ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ខាតបង់​ធ្ងន់ធ្ងរ​! ក្រុមហ៊ុន​បង្កាត់​ពូជ​ជ្រូក​ដ៏​ធំ​មួយ​របស់​ចិន​ប្រកាស​លក់​ភាគហ៊ុន

4 ខែ មុន

ចិន ៖ ក្រុមហ៊ុន​ផលិត​ចំណី​សត្វ និង​បង្កាត់​ពូជ​ជ្រូក​ដ៏​ធំ​មួយ​របស់​ប្រទេស​ចិន ដែល​មានឈ្មោះ​ថា

ចិន ៖ ក្រុមហ៊ុន​ផលិត​ចំណី​សត្វ និង​បង្កាត់​ពូជ​ជ្រូក​ដ៏​ធំ​មួយ​របស់​ប្រទេស​ចិន ដែល​មានឈ្មោះ​ថា New Hope Liuhe គ្រោង​រៃ​អង្គាសប្រាក់​ចំនួន​៤.២​ពាន់​លាន​យន់ ស្មើនឹង​៥៨៩.១៣​លាន​ដុល្លារ​អា​មេ​រិ​ក ដោយ​លក់​ភាគហ៊ុន​ភាគច្រើន​របស់​ខ្លួន ខណៈ​ដែល​ក្រុមហ៊ុន​កំពុង​ស្វែងរក​ការ​បំពេញ​ដើមទុន បន្ទាប់​ពី​ការ​ខាតបង់​ជា​ច្រើន​ខែ​ពី​ការ​ចិញ្ចឹម​ជ្រូក​។

ប្រភព​ពី​ទីភ្នាក់ងារសារព័ត៌មាន Reuters ដែល​ចេញផ្សាយ​នៅ​ថ្ងៃ​ទី ១៨ ខែ ធ្នូ ឆ្នាំ​២០២៣ បាន​រាយការណ៍​ថា New Hope Liuhe បាន​ប្រកាស​ថា ខ្លួន​នឹង​លក់​ភាគហ៊ុន​ចំនួន ៥១% នៅ​ក្នុង​អាជីវកម្ម​បង្កាត់​ពូជ និង​កែ​ច្នៃ​ប​សុ​បក្សី​របស់​ខ្លួន ដែល​មានឈ្មោះ​ថា Shandong Zhongxin Food ទៅ​ឱ្យ​ក្រុមហ៊ុន​រដ្ឋ​ចិន China Animal Husbandry Group ក្នុង​តម្លៃ​២.៧​ពាន់​លាន​យន់ ស្មើនឹង​៣៧៩​លាន​ដុល្លារ ខណៈ​ដែល China Animal Husbandry គឺជា​អ្នក​ផលិត​វ៉ាក់សាំង​សត្វ​ដ៏​សំខាន់ ហើយ​ក៏​ចូលរួម​ក្នុង​ការ​បង្កាត់​ពូជ និង​ផលិត​ចំណី​ផង​ដែរ​។

ក្រុមហ៊ុន New Hope Liuhe បាន​បញ្ជាក់​ថា ខ្លួន​ក៏​នឹង​លក់​ភាគហ៊ុន ៦៧% នៅ​ក្នុង​អង្គភាព​កែ​ច្នៃ​អាហារ​នៅ​ទីក្រុង​ប៉េ​កាំ​ង​របស់​ខ្លួន​ក្នុង​តម្លៃ​១.៥​ពាន់​លាន​យន់ ដែល​ស្មើនឹង​២១០​លាន​ដុល្លារ​ទៅ​ឱ្យ​ក្រុមហ៊ុន Hainan Shengchen Investment Co ដែល​ជា​ក្រុមហ៊ុន​គ្រប់គ្រង​ដោយ New Hope Investment Group ដែល​ជា​ដៃគូ​វិនិយោគ​បង្កើត​ឡើង​ដោយ New Hope Group ខណៈ​ដែល New Hope Group ដែល​ជា​កម្មសិទ្ធិឯកជន​គឺជា​ក្រុមហ៊ុនមេ​របស់ New Hope Liuhe ។

ក្រុមហ៊ុន New Hope Liuhe ដែល​បាន​ចុះបញ្ជី​ត្រឹមត្រូវ គឺជា​ក្រុមហ៊ុន​ផលិតកម្ម​ជ្រូក​ធំ​ជាង​ទី​៣​របស់​ប្រទេស​ចិន បាន​រាយការណ៍​ពី​ការ​ខាតបង់​ចំនួន​៣.៨៨​ពាន់​លាន​យន់ ស្មើនឹង​៥៤៤​លាន​ដុល្លារ នៅ​ក្នុង​ត្រីមាស​ដំបូង​នៃ​ឆ្នាំ​នេះ ដោយសារ​តម្រូវការ​ធ្លាក់​ចុះ និង​ការ​ផ្គត់ផ្គង់​លើស​បាន​រក្សា​តម្លៃ​ជ្រូក​ក្រោម​តម្លៃ​ផលិតកម្ម​ភាគច្រើន​នៃ​ឆ្នាំ​នេះ​។

ភាគហ៊ុន​របស់ New Hope Liuhe បាន​ធ្លាក់​ចុះ ០.៦៤% នៅ​ព្រឹក​ថ្ងៃ​ទី ១៨ ខែធ្នូ នៅ​ក្នុង​តម្លៃ​៩.២៥​យន់ ដែល​ស្មើនឹង​១.២៩​ដុល្លារ ហើយ​កំពុង​ជួញដូរ​នៅ​កម្រិត​ទាប​បំផុត​ចាប់តាំងពី​ដើមឆ្នាំ ២០១៩​។ ក្រុមហ៊ុន​បាន​ប្រាប់​ម្ចាស់​ភាគហ៊ុន​កាលពី​ខែកក្កដា​កន្លង​ទៅ​ថា ខ្លួន​គ្រោង​នាំ​យក​អ្នក​វិនិយោគ​ដែល​គាំទ្រ​ដោយ​រដ្ឋ ដើម្បី​ចូលរួម​ភាគហ៊ុន​នៅ​ក្នុង​អង្គភាព​ប​សុ​បក្សី និង​អាហារ​។ ក្រុមហ៊ុន​ក៏​បាន​បញ្ជាក់​បន្ថែម​ថា ការ​លក់​ភាគហ៊ុន​នឹង​ធានា​នូវ​ការ​ប្រកួតប្រជែង​របស់​ក្រុមហ៊ុន ក៏​ដូច​ជា​ការ​អភិវឌ្ឍន៍​ប្រកបដោយ​និរន្តរភាព​។

សូម​ជម្រាប​ថា កង្វះ​ដើមទុន​ធ្វើការ​បាន​បង្កើន​ជា​បញ្ហា​សម្រាប់​បណ្តា​ក្រុមហ៊ុន​បង្កាត់​ពូជ​ជ្រូក​ទាំងអស់​របស់​ប្រទេស​ចិន ដោយ​តម្លៃ​ជ្រូក​មិន​ត្រូវ​បាន​រំពឹង​ថា នឹង​ងើបឡើង​វិញ​ដល់​កម្រិត​ដែល​រកបាន​ប្រាក់​ចំណេញ​រហូត​ដល់​ឆ្នាំ ២០២៤៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ