ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្ពុជា​ជាប់​ក្នុង​បញ្ជី​ប្រទេស​អាស៊ី​អាគ្នេយ៍មាន​អាហារ​​​​វេច​ខ្ចប់​កុមារ ​សម្បូរ​ជាតិ​ស្ករ និង​អំបិល​ខ្ពស់​របស់ UNICEF

4 ខែ មុន

រាជធានី​ភ្នំពេញ ៖ ផលិតផល​អាហារ​វេច​ខ្ចប់​លក្ខណៈ​ពាណិជ្ជកម្ម​សម្រាប់​កុមារ​អាយុ​ក្រោម​៣​ឆ្នាំ នៅ​

រាជធានី​ភ្នំពេញ ៖ ផលិតផល​អាហារ​វេច​ខ្ចប់​លក្ខណៈ​ពាណិជ្ជកម្ម​សម្រាប់​កុមារ​អាយុ​ក្រោម​៣​ឆ្នាំ នៅ​ក្នុង​ប្រទេស​តំបន់​អាស៊ី​អាគ្នេយ៍​ចំនួន ៧ ដែល​មាន​ជាតិ​ស្ករ និង​អំបិល​ខ្ពស់​។ នេះ​បើ​យោង​តាម​ការ​សិក្សា​របស់​អង្គការ​យូ​នី​សេ​ហ្វ (UNICEF) ចេញផ្សាយ​កាលពី​ថ្ងៃ​ទី​១៩ ខែធ្នូ ឆ្នាំ​២០២៣ កន្លង​ទៅ​។

ការ​សិក្សា​ដែល​ផ្តល់​ជំនួយ​ដោយ​អង្គការ​យូ​នី​សេ​ហ្វ និង​ដៃគូ​នៃ​សម្ព័ន្ធ​សម្រាប់​ការ​កែ​លម្អ​អាហារ​បំពេញបន្ថែម​នៅ​អាស៊ី​អាគ្នេយ៍ (COMMIT) បាន​វាយតម្លៃ​លើ​អាហារ​បែប​ធញ្ញជាតិ អាហារ​សម្រន់ និង​អាហារ​កញ្ចប់​ស្រាប់​ផ្សេង​ទៀត​ច្រើន​ជាង​១,៦០០​មុខ ដែល​ដាក់​លក់​លើ​ទីផ្សារ​សម្រាប់​កុមារ​មាន​អាយុ​ចន្លោះ​ពី ៦ ខែ​ដល់ ៣ ឆ្នាំ នៅ​ក្នុង​ប្រទេស​កម្ពុជា ឥណ្ឌូ​នេ​ស៊ី ឡាវ ម៉ា​ឡេ​ស៊ី ហ្វី​លី​ពី​ន ថៃ និង​វៀតណាម បង្ហាញ​ថា ៤៤% នៃ​ផលិតផល​ដែល​ស្ទង់​មតិ​បាន​បន្ថែម​ជាតិ​ស្ករ និង​សារធាតុ​ផ្អែម​។

របាយការណ៍​ដដែល​បន្ថែម​ទៀត​ថា ៧២% នៃ​អាហារ​សម្រន់ និង​អាហារ​ធ្វើ​ដោយ​ដៃ​បាន​បន្ថែម​ជាតិ​ស្ករ និង​សារធាតុ​ផ្អែម និង​ច្រើន​ជាង ៣៣% នៃ​ជាតិ​អំបិល​ច្រើន​ជាង​អ្វី​ដែល​អ្នកជំនាញ​បាន​ណែនាំ​។ ប្រហែល ៩០% នៃ​ស្លាក​សញ្ញា​លើ​ផលិតផល​ដែល​បាន​ដាក់​លក់​មានការ​អះអាង​ដែល​អាច​បំភាន់ ឬ​បញ្ឆោត​អំពី​សមាសភាព​របស់​ផលិតផល​ពួក​គេ​។ នេះ​បើ​យោង​តាម​របាយការណ៍​របស់​អង្គការ​យូ​នី​សេ​ហ្វ​។

លោកស្រី Lesley Miller តំណាង​ស្តីទី​នៃ​អង្គការ​យូ​នី​សេ​ហ្វ​ប្រចាំ​ប្រទេស​វៀតណាម បាន​លើក​ឡើង​ថា អាហារ​បំពេញបន្ថែម (CPCF) ដែល​ផលិត​លក្ខណៈ​ពាណិជ្ជកម្ម​ជា​ច្រើន​នៅ​ក្នុង​ទីផ្សារ​វៀតណាម​មិន​បំពេញ​តាម​ស្តង់ដារ​អាហារូបត្ថម្ភ ហើយ​ស្លាក​សញ្ញា​របស់​ពួក​គេ​អាច​បំភាន់​ឪពុក​ម្តាយ​។ លោកស្រី​បន្ថែម​ថា មាន​តម្រូវការ​បន្ទាន់​មួយ​ដើម្បី​ដោះស្រាយ​គម្លាត​សំខាន់​ៗ នៅ​ក្នុង​ក្របខ័ណ្ឌ​បទ​ប្បញ្ញត្តិ CPCF ជាតិ ដែល​កុមារ និង​ឪពុក​ម្តាយ​ពួក​គេ​សម​នឹង​ទទួល​បាន​ជម្រើស​ប្រសើរ​ជាង​នេះ​។

ប្រហែល ៧៥% នៃ​ម្តាយ​ដែល​ត្រូវ​បាន​ស្ទង់​មតិ​នៅ​ប្រទេស​វៀតណាម​បាន​អះអាង​ថា ពួក​គេ​អនុញ្ញាត​ឱ្យ​កូន​ទទួលទាន​អាហារ​បំពេញបន្ថែម​យ៉ាង​ហោច​ណាស់​ម្តង​ក្នុង​១​ថ្ងៃ​។ ភាគច្រើន​នៃ​ពួក​គេ​បាន​រាយការណ៍​ថា បាន​ទិញ​ផលិតផល​ទាំង​នៅ​ផ្សារ​ទំនើប ៤៨% ឬ​ហាង​សម្រាប់​កុមារ ៣៣% ។ ការ​សិក្សា​ក៏​បាន​បង្ហាញ​ផង​ដែរ​ថា ប្រទេស​មួយ​ចំនួន​មិន​មាន​វិធានការ​ផ្លូវច្បាប់​គ្រប់គ្រាន់ ដើម្បី​កែតម្រូវ​កម្រិត​ជាតិ​ស្ករ និង​អំបិល​ដែល​មាននៅ​ក្នុង​ផលិតផល​អាហារ​បំពេញបន្ថែម​នោះ​ទេ​។

អង្គការ​យូ​នី​សេ​ហ្វ បាន​អំពាវនាវ​ឱ្យ​មាន​បទ​ប្បញ្ញត្តិ​ពី​បណ្តា​រដ្ឋាភិបាល​កាន់តែ​ប្រសើរ​ឡើង​លើ​អាហារ​បំពេញបន្ថែម រួម​ទាំង​ការ​ហាមប្រាម​លើ​ការ​បន្ថែម​ជាតិ​ស្ករ និង​សារធាតុ​ផ្អែម កម្រិត​ជាតិ​ស្ករ និង​អំបិល​លើស​កម្រិត​។ ការ​កំណត់​បរិមាណ​ជាតិ​ស្ករ និង​សូ​ដ្យូ​ម ក៏​ដូច​ជា​ហាមឃាត់​ការ​ធ្វើ​ទីផ្សារ និង​ការ​ដាក់​ស្លាក​ដែល​បំភាន់​អ្នក​ប្រើប្រាស់​។ ត្រួតពិនិត្យ​យ៉ាង​តឹងរ៉ឹង និង​ការ​អនុ​វត្តបទ​ប្បញ្ញត្តិ​ជាតិ​ស្តី​ពី​អាហារ​បំពេញបន្ថែម​ដែល​បាន​ផលិត​លក្ខណៈ​ពាណិជ្ជកម្ម​។ ការ​គាំទ្រ​សម្រាប់​ឪពុក​ម្តាយ​ក្នុង​ការ​ផ្តល់​នូវ​អាហារ​សម្បូរ​ជីវជាតិ​ចម្រុះ​ដល់​កូន និង​បង្ក្រាប់​ការ​អនុវត្ត​ទីផ្សារ​បោកប្រាស់​៕ (​ប្រភព ៖ UNICEF និង VnExpress)

លីងអត្ថបទពាក់ព័ន្ធ ៖

-New study reveals high sugar and salt content in commercial foods marketed for young children in Southeast Asia

-Many packaged food products for children in Vietnam have added sugars, sweeteners: study

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ