ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​តើ​ជន​រង​គ្រោះ​ធ្លា.ក់​ចូល​ម៉ាស៊ីន​កិន​ថ្ម​មែន ឬ​ជា​ករណី​ផ្សេង​ទើប​គេ​លាក់បាំង?

11 ខែ មុន
  • បាត់ដំបង

ខេត្តបាត់ដំបង ៖ កម្មករ​ម្នាក់​ធ្វើការ​ក្នុង​ការដ្ឋាន​កិន​ថ្ម​មួយ​កន្លែង​នៅ​ចំណុច​ភ្នំ​តា​គ្រាម ក្នុងភូមិ​ប៉ោយ​ស្វាយ ឃុំ​តា​គ្រាម ស្រុក​បាណ​ន់​បាន​ស្លា​.​ប់​កាលពី​ថ្ងៃ​ទី​០២ មក​រា នៅ​ក្នុង​មន្ទីរពេទ្យ​ដែល​ប្រភព​ខ្លះ​អះអាង​ថា «​ជន​រង​គ្រោះ​បាន​រអិល​ធ្លា​.​ក់​ចូល​ក្នុង​ម៉ាស៊ីន​កិន​ថ្ម​» រីឯ​ប្រភព​ដទៃ​ទៀត…

ខេត្តបាត់ដំបង ៖ កម្មករ​ម្នាក់​ធ្វើការ​ក្នុង​ការដ្ឋាន​កិន​ថ្ម​មួយ​កន្លែង​នៅ​ចំណុច​ភ្នំ​តា​គ្រាម ក្នុងភូមិ​ប៉ោយ​ស្វាយ ឃុំ​តា​គ្រាម ស្រុក​បាណ​ន់​បាន​ស្លា​.​ប់​កាលពី​ថ្ងៃ​ទី​០២ មក​រា នៅ​ក្នុង​មន្ទីរពេទ្យ​ដែល​ប្រភព​ខ្លះ​អះអាង​ថា «​ជន​រង​គ្រោះ​បាន​រអិល​ធ្លា​.​ក់​ចូល​ក្នុង​ម៉ាស៊ីន​កិន​ថ្ម​» រីឯ​ប្រភព​ដទៃ​ទៀត បែរ​ជា​ដាក់​ការ​សង្ស័យ​ថា «​អាច​ជា​រឿង​មិន​ប្រក្រតី​»​ពីព្រោះ​ត្រូវ​សមត្ថកិច្ច​និង​ម្ចាស់​ការដ្ឋាន​កិន​ថ្ម​នេះ ព្យាយាម​បិទ​បាំង​ព័ត៌មាន​នេះ​យ៉ាង​ស្ងាត់​បំផុត សូ​ម្បី​មន្ត្រី​ជំនាញ​ក៏​គេ​រារាំង​មិន​ឲ្យ​ចុះ​ត្រូ​ត​ពិនិត្យ​ទីតាំង​កើតហេតុ និង​សាកសព​កម្មករ​នោះ​ដែរ ។

ប្រភព​ព័ត៌មាន​នានា​ដែល​កោះសន្តិភាព​ទើប​ទ​ទូល​បាន នៅ​ព្រឹក​ថ្ងៃ​ទី​០៣ មក​រា បាន​ឲ្យ​ដឹង​ថា ជន​រង​គ្រោះ​ឈ្មោះ សឿ​ក សុភាព ហៅ​លាភ ភេទ​ប្រុស អាយុ​៣៦​ឆ្នាំ រស់នៅ​ភូមិ​អូរ​ពងមាន់ ឃុំ​តា​គ្រាម ជា​កម្មករ​ធ្វើការ​នៅ​ក្នុង​ការដ្ឋាន​កិន​ថ្ម​របស់​ក្រុមហ៊ុន «​ប៉េង អាន​» មា​នទី​តាំងនៅ​ចំណុច​ភ្នំ​តា​គ្រាម ស្ថិត​នៅ​ភូមិ​ប៉ោយ​ស្វាយ ឃុំ​តា​គ្រាម ស្រុក​បាណ​ន់ ។

ប្រភព​ពី​មូលដ្ឋាន​បាន​ទម្លាយ​ឲ្យ​ដឹង​ថា ជន​រង​គ្រោះ​ត្រូវ​បាន​គេ​និយាយ​ត​ៗ​គ្នា​ថា បាន​រអិល​ជើង​ធ្លាក់​ចូល​ក្នុង​ម៉ាស៊ីន​កិន​ថ្ម​ដែល​កើតឡើង​តាំងពី​រសៀល​ថ្ងៃ​ទី​២៩ ធ្នូ ឆ្នាំ​២០២៣ បណ្ដាល​ឲ្យ​របួសធ្ងន់ ហើយ​ត្រូវ​កម្មករ​នៅ​ក្នុង​ការដ្ឋាន​នេះ​នាំ​គ្នា​ដឹក​ជន​រង​គ្រោះ​ទៅ​កាន់​មន្ទីរពេទ្យ ដើម្បី​សង្គ្រោះ​បន្ទាន់​យ៉ាង​ស្ងាត់ស្ងៀម​បំផុត ។

មិនតែប៉ុណ្ណោះ ទាំង​សមត្ថកិច្ច​មូលដ្ឋាន ទាំង​ម្ចាស់​ការដ្ឋាន ហាក់ដូចជា​ត្រូវរ៉ូវ​គ្នា​បាន​ព្យាយាម​លាក់បាំង​រឿង​នេះ​យ៉ាង​ស្ងាត់ឈឹង​ផង​ដែរ ។ លុះ​នៅ​ថ្ងៃ​ទី​០២ មក​រា ពេល​ជន​រង​គ្រោះ​ស្លា​.​ប់​នៅ​មន្ទីរពេទ្យ រហូត​ដឹក​យក​មក​ធ្វើបុណ្យ​នៅផ្ទះ ទើប​បែកធ្លាយ​រឿង​នេះ​ផ្អើល​ពេញ​ភូមិ ។ រីឯ​សមត្ថ​កិច្ច​ចាប់តាំងពី​ថ្នាក់​ក្រោម​រហូត​ដល់​ថ្នាក់លើ​នៅ​តែ​ព្យាយាម​បិត​បាំង​រឿង​នេះ​ដដែល គេ​រាយ​ការណ៍​ស្ងាត់​ៗ​ជូន​តែ​លោកស្នងការ​ម្នាក់​គត់​ឲ្យ​បាន​ជ្រាប ខណៈ​មន្ត្រី​ការិយាល័យ​ជំនាញ​បាន​ត្រឹមតែ​ដឹង​ព្រាល​ៗ​រាប់​ទាំង​ការិយាល័យ​បច្ចេកទេស​ផង ។ នេះ​បើ​តាម​ប្រភព​ព័ត៌មាន​ដែល​បាន​បង្ហើប​ឲ្យ​ដឹង ។

ដោយសារ​តែ​សកម្មភាព​បិទ​បាំង​ព័ត៌មាន​សព្វបែបយ៉ាង​នេះ​ហើយ ទើប​នាំ​ឲ្យ​មហាជន រួម​ទាំង​មន្ត្រី​មួយ​ចំនួន​ផង​ដាក់​ការ​សង្ស័យ​ថា «​ការ​ស្លាប់​របស់​កម្មករ​កិន​ថ្ម​ខាងលើ​នេះ អាច​ជា​រឿង​មិន​ប្រក្រតី​» ទើប​គេ​នាំ​គ្នា​បិទ​បាំង សូ​ម្បី​រូបថត​ជន​រង​គ្រោះ ឬ​ទីតាំង​កើតហេតុ ក៏​ត្រូវ​គេ​ហាមឃាត់​មិន​អ្នក​ពាក់ព័ន្ធ​ណា​ម្នាក់​ចែករំលែក​ទៅ​កាន់​បណ្ដាញ​ព័ត៌មាន ឬ​បង្ហោះ​តាម​បណ្ដាញ​សង្គម​ដែរ ។
អធិការ​ស្រុក​បាណ​ន់ លោក សំ វី​រៈ បាន​និយាយ​ពី​រឿង​នេះ​ប្រាប់​កោះសន្តិភាព​ថា តាម​ពិត​សមត្ថកិច្ច​របស់​លោក​ពុំ​បាន​បិត​បាំង​រឿង​នេះ​ទេ ។ មន្ត្រី​ជំំ​នា​ញ​របស់​លោក​បាន​ចុះ​ពិនិត្យ​ទីតាំង​កើតហេតុ​ត្រឹមត្រូវ ក្រោយ​ពេល​កើតហេតុ ។ លោក​អធិការ​បាន​បញ្ជាក់​ថា ជន​រង​គ្រោះ​បាន​ធ្លាក់​ចូល​ក្នុង​ម៉ាស៊ីន​កិន​ថ្ម បណ្ដាល​ឲ្យ​រង​របួស​ធ្ងន់ធ្ងរ ជា​ពិសេស​គ្រឿងក្នុង​តែ​ម្ដង ។

នៅ​ពេល​លើក​ជា​សំណួរ​ថា មាន​គេ​និយាយ​ថា ខាង​អធិការ​ស្រុក​មិន​បាន​រាយការណ៍ ឬ​ស្នើ​សុំ​មន្ត្រី​ការិយាល័យ​ជំនាញ​ឲ្យ​ជួយ​សហការ​ចុះ​ពិនិត្យ​ទីតាំង​កើតហេតុ និង​ពិនិត្យ​សាកសព​ជន​រង​គ្រោះ​ដូច​មុន​ៗ​ទេ ព្រោះ​កន្លង​ទៅ សូ​ម្បី​តែ​ជន​រង​គ្រោះ​ចងក​ធ្វើ​អត្តឃាត​ខ្លួនឯង​សោះ ក៏​លោក​អធិការ​រាយការណ៍ និង​ស្នើ​សុំ​ឲ្យ​មន្ត្រី​ការិយាល័យ​ជំនាញ​ចុះ​ជួយ​ពិនិត្យ​ដែរ តើ​ហេតុ​អ្វី​បានជា​រឿង​កម្មករ​ការដ្ឋាន​កិន​ថ្ម​ខាងលើ​នេះ​ស្លាប់ បែរជា​មិន​រាយការណ៍ និង​ស្នើ​សុំ​មន្ត្រី​ការិយាល័យ​ជំនាញ​ឲ្យ​ជួយ​សហការ​ពិនិត្យ​ទីតាំង​កើតហេតុ និង​ធ្វើ​កោសល្យវិច័យ​លើ​សាកសព?

លោក សំ វី​រៈ បាន​ផ្ដល់​ចម្លើយ​ទាំង​រារែក​ដូច្នេះ​ថា «​ខ្ញុំ​បាន​រាយការណ៍​ជូន​ទៅ​លោកស្នងការ​ភ្លាម​ៗ ក្រោយ​ពេល​កើតហេតុ ប៉ុន្តែ​…..! លោក​…! នៅ​ការិយាល័យ​ចរាចរណ៍​បាន​ស្នើ​សុំ​ឲ្យ​ជួ​យស​ម្រូ​ល​… ដើម្បី​កុំ​ឲ្យ​រឿង​នេះ​ខ្ចរខ្ចាយ​ព្រោះថា ម្ចាស់​ការដ្ឋាន​កិន​ថ្ម​នោះ ជា​សាច់ញាតិ​គាត់ ទើប​មិន​មាន​មន្ត្រី​ការិយាល័យ​ជំនាញ​នៃ​ស្នងការ​ខេត្ត​ចុះ​ពិនិត្យ តែ​ខ្ញុំ​បាន​រាយការណ៍​ទៅ​លោកស្នងការ​សព្វ​បែបយ៉ាង​អស់ហើយ​» ។

ដោយឡែក បើ​តាម​ប្រភព​នានា​ដែល​បាន​ទម្លាយ​ឲ្យ​ដឹង​ពី​មូលដ្ឋាន​ឯណោះ​វិញ​បាន​និយាយ​ថា ករណី​កម្មករ​ការដ្ឋាន​កិន​ថ្ម​របស់​ក្រុមហ៊ុន​«​ប៉េង​អាន​»​ស្លាប់​នេះ គេ​សង្កេត​ឃើញ​ពិតជា​មានការ​លាក់លៀម​មែន ។ បើ​តាម​ការ​ពិនិត្យ​លើ​សកម្មភាព និង​ស្ដាប់​ព័ត៌មាន​នានា ដែល​បាន​ខ្សឹបខ្សៀវ​គ្នា​នៅ​ក្នុងភូមិ​ក៏​ដូច​នៅ​កន្លែង​រោង​បុណ្យ​ការ​ព្យាយាម​បិទ​បាំង​ព័ត៌មាន​នេះ គឺ​គេ​កត់សម្គាល់ ៖ ទី​១-​ផ្ដើម​ចេញពី​ខាង​ក្រុមហ៊ុន​កិន​ថ្ម និង ទី​២-​ផ្ដើម​ចេញពី​មន្ត្រី​មូលដ្ឋាន​តែ​ម្ដង​ដែល​មើលទៅ​ពួក​គេ​ហាក់​ត្រូវរ៉ូវ​គ្នា ដើម្បី​ជួយ​បិទ​បាំង​ព័ត៌មាន​នេះ ដែល​នាំ​ឲ្យ​មហាជន​មាន​មន្ទិល​សង្ស័យ​ជា​ច្រើន​ទៅ​លើ​ការ​ស្លាប់​របស់​ជន​រង​គ្រោះ ។

ប្រភព​ខ្លះ​បាន​និយាយ​ត្រាប់​តាម​សមត្ថកិច្ច​ប្រាប់ត​ៗ​គ្នា​ថា «​ជន​រង​គ្រោះ​ពិតជា​បាន​រអិល​ជើង​ធ្លាក់​ចូល​ម៉ាស៊ីន​កិន​ថ្ម​មែន ទើប​របួសធ្ងន់​រហូត​ដល់​ស្លាប់​ដែល​ជា​ការ​ធ្វេសប្រហែស​» ។ ប៉ុន្តែ​ប្រភព​ខ្លះ​ទៀត បាន​ចោទ​ជា​សំណួរ​ថា ប្រសិនបើ​ជន​រង​គ្រោះ​ធ្វេសប្រហែស​រអិល​ជើង​ធ្លាក់​ចូល​ម៉ាស៊ីន​កិន​ថ្ម​ដោយ​ខ្លួនឯង​សោះ តើ​ហេតុ​អ្វី​បានជា​ម្ចាស់​ក្រុមហ៊ុន​នេះ និង​សមត្ថកិច្ច​ចាប់តាំងពី​ថ្នាក់​ក្រោម រហូត​ដល់​ថ្នាក់លើ​ព្រូត​គ្នា​ព្យាយាម​លាក់បាំង​រឿង​នេះ ? ឬ​មួយ​មានរឿង​អាថ៌​កំបាំង​អ្វី​ផ្សេង​ពី​នេះ ដែល​បណ្ដាល​ឲ្យ​ជន​រង​គ្រោះ​ស្លាប់ ទើប​គេ​ព្យាយាម​លាក់​ព័ត៌មាន ? សូ​ម្បី​រូបថត​ជន​រង​គ្រោះ ឬ​ទីតាំង​កើតហេតុ ក៏​មាន​គេ​ហាមឃាត់​មិន​អនុញ្ញាត​ឲ្យ​នរណា​ម្នាក់​បង្ហោះ​តាម​បណ្ដាញ​សង្គម ឬ​ចែករំលែក​ដល់​បណ្ដាញ​ព័ត៌មាន​ដែរ ។

កោះសន្តិភាព មិន​អាច​ទំនាក់ទំនង​សុំ​ការ​បំភ្លឺ​ពី​អ្នកគ្រប់គ្រង ឬ​ប្រធាន​ការដ្ឋាន​កិន​ថ្ម​របស់​ក្រុមហ៊ុន​«​ប៉េង​អាន​»​បាន​ទេ គិត​ត្រឹម​ម៉ោង​៣​រសៀល​ថ្ងៃ​ទី​០៣ មក​រា ២០២៤ នេះ ពាក់ព័ន្ធ​នឹង​ការ​ស្លាប់​កម្ម​ករ​ម្នាក់ និង​ការ​លើក​ឡើង​ផ្ទុយ​គ្នា​នៃ​មតិ​មហាជន​ជុំវិញ​សំណុំរឿង​នេះ ។ ដូច្នេះ មាន​តែ​រង់ចាំ​តាម​ដាន​បន្ត​ទេ​ថា តើ​លោកស្នងការ ឬ​លោក​អគ្គស្នងការ ឬ​ថ្នាក់ដឹកនាំ​ក្នុង​ក្រសួង​ពាក់ព័ន្ធ មាន​ការ​​ចាប់អារម្មណ៍ និង​មានចំណាត់​ធ្វើការ​ស៊ើបអង្កេត​ជា​ថ្មី​ឡើង​វិញ ដើម្បី​ស្វែងរក​ការ​ពិត​ដែរ​ឬ​អត់ ?

មាន​ព័ត៌មាន​បន្ថែម កោះសន្តិភាព​នឹង​ផ្សាយ​ជូន​បន្ត ។

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ