ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រម្លឹក​​រឿងជូរ​ចត់​នៃ​ការ​បា.ញ់​កម្ទេ.ច​មេបញ្ជាការ​ឆ្មាំ​បដិវត្ត​ន៍​អ៊ី​រ៉​ង់​ដោយ​គ្រាប់​មី​ស៊ី​ល

3 ខែ មុន

តេ​អេ​រ៉​ង់​៖ នៅ​ថ្ងៃនេះ​កាលពី​៤​ឆ្នាំ​មុន ប្រទេស​អា​មេ​រិ​កបាន​ធ្វើឃាត​មេបញ្ជាការ​កងទ័ព​ឆ្មាំ​បដិវត្ត​អ៊ី​រ៉​

តេ​អេ​រ៉​ង់​៖ នៅ​ថ្ងៃនេះ​កាលពី​៤​ឆ្នាំ​មុន ប្រទេស​អា​មេ​រិ​កបាន​ធ្វើឃាត​មេបញ្ជាការ​កងទ័ព​ឆ្មាំ​បដិវត្ត​អ៊ី​រ៉​ង់​សូ​ឡេ​ម៉ា​នី (Soleimani) ដោយ​ប្រើប្រាស់​យន្តហោះ​ដ្រូ​ន​បាញ់​ពីលើ​អាកាស​។ ព្រឹត្តិការណ៍​នេះ​កើតឡើង​កាល​ថ្ងៃ​ទី​៣ ខែមករា ឆ្នាំ​២០២០​។ សព្វ​ថ្ងៃនេះ អ៊ី​រ៉​ង់​នៅ​តែ​ចិញ្ចឹមចិត្ត​ថា​ថ្ងៃ​ណាមួយ​ខ្លួន​ត្រូវ​តែ​សងសឹក​ឱ្យ​វីរបុរស​របស់​ខ្លួន​ដែល​ស្លាប់​ដោយសារ​ការ​ធ្វើឃាត​នោះ​។

ក្រោម​ការ​ដឹកនាំ​របស់​លោក​ដូ​ណា​ល់​ត្រាំ លោក​បាន​និយាយ​ការពារ​ខ្លួន​ទល់​នឹង​ការ​សម្រេចចិត្ត​ដ៏​ពិបាក​បំផុត​នៅ​ក្នុង​ការ​ធ្វើឃាត​បុគ្គល​ដ៏​មាន​អំណាច​លំដាប់​កំពូល​ម្នាក់​នេះ​។ ពោល​គឺ​មេបញ្ជាការ​ឆ្មាំ​បដិវត្ត​រូប​នេះ​មាន​អំណាច​ខ្លាំង​ជាង​ប្រធានាធិបតី​អ៊ី​រ៉​ង់​ទៅ​ទៀត ហើយ​នៅ​ក្រោម​តែ​អគ្គ​មគ្គុទ្ទេសក៍​អ៊ី​រ៉​ង់​ម្នាក់​ប៉ុណ្ណោះ​។ ការ​ធ្វើឃាត​មេបញ្ជាការ​រូប​នេះ​កើតឡើង​នៅ​ពេល​ទំនាក់ទំនង​អ៊ី​រ៉​ង់​-​អា​មេ​រិ​ក​ធ្លាក់​ចុះ​ខ្លាំង​ស្រាប់​ទៅ​ហើយ​។ ដូច្នេះ ទំនាក់ទំនង​នេះ​រឹតតែ​ធ្លាក់​ចុះ​បន្ថែម​ទៀត​ក្រោយ​ការ​ធ្វើឃាត​។

រដ្ឋាភិបាល​ទីក្រុង​វ៉ា​ស៊ី​ន​តោន​ចោទប្រកាន់​ថា​សូ​ឡេ​ម៉ា​នី​ជា​អ្នក​ដែល​បង្ក​បញ្ហា​ច្រើន​ណាស់ អាច​និយាយ​បាន​ថា​ជា​អ្នក​ដើរ​ក្រឡុក​ស្ថានការណ៍ និង​ដើរ​វ៉ាងទី​នៅ​តំបន់​មជ្ឈិមបូព៌ា​។ វ៉ា​ស៊ី​ន​តោន​ចោទ​ថា​គាត់​ជា​អ្នក​រៀបចំ​ផែនការ​វាយប្រហារ​ទៅ​លើ​មូលដ្ឋាន​កងទ័ព​អា​មេ​រិ​ក​នៅ​ក្នុង​តំបន់​នេះ​។ នៅ​ក្នុង​ការ​ធ្វើឃាត​នោះ យន្តហោះ​ដ្រូ​ន​របស់​អា​មេ​រិ​កបាន​ហោះ​ស្ងាត់​ៗ​ពីលើ​រថយន្ត​របស់​សូ​ឡេ​ម៉ា​នី ហើយ​បាញ់​មី​ស៊ី​ល​ពីរ​គ្រាប់​។ ការ​ធ្វើឃាត​នេះ​នាំ​ឱ្យ​អ៊ី​រ៉​ង់​មាន​កំហឹង​យ៉ាង​ខ្លាំង​។ ទោះបី​ដឹង​ថាបើ​ធ្វើសង្គ្រាម​គ្មាន​ក្រឡា​ហក់​ជាមួយ​អា​មេ​រិ​ក ប៉ុន្តែ​អ៊ី​រ៉​ង់​គិត​ថា​ខ្លួន​ត្រូវ​តែ​ធ្វើ​អ្វី​ម្យ៉ាង​ដើម្បី​ឱ្យ​ក្រុម​អ្នកគាំទ្រ​សូ​ឡេ​ម៉ា​នី​បាន​ស្ងប់ចិត្ត​។

អ៊ី​រ៉​ង់​ក៏​បាញ់​មី​ស៊ី​ល​ជា​ច្រើន​គ្រាប់​សំដៅ​ទៅ​មូលដ្ឋាន​កងទ័ព​អា​មេ​រិ​ក​នៅ​ប្រទេស​អ៊ី​រ៉ា​ក់ ប៉ុន្តែ​មិន​ហ៊ាន​បាញ់​ឱ្យ​ចំ​មូលដ្ឋាន​ទេ​ព្រោះ​ខ្លាច​ស្លាប់​ទាហាន​អា​មេ​រិ​ក អា​មេ​រិ​ក​អាច​វាយបក​វិញ​កាន់តែ​ធ្ងន់​។ ថ្ងៃ​ទី​៨ ខែមករា ឆ្នាំ​២០២០ អ៊ី​រ៉​ង់​ក៏​ចាប់ផ្ដើម​បាញ់​មី​ស៊ី​ល​។ ប៉ុន្មាន​ម៉ោង​ក្រោយមក ដោយសារ​គិត​ថា​អា​មេ​រិ​ក​អាច​នឹង​ចាត់វិធានការ​វាយបក​វិញ ដូច្នេះ អ៊ី​រ៉​ង់​ប្រាប់​ឱ្យ​កងទ័ព​ប្រុង​ជើង​ការណ៍​ជាប់​ជា​ប្រចាំ ដោយ​ត្រៀម​ប្រព័ន្ធ​ការពារ​ដែនអាកាស​កម្រិត​ខ្ពស់​។ ត្រឹមតែ​ប៉ុន្មាន​ម៉ោង​ក្រោយមក អ៊ី​រ៉​ង់​ច្រឡំ​ដៃ​បាញ់​ធ្លាក់​យន្តហោះ​ដឹក​អ្នកដំណើរ​មួយ​គ្រឿង​របស់​ប្រទេស​អ៊ុយ​ក្រែ​ន បណ្ដាល​ឱ្យ​ស្លាប់​មនុស្ស​ទាំងអស់​១៧៦​នាក់​។

សូ​ឡេ​ម៉ា​នី​កាលនោះ​មាន​អាយុ​៦២​ឆ្នាំ​។ គាត់​ជា​មេបញ្ជាការ​កំពូល​នៃ​ឆ្មាំ​បដិវត្ត​អ៊ី​រ៉​ង់ និង​ជា​មនុស្ស​សំខាន់​នៅ​ក្នុង​ការ​ពង្រីក​ឥទ្ធិពល​របស់​អ៊ី​រ៉​ង់​នៅ​តំបន់​មជ្ឈិមបូព៌ា​។ គាត់​កាន់​តំណែង​នេះ​កាលពី​ឆ្នាំ​១៩៩៨ និង​ចាប់ផ្ដើម​ពង្រឹង​ទំនាក់ទំនង​យ៉ាង​ជិត​ស្និទ្ធ​ជាមួយ​ក្រុម​ហេ​ស្បូ​ឡា (Hezbollah) នៅ​ប្រទេស​លី​បង់​។ គាត់​ក៏​ពង្រឹង​ទំនាក់ទំនង​ជាមួយ​រដ្ឋាភិបាល​ស៊ី​រី (​អាល់​អា​សាត​) និង​ចលនា​ប្រដាប់​អាវុធ​ស៊ី​អាយ (Shi’ite) នៅ​ប្រទេស​អ៊ី​រ៉ា​ក់​ផង​ដែរ​។ តាម​រយៈ​នេះ គាត់​ក្លាយជា​បុគ្គល​គំរូ​សម្រាប់​ពលរដ្ឋ​អ៊ី​រ៉​ង់ និង​ជា​បុគ្គល​ឆ្នើម​នៅ​ក្នុង​ចំណោម​ក្រុម​ដែល​មាន​និន្នាការ​ប្រឆាំង​នឹង​អ៊ី​ស្រា​អែ​ល និង​ក្រុមប្រឆាំង​នឹង​អា​មេ​រិ​ក​។

ការ​ប៉ុនប៉ង​ធ្វើឃាត​សូ​ឡេ​ម៉ា​នី​មិនមែន​មាន​តែ​ម្ដង​ហ្នឹង​ទេ​។ គាត់​ធ្លាប់​ហែល​ឆ្លង​ជីវិត​ដែល​ត្រូវ​គេ​លប​ធ្វើឃាត​ជា​ច្រើន​ដង ប៉ុន្តែ​អាច​គេច​ផុត​ពី​សេចក្ដីស្លាប់​។ នៅ​ទីបំផុត គាត់​ត្រូវ​អស់​អាយុសង្ខារ​នៅ​ពេល​យន្តហោះ​ដ្រូ​ន​បាញ់​មី​ស៊ី​ល​ផ្ទួន​ៗ​គ្នា​ពីរ​គ្រាប់​សំដៅ​ទៅ​លើ​រថយន្ត​របស់​គាត់​។ ថ្វី​ដ្បិត​គាត់​មាន​អ្នកគាំទ្រ​ច្រើន ប៉ុន្តែ​គាត់​ក៏​មាន​អ្នក​ស្អប់​ច្រើន​ណាស់​ដែរ​រហូត​ដល់​ចង់​កម្ចាត់​គាត់​ចេញ​ពីលើ​ភព​ផែនដី​នេះ​។ ក្រុម​បស្ចិមប្រទេស អ៊ី​ស្រា​អែ​ល និង​ចលនា​សម្ងាត់​របស់​ក្រុម​ប្រទេស​អា​រ៉ាប់​បាន​រៀបចំ​ផែនការ​ដើម្បី​ធ្វើឃាត​គាត់​ជា​ហូរហែ​នៅ​ក្នុង​រយៈពេល​ពីរ​ទស​វត្ស​មុន​ពេល​ស្លាប់​។ ប៉ុន្តែ​ផែនការ​ទាំងនោះ​តែងតែ​បរាជ័យ​៕ (ប្រភព​៖ VOA, Reuters និង​ប្រភព​ដទៃ​ទៀត)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ