ភ្នំពេញ៖ ថ្នាក់ដឹកនាំកំពូលៗរបស់គណបក្សភ្លើងទៀន ដែលបានប្តូរឈ្មោះមកពីគណបក្សសមរង្ស៊ី នៅពេលនេះ បានឈរឈ្មោះបោះឆ្នោតព្រឹទ្ធសភា នៅគណបក្សឆន្ទៈខ្មែរ។ គណបក្សឆន្ទៈខ្មែរ ត្រូវប្រជែងនឹងគណបក្សកម្លាំងជាតិ ដែលបានបំបែកចេញពីគណបក្សភ្លើងទៀន ដឹកនាំដោយលោក ស៊ុន ចន្ធី និងលោក អឿ សំអុល អតីតជំនួយការផ្ទាល់របស់លោក សម រង្ស៊ី។
បញ្ជីឈ្មោះបេក្ខជនឈរឈ្មោះបោះឆ្នោតព្រឹទ្ធសភា របស់គណបក្សឆន្ទៈខ្មែរ ដែលគ.ជ.ប ទទួលស្គាល់ និងប្រកាសផ្សព្វផ្សាយនៅថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២៣ នេះ បានបង្ហាញពីឈ្មោះថ្នាក់ដឹកនាំកំពូលៗ របស់គណបក្សភ្លើងទៀន ដែលបានទៅឈរឈ្មោះបោះឆ្នោតព្រឹទ្ធសភា នៅគណបក្សឆន្ទៈខ្មែរ រួមមាន៖
១-លោក សុក ហាច ឈរឈ្មោះជាបេក្ខជនពេញសិទ្ធិ លំដាប់ទី១ នៅភូមិភាគទី២ ខេត្តកំពង់ចាម និងខេត្តត្បូងឃ្មុំ
២-លោក អ៊ុច សេរីយុទ្ធ ឈរឈ្មោះលំដាប់ទី២ នៅភូមិភាគទី២ ខេត្តកំពង់ចាម និងខេត្តត្បូងឃ្មុំ
៣-លោក ចាន់ ចេង ជាបេក្ខជនពេញសិទ្ធិ លំដាប់ទី១ នៅភូមិភាគទី៣ ខេត្តកណ្តាល
៤-លោកស្រី ពត ពៅ ជាបេក្ខជនពេញសិទ្ធិ លំដាប់ទី៣ នៅភូមិភាគទី៣ ខេត្តកណ្តាល
៥-លោក ឃីម ឡាគី ជាបេក្ខជនពេញសិទ្ធិ លំដាប់ទី៤ នៅភូមិភាគទី៣ ខេត្តកណ្តាល
៦-លោក សេង ម៉ារឌី ជាបេក្ខជនពេញសិទ្ធិ លំដាប់ទី១ នៅភូមិភាគទី៤ ខេត្តបាត់ដំបង ខេត្តបន្ទាយមានជ័យ ខេត្តសៀមរាប ខេត្តឧត្តរមានជ័យ និងខេត្តប៉ៃលិន
៧-លោក ហុង សុខហួរ បេក្ខជនពេញសិទ្ធិ លំដាប់ទី១ នៅភូមិភាគទី៥ ខេត្តតាកែវ ខេត្តកំពត និងខេត្តកែប
៨-លោក គង់ មុនីកា ជាបេក្ខជនពេញសិទ្ធិ លំដាប់ទី១ នៅភូមិភាគទី៦ ខេត្តព្រៃវែង និងខេត្តស្វាយរៀង
៩-លោក គីមសួរ ភីរិទ្ធ ជាបេក្ខជនពេញសិទ្ធិ នៅភូមិភាគទី៧ ខេត្តកំពង់ស្ពឺ ខេត្តកំពង់ឆ្នាំង ខេត្តពោធិ៍សាត់ ខេត្តកោះកុង និងខេត្តព្រះសីហនុ
១០-លោក សុន ឆ័យ ជាបេក្ខជនពេញសិទ្ធិ លំដាប់ទី១ នៅភូមិភាគទី៨ ខេត្តកំពង់ធំ ខេត្តព្រះវិហារ ខេត្តក្រចេះ ខេត្តស្ទឹងត្រែង ខេត្តរតនគិរី និងខេត្តមណ្ឌលគិរី
ដោយឡែក លោក ទាវ វណ្ណុល ដែលជាប្រធានគណបក្សភ្លើងទៀន មិនបានឈរឈ្មោះ ជាបេក្ខជនបោះឆ្នោតព្រឹទ្ធសភា នៅក្នុងគណបក្សឆន្ទៈខ្មែរឡើយ។
ចំណែក បញ្ជីបេក្ខជនឈរឈ្មោះបោះឆ្នោតព្រឹទ្ធសភា របស់គណបក្ស កម្លាំងជាតិ ដែលគ.ជ.ប ផ្សព្វផ្សាយ នាថ្ងៃទី១១ធ្នូនេះ បង្ហាញថា លោក អឿ សំអុល អគ្គលេខាធិការគណបក្សកម្លាំងជាតិ និងជាអតីតជំនួយការផ្ទាល់លោកសមរង្ស៊ី បានឈរឈ្មោះពេញសិទ្ធិ នៅលំដាប់លេខរៀងទី១ នៅភូមិភាគទី៣ ខេត្តកណ្តាល។ ចំណែកលោក ស៊ុន ចន្ធី ប្រធានគណបក្សកម្លាំងជាតិ និងជាអតីត ជំនួយការផ្ទាល់ម្នាក់ទៀតរបស់លោកសមរង្ស៊ី ក៏បានឈរឈ្មោះជាបេក្ខជនពេញសិទ្ធិ លំដាប់ទី១ នៅភូមិភាគទី៨ ខេត្តកំពង់ធំ ខេត្តព្រះវិហារ ខេត្តក្រចេះ ខេត្តស្ទឹងត្រែង ខេត្តរតនគិរី និងខេត្តមណ្ឌលគិរី។
សូមរម្លឹកថា គណបក្សកម្លាំងជាតិ បានបំបែកចេញពីគណបក្សភ្លើងទៀន។ ក្នុងនោះ លោក ជា មុនី និងលោក រ៉ុង ឈុន ក៏បានចាកចេញពីគណបក្សភ្លើងទៀន ទៅចូលរួមនយោបាយជាមួយគណបក្សកម្លាំងជាតិ កាលពីពេលថ្មីៗនេះ ផងដែរ។
ជាការកត់សម្គាល់ នៅពេលបិទបញ្ចប់ការចុះបញ្ជីគណបក្សនយោបាយឈរឈ្មោះបោះឆ្នោត និងបញ្ជីបេក្ខជនឈរឈ្មោះ សម្រាប់ការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ ឆ្នាំ២០២៤ នាថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២៣ នេះ គ.ជ.ប បានប្រកាសពីការទទួលស្គាល់ផ្លូវការបញ្ជីគណបក្សចំនួន ៣ គឺគណបក្សប្រជាជនកម្ពុជា គណបក្សឆន្ទៈខ្មែរ និងគណបក្សកម្លាំងជាតិ។ ចំណែកគណបក្សហ៊្វុនស៊ិនប៉ិច ត្រូវបានគ.ជ.ប កំពុងពិនិត្យលើសំណុំឯកសារ។
សូមបញ្ជាក់ថា ការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ ឆ្នាំ២០២៤ នឹងធ្វើឡើង នៅថ្ងៃអាទិត្យ ទី២៥ ខែកុម្ភៈ ឆ្នាំ២០២៤។
ការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា គឺជាការបោះឆ្នោតអសកល ដែលមានតែសមាជិកក្រុមប្រឹក្សាឃុំសង្កាត់ ក្នុងតំណែង ចំនួនសរុប ១១៦២២រូប និងសមាជិករដ្ឋសភា ឬអ្នកតំណាងរាស្ត្រក្នុងតំណែង ១២៥រូបប៉ុណ្ណោះ ជាអ្នកបោះឆ្នោត។
លទ្ធផលនៃការបោះឆ្នោតឃុំសង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ បង្ហាញថា មានគណបក្ស ៩ បានជាប់ឆ្នោត ដែលមានសមាសភាពសរុប ១១៦២២រូប។ ក្នុងនោះ គណបក្សប្រជាជនកម្ពុជា ឈ្នះឆ្នោតច្រើនជាងគេ ជាង ៨០ភាគរយ ដោយមានសមាសភាពជាក្រុមប្រឹក្សាឃុំសង្កាត់ ចំនួន ៩៣៧៦រូប។ គណបក្សភ្លើងទៀន មាន ២១៩៨រូប។ គណបក្សហ៊្វុនស៊ិនប៉ិច ១៩រូប។ គណបក្សរួបរួមជាតិ ១៣រូប។ គណបក្សប្រជាធិបតេយ្យមូលដ្ឋាន ៦រូប។ គណបក្សខ្មែរស្រឡាញ់ជាតិ ៥រូប។ គណបក្សយុវជនកម្ពុជា ៣រូប។ គណបក្សកម្ពុជានិយម ១រូប។ គណបក្សសំបុកឃ្មុំសង្គមប្រជាធិបតេយ្យ ១រូប។
ដោយឡែក លទ្ធផលនៃការបោះឆ្នោតតំណាងរាស្ត្រ នីតិកាលទី៧ នាខែកក្កដា ឆ្នាំ២០២៣ គឺក្នុងចំណោមអាសនៈរដ្ឋសភា សរុប ១២៥រូប មានគណបក្សប្រជាជនកម្ពុជា ១២០រូប និងគណបក្សហ៊្វុនស៊ិនប៉ិច ៥រូប៕






ចែករំលែកព័តមាននេះ