រាជធានីភ្នំពេញ ៖ ក្រសួងបរិស្ថាន និងអង្គការ WWF បានបង្ហោះវីដេអូដ៏កម្រមួយ ហើយបានរៀបរាប់ប្រាប់ឱ្យដឹងថា កំឡុងអំឡុងពេលកំពុងតែល្បាតនោះ ក្រុមការងារអនុវត្តច្បាប់ ក៏ស្រាប់តែប្រទះឃើញសត្វឆ្កែព្រៃចំនួន២ក្បាល ដែលជាសត្វជិតផុតពូជក្នុងពិភពលោក ស្ថិតនៅដែនជម្រកសត្វព្រៃស្រែពក ក្នុងភូមិសាស្ត្រខេត្តមណ្ឌលគីរី កាលពីថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២៣ ។

ហើយសត្វឆ្កែព្រៃនេះ មានឈ្មោះថា «Cuon alpinus» នឹងត្រូវបានចាត់ចូលជាប្រភេទសត្វរងគ្រោះថ្នាក់ជិតផុតពូជបំផុត ក្នុងបញ្ជីក្រហមរបស់អង្គការ IUCN ដែលមានប្រមាណជាង២៥០០ក្បាលតែប៉ុណ្ណោះនៅក្នុងពិភពលោក។

សត្វឆ្កែព្រៃនេះ គឺជាអម្បូរសត្វដែលសហការគ្នាជាក្រុមៗ នៅពេលដែលពួកវាត្រូវចេញប្រមាញ់ចំណី ជាពិសេសគឺពួកវាអាចប្រមាញ់សត្វដែលមានមាឌធំជាងខ្លួនវារហូតដល់ទៅ១០ដងឯណោះ!។ សត្វឆ្កែព្រៃដ៏កម្រនេះ កំពុងតែរងគ្រោះដោយសារបញ្ហាការដាក់អន្ទាក់ និងការបា.ត់ប.ង់ទីជម្រក ជាពិសេសពួកវាទទួលរងគ្រោះ ដោយសារជំងឺឆ្លងពីសត្វឆ្កែក្នុងស្រុកផងដែរ។ ដូច្នេះសូមចូលរួមការពារសត្វព្រៃដ៏កម្ររបស់យើង ដោយការមិនបរិភោគសាច់សត្វព្រៃ និងកុំបណ្តើរឆ្កែចូលព្រៃការពារ។

សូមបញ្ជាក់ថា ក្រុមការងារអនុវត្តច្បាប់ មានមន្ត្រីឧទ្យានុរក្ស នៃក្រសួងបរិស្ថាន និងមន្ទីរបរិស្ថានខេត្ត ភ្នាក់ងារល្បាតសហគមន៍ និងមន្ត្រីអនុវត្តច្បាប់របស់អង្គការ WWF បានខិតខំប្រឹងប្រែដើរល្បាត ដោះអន្ទាក់ បញ្ឈប់បទល្មើស នៅដែនជម្រកសត្វព្រៃស្រែពក ដើម្បីរក្សាធនធានសត្វព្រៃកម្ពុជា ឱ្យនៅគង់វង្សសម្រាប់កូនចៅជំនាន់ក្រោយ៕



ចែករំលែកព័តមាននេះ