ខេត្តមណ្ឌលគិរី ៖ ភ្ញៀវទេសចរយ៉ាងច្រើនសន្ធឹកសន្ធាប់ បានសម្រុកមកកម្សាន្តនៅខេត្តមណ្ឌលគិរីនាឱកាសបុណ្យឆ្លងឆ្នាំសកល២០២៤ ក្នុងនោះ មានភ្ញៀវទេសចរ២០.៨៤៩នាក់ ចូលមកកម្សាន្តលំហែកាយ ខណៈដែលអាជ្ញាធរខេត្តមណ្ឌលគិរីក៏បានរៀបចំកម្មវិធីសប្បាយរីករាយជាច្រើន ក៏ដូចជាការប្រគំតន្ត្រី ដើម្បីទទួលភ្ញៀវទេសចរ និងប្រជាពលរដ្ឋនៅសួនច្បារសែនមនោរម្យ ស្ថិតក្នុងក្រុងសែនមនោរម្យផ្ទាល់តែម្ដង ។

លោក ស៊ាង សឿន ប្រធានមន្ទីរទេសចរណ៍ខេត្តមណ្ឌលគិរីបានឲ្យដឹងថា នាឱកាសបុណ្យឆ្លងឆ្នាំសកល២០២៤ ភ្ញៀវទេសចរដែលបានមកលេងកម្សាន្តខេត្តមណ្ឌលគិរីសរុបប្រមាណ២០,៨៤៩នាក់កើនឡើងចំនួន២១,៧៨% ក្នុងនោះ ភ្ញៀវទេសចរជាតិប្រមាណ២០,៧០៤នាក់ មានការកើនឡើងចំនួន២១,៧៣% ចំណែកភ្ញៀវទេសចរអន្តរជាតិប្រមាណ១៤៥នាក់ កើនឡើងចំនួន ២៩,៤៦% ។

លោកប្រធានមន្ទីរទេសចរណ៍ខេត្តបានបញ្ជាក់ថា ចំពោះរមណីយដ្ឋានទេសចរណ៍នៅទូទាំងខេត្តមណ្ឌលគិរី មានភ្ញៀវទេសចរទៅទស្សនាកម្សាន្តគ្រប់កន្លែង ក្នុងនោះ មានសមុទ្រឈើ ភ្នំដោះក្រមុំ ទឹកជ្រោះប៊ូស្រា ភ្នំណាមលៀ ទឹកអូរផ្លាយ ភ្នំអណ្ដូងស្នេហ៍ និងកន្លែងរមណីយដ្ឋានជាច្រើនកន្លែងទៀត ដើម្បីទាក់ទាញចំណាប់អារម្មណ៍ភ្ញៀវទេសចរផងដែរ ។

លោក ស៊ាង សឿន បន្តថា នាឱកាសបុណ្យឆ្លងឆ្នាំ២០២៤នេះ នៅតាមតំបន់ទេសចរណ៍ទូទាំងខេត្ត មានសន្តិសុខ សណ្តាប់ធ្នាប់ល្អប្រសើរប្រសើរ ដោយសារអាជ្ញាធរខេត្ត បានរៀបចំកម្លាំងយាមល្បាតតាមគោលដៅសំខាន់ៗ នៅតាមរមណីយដ្ឋាន និងកន្លែងកម្សាន្តនានានៅទូទាំងខេត្តមណ្ឌលគិរី ។

ទន្ទឹមនេះ រដ្ឋបាលខេត្តមណ្ឌលគិរី ក៏បានរៀបចំតុបតែងភ្លើងលម្អតាមទីសាធារណៈ ក៏ដូចជាការប្រគំតន្ត្រីកម្សាន្ត និងមានការបាញ់កាំជ្រួច ដើម្បីញាំងឱ្យកម្មវិធីមានភាពសប្បាយផងដែរ ។
ជាមួយគ្នានេះ ភ្ញៀវទេសចរដែលមកកម្សាន្តខេត្តមណ្ឌលគិរី ក៏បានលើកឡើងអំពីអារម្មណ៍សប្បាយរីករាយ និងប្លែកភ្នែក ក្រោយពេលបានមកដល់ទឹកដីខេត្តមណ្ឌលគិរីនេះ ព្រោះតែមណ្ឌលគិរីមានអាកាសធាតុត្រជាក់ ព្រៃភ្នំ ជ្រោះជ្រលងដងអូរជាច្រើនកន្លែង ដែលខុសប្លែកពីតំបន់ផ្សេងៗទៀត ។

ក្នុងនោះដែរ អាជ្ញាធរខេត្ត ក៏បានសំណូមពរដល់ភ្ញៀវទេសចរជាតិ និងអន្តរជាតិ ដែលបានមកទស្សនាកម្សាន្តនៅខេត្តមណ្ឌលគិរី សូមជួយផ្សព្វផ្សាយពីសក្តានុពលនៃវិស័យទេសចរណ៍ក្នុងខេត្តបន្ថែមទៀត និងចូលរួមសម្អាតអនាម័យបរិស្ថានទាំងអស់គ្នា ៕







ចែករំលែកព័តមាននេះ