្នុង​បញ្ជី​បោះ​ឆ្នោត ប៉ុន្តែ​កត់ត្រា​មិន​ច្បាស់លាស់ ឬ​មិន​ត្រឹមត្រូវ ឬ​មានឈ្មោះ​ក្នុង​បញ្ជី​បោះ​ឆ្នោត​នៃ​រាជធានី ខេត្ត​ផ្សេង​រួច​ហើយ​។

ពាក្យបណ្ដឹង​ជំទាស់​អាច​ធ្វើ​ឡើង​ចំពោះ​បុគ្គល​ណា​ម្នាក់ ដែល​មានឈ្មោះ​ក្នុង​បញ្ជី​បោះ​ឆ្នោត​ដំបូង ជា​ជន​ដែល​ពុំ​មាន​សិទ្ធិ​បោះ​ឆ្នោត​ដោយ​មិនមែន​ជា​តំណាងរាស្ត្រ​ក្នុង​តំណែង ឬ​មិនមែន​ជា​សមាជិក​ក្រុម ប្រឹក្សា​ឃុំ សង្កាត់​ក្នុង​តំណែង នៅ​ក្នុង​ក្រប​ខណ្ឌ​ភូមិភាគ​នីមួយ​ៗ និង​ករណី​ដែល​អ្នកបោះឆ្នោត​មានឈ្មោះ​ក្នុង​បញ្ជី​បោះ​ឆ្នោត​ច្រើន​ជាង​មួយ​កន្លែង​ជាដើម​។

ការ​ប្ដឹង​តវ៉ា ឬ​ការ​ប្ដឹង​ជំទាស់​ពាក់ព័ន្ធ​នឹង​បញ្ជី​បោះ​ឆ្នោត​ដំបូង ត្រូវធ្វើ​នៅ គធ.ខប ក្នុង​រយៈពេល ៥​ថ្ងៃ បន្ទាប់​ពី​ថ្ងៃ​បិទ​ផ្សាយ​បញ្ជី​បោះ​ឆ្នោត​ដំបូង ថ្ងៃ​ចុង​ក្រោយ​ នៃ​ការ​ទទួល​ពាក្យបណ្តឹង គឺ​នៅ​ថ្ងៃ​ទី​១១ ខែ មក​រា ឆ្នាំ​២០២៤ ក្នុង​នោះ​ថ្ងៃ​ទី​០៧ ខែមករា ឆ្នាំ​២០២៤ ដែល​ត្រូវជា​ថ្ងៃ​បុណ្យ​ផ្លូវការ គ​ធ​.​ខ​ប មិន​ទទួល​ពាក្យបណ្តឹង​ទេ​។ បន្ទាប់​ពី​ទទួល​បាន​ពាក្យបណ្ដឹង គ​ធ​.​ខ​ប ត្រូវ​ចាត់ចែង​ដោះស្រាយ​លើ​ពាក្យបណ្ដឹង​នោះ ក្នុង​រយៈពេល​យ៉ាង​យូរ​៣​ថ្ងៃ​។

ករណី​អ្នក​ប្ដឹង ឬ​តំណាង មិន​សុខចិត្ត​នឹង​សេចក្ដីសម្រេច​របស់ គ​ធ​.​ខ​ប សាមីខ្លួន ឬ​តំណាង​អាច​ប្ដឹង​បន្ត​ទៅ​កាន់ គ​.​ជ​.​ប ក្នុង រយៈ ពេល ៥​ថ្ងៃ បន្ទាប់​ពី​ថ្ងៃ​ទទួល​បាន​លិខិត​ជូនដំណឹង ឬ​សម្រង់​សេចក្ដី សម្រេច (​ទ​.១២០៣) របស់ គ​ធ​.​ខ​ប​។ បន្ទាប់​ពី​ទទួល​បាន​ពាក្យបណ្ដឹង គ​.​ជ​.​ប ត្រូវ​ចាត់ចែង​ដោះស្រាយ​លើ​ពាក្យបណ្ដឹង​នោះ​ក្នុង​រយៈពេល​យ៉ាង​យូរ ៥​ថ្ងៃ​។ ករណី​អ្នក​ប្ដឹង ឬ​តំណាង មិន​សុខចិត្ត​នឹង​សេចក្ដីសម្រេច​របស់ គ​.​ជ​.​ប សាមីខ្លួន ឬ​តំណាង អាច​ប្ដឹង​បន្ត​ទៅ​កាន់​ក្រុមប្រឹក្សាធម្មនុញ្ញ​ក្នុង​រយៈពេល​៥​ថ្ងៃ បន្ទាប់​ពី​ថ្ងៃ​ទទួល​បាន​លិខិត​ជូនដំណឹង ឬ​សម្រង់​សេចក្ដីសម្រេច​(​ទ​.១២០៣) របស់ គ​.​ជ​.​ប​។ បន្ទាប់​ពី​ទទួល​បាន​ពាក្យបណ្ដឹង ក្រុម ប្រឹក្សា​ធម្មនុញ្ញ​ត្រូវ​ចាត់ចែង​ដោះ ស្រាយ​លើ​ពាក្យបណ្ដឹង​នោះ ក្នុង​រយៈពេល​យ៉ាង​យូរ ១០​ថ្ងៃ​។ ការ​ដាក់ ការ​ទទួល និង​ការ​ដោះស្រាយ​ពាក្យបណ្តឹង​ត្រូវ​អនុវត្តន៍​តាម​នីតិវិធី​របស់​ក្រុមប្រឹក្សាធម្មនុញ្ញ​។

សូម​ជម្រាប​ថា សម្រាប់​ការ​បោះ​ឆ្នោត​ជ្រើសតាំង​សមាជិក​ព្រឹទ្ធសភា​នីតិកាល​ទី​៥ ឆ្នាំ​២០២៤ ដែល​ប្រព្រឹត្ត​ទៅ​នៅ​ថ្ងៃ​ទី​២៥ ខែកុម្ភៈ​ ឆ្នាំ​២០២៤ ខាង​មុខ​នេះ​ មាន​គណបក្ស​នយោបាយ​ចំនួន​៤​ បាន​ចូលរួម​ប្រកួតប្រជែង​គ្នា​ ក្នុង​នោះ​គណបក្ស​ប្រជាជន​កម្ពុជា ទទួល​បាន​លេខ​រៀង​ទី​១ ឯ​លេខ​រៀង​ទី​២ គណបក្ស​ឆន្ទៈ​ខ្មែរ លេខ​រៀង​ទី​៣ គណបក្ស​ហ្វុ​ន​ស៊ី​ន​ប៉ិច និង​លេខ​រៀង​ទី​៤ គណបក្ស​កម្លាំង​ជាតិ ៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ