រាជធានីភ្នំពេញ ៖ សារមន្ទីរជាតិកម្ពុជា បានប្រគល់រូបចម្លាក់កញ្ចាំងអំពីថ្មភក់ចំនួន៤រូប ដែលមានប្រភពពីប្រាសាទបន្ទាយស្រី និងសិលាចារឹកចំនួន១ផ្ទាំង ពីវត្តប្រាសាទព្រះឥន្ទ្រកោសីយ៍ ជូនអភិរក្សដ្ឋានអង្គរវិញបន្ទាប់ពីជួសជុលរួច ។

បើតាមសារមន្ទីរជាតិថា ចម្លាក់កញ្ចាំងទាំង៤នោះ ត្រូវបានក្រុមខ្មែរក្រហមដាក់គ្រា.ប់បែ.កបំផ្លាញចោលកាលពីឆ្នាំ១៩៩១ ក្រោយមកអភិរក្សដ្ឋានអង្គរបានប្រមូលបំណែកកញ្ចាំងទាំងអស់ទៅរក្សាទុកនៅទីតាំងរបស់ខ្លួន ។ រហូតដល់ឆ្នាំ២០១២ សារមន្ទីរជាតិកម្ពុជា និងសាលាបារាំងចុងបូព៌ា (EFEO) បានសហការដឹកបំណែកទាំងនោះមកជួសជុលនៅរោងជាងសារមន្ទីរជាតិកម្ពុជា ដែលមានចំនួនរហូតដល់២៤៣បំណែកឯណោះ ។

បន្ទាប់ពីឆ្លងកាត់ភាពលំបាក និងការអត់ធ្មត់យ៉ាងខ្លាំងក្នុងការផ្គុំបំណែកឡើងវិញតាមបទដ្ឋានបច្ចេកទេសនៃការអភិរក្ស និងជួសជុលវត្ថុបុរាណធ្វើអំពីថ្ម ក៏បានសម្រេចលទ្ធផលជាវិជ្ជមាន ដោយធ្វើឲ្យកញ្ចាំងទាំង៤ មានរូបរាងដូចដើមឡើងវិញ ទោះបីជាបាត់បំណែកខ្លះក៏ដោយ ។
គួរបញ្ជាក់ថា សារមន្ទីរជាតិកម្ពុជា កាលពីអំឡុងខែសីហា ឆ្នាំ២០២០កន្លងទៅ ក៏បានប្រគល់រូបចម្លាក់កញ្ចាំងអំពីថ្មភក់ចំនួន៤រូបនោះ ជូនអភិរក្សដ្ឋានអង្គរវិញ បន្ទាប់ពីជួសជុលរួច ៕ ដោយ ៖ ស.ភ.រ




<<កំណត់សម្គាល់: រាល់ការបញ្ចេញមតិទៅលើអត្ថបទមិនមែនជាការទទួលខុសត្រូវរបស់កោះសន្តិភាពទេ។ វាជាការទទួលខុសត្រួវដោយផ្ទាល់របស់អ្នកបញ្ចេញមតិ។ ដូច្នេះ សូមមិត្តអ្នកអានទាំងអស់ ធ្វើការបញ្ចេញ មតិប្រកបដោយការទទួលខុសត្រូវ មានសីលធម៌ និង ប្រកបដោយន័យស្ថាបនា ហើយចៀសវាង ការបញ្ចេញមតិណាដែលមិនពិត ជេរប្រមាថ និង អុជអាល នាំដល់ការយល់ច្រឡំ ឬ ការរើសអើង ជាតិសាសន៍ សាសនា ឬក៏ បុគ្គលណាមួយ។>>
ចែករំលែកព័តមាននេះ