ភ្នំពេញ៖ បញ្ជីឈ្មោះបេក្ខជនឈរឈ្មោះបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ ឆ្នាំ២០២៤ របស់គណបក្សប្រជាជនកម្ពុជា ដែលគ.ជ.ប បានផ្សព្វផ្សាយ បង្ហាញថា សម្តេចតេជោ ហ៊ុន សែន ជាបេក្ខជនពេញសិទ្ធិ លំដាប់ទី១ នៅភូមិភាគទី៣ ខេត្តកណ្តាល ដែលមាន ៥អាសនៈ។
ចំណែកលោក ប្រាក់ សុខុន អតីតឧបនាយករដ្ឋមន្ត្រី និងជាអតីតរដ្ឋមន្ត្រីការបរទេស អាណត្តិទី៥-៦ ក៏ជាបេក្ខជនពេញសិទ្ធិ លំដាប់ទី១ នៅភូមិភាគទី១ រាជធានីភ្នំពេញ។
រីឯអ្នកឧកញ៉ា កុក អាន ជាបេក្ខជនពេញសិទ្ធិ លំដាប់ទី៤ នៅភូមិភាគទី៥ ខេត្តតាកែវ ខេត្តកំពត និងខេត្តកែប។ ចំណែកអ្នកឧកញ៉ា លី យ៉ុងផាត់ ដែលជាដន្លងរបស់អ្នកឧកញ៉ា កុក អាន គឺជាបេក្ខជនពេញសិទ្ធិ លំដាប់ទី៤ នៅភូមិភាគទី៧ ខេត្តកំពង់ស្ពឺ ខេត្តកំពង់ឆ្នាំង ខេត្តពោធិ៍សាត់ ខេត្តកោះកុង និងខេត្តព្រះសីហនុ។
ដោយឡែក លោកឧកញ៉ា ម៉ុង ឫទ្ធី ជាបេក្ខជនពេញសិទ្ធិ លំដាប់ទី៥ នៅភូមិភាគទី៧ ខេត្តកំពង់ស្ពឺ ខេត្តកំពង់ឆ្នាំង ខេត្តពោធិ៍សាត់ ខេត្តកោះកុង និងខេត្តព្រះសីហនុ។
ក្នុងនោះ លោកស្រី ថាក់ ឡានី អតីតសមាជិកព្រឹទ្ធសភារបស់គណបក្សសមរង្ស៊ី ដែលបានចូលរួមនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា ត្រូវបានដាក់ឱ្យឈរឈ្មោះជាបេក្ខជនពេញសិទ្ធិ លំដាប់ទី៦ នៅភូមិភាគទី៧ ខេត្តកំពង់ស្ពឺ ខេត្តកំពង់ឆ្នាំង ខេត្តពោធិ៍សាត់ ខេត្តកោះកុង និងខេត្តព្រះសីហនុ។
អំឡុងពេលប្រកាសលាឈប់ពីតំណែងនាយករដ្ឋមន្ត្រី កាលពីខែកក្កដា ឆ្នាំ២០២៣ សម្តេចតេជោ ហ៊ុន សែន បានលើកឡើងថា បន្ទាប់ពីការបោះឆ្នោតព្រឹទ្ធសភា នាខែកុម្ភៈ ឆ្នាំ២០២៤ សម្តេច នឹងក្លាយជាប្រធានព្រឹទ្ធសភា ជំនួសសម្តេច សាយ ឈុំ ដែលបានស្នើសុំចូលនិវត្ត។
ជាការកត់សម្គាល់ នៅពេលបិទបញ្ចប់ការចុះបញ្ជីគណបក្សនយោបាយឈរឈ្មោះបោះឆ្នោត និងបញ្ជីបេក្ខជនឈរឈ្មោះ សម្រាប់ការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ ឆ្នាំ២០២៤ នាថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២៣ នេះ គ.ជ.ប បានប្រកាសពីការទទួលស្គាល់ផ្លូវការបញ្ជីគណបក្សចំនួន ៣ គឺគណបក្សប្រជាជនកម្ពុជា គណបក្សឆន្ទៈខ្មែរ និងគណបក្សកម្លាំងជាតិ។ ចំណែកគណបក្សហ៊្វុនស៊ិនប៉ិច ត្រូវបានគ.ជ.ប កំពុងពិនិត្យលើសំណុំឯកសារ។
សូមបញ្ជាក់ថា ការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ ឆ្នាំ២០២៤ នឹងធ្វើឡើង នៅថ្ងៃអាទិត្យ ទី២៥ ខែកុម្ភៈ ឆ្នាំ២០២៤។
ការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា គឺជាការបោះឆ្នោតអសកល ដែលមានតែសមាជិកក្រុមប្រឹក្សាឃុំសង្កាត់ ក្នុងតំណែង ចំនួនសរុប ១១៦២២រូប និងសមាជិករដ្ឋសភា ឬអ្នកតំណាងរាស្ត្រក្នុងតំណែង ១២៥រូបប៉ុណ្ណោះ ជាអ្នកបោះឆ្នោត។
លទ្ធផលនៃការបោះឆ្នោតឃុំសង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ បង្ហាញថា មានគណបក្ស ៩ បានជាប់ឆ្នោត ដែលមានសមាសភាពសរុប ១១៦២២រូប។ ក្នុងនោះ គណបក្សប្រជាជនកម្ពុជា ឈ្នះឆ្នោតច្រើនជាងគេ ជាង ៨០ភាគរយ ដោយមានសមាសភាពជាក្រុមប្រឹក្សាឃុំសង្កាត់ ចំនួន ៩៣៧៦រូប។ គណបក្សភ្លើងទៀន មាន ២១៩៨រូប។ គណបក្សហ៊្វុនស៊ិនប៉ិច ១៩រូប។ គណបក្សរួបរួមជាតិ ១៣រូប។ គណបក្សប្រជាធិបតេយ្យមូលដ្ឋាន ៦រូប។ គណបក្សខ្មែរស្រឡាញ់ជាតិ ៥រូប។ គណបក្សយុវជនកម្ពុជា ៣រូប។ គណបក្សកម្ពុជានិយម ១រូប។ គណបក្សសំបុកឃ្មុំសង្គមប្រជាធិបតេយ្យ ១រូប។
ដោយឡែក លទ្ធផលនៃការបោះឆ្នោតតំណាងរាស្ត្រ នីតិកាលទី៧ នាខែកក្កដា ឆ្នាំ២០២៣ គឺក្នុងចំណោមអាសនៈរដ្ឋសភា សរុប ១២៥រូប មានគណបក្សប្រជាជនកម្ពុជា ១២០រូប និងគណបក្សហ៊្វុនស៊ិនប៉ិច ៥រូប៕









ចែករំលែកព័តមាននេះ