ព្រឹទ្ធសភា និងវិទ្យុចិន បង្ហាញពីសមិទ្ធផលខួប ១០ឆ្នាំនៃការរួមគ្នាកសាង ”ខ្សែក្រវាត់ និងផ្លូវ”
- ភ្នំពេញ
រាជធានីភ្នំពេញ៖ វិទ្យុចិន នៅកម្ពុជា និងព្រឹទ្ធសភា បានបើកពិព័រណ៍ ស្ដីពី សមិទ្ធផលនៃខួប ១០ឆ្នាំនៃការរួមគ្នាកសាង ”ខ្សែក្រវាត់ និងផ្លូវ”…
រាជធានីភ្នំពេញ៖ វិទ្យុចិន នៅកម្ពុជា និងព្រឹទ្ធសភា បានបើកពិព័រណ៍ ស្ដីពី សមិទ្ធផលនៃខួប ១០ឆ្នាំនៃការរួមគ្នាកសាង ”ខ្សែក្រវាត់ និងផ្លូវ”…
រាជធានីភ្នំពេញ៖ វិទ្យុចិន នៅកម្ពុជា និងព្រឹទ្ធសភា បានបើកពិព័រណ៍ ស្ដីពី សមិទ្ធផលនៃខួប ១០ឆ្នាំនៃការរួមគ្នាកសាង ”ខ្សែក្រវាត់ និងផ្លូវ” និងកិច្ចសំណេះសំណាល ”ប្រិយមិត្ត” អបអរសាទរខួបគម្រប់ ១៥ឆ្នាំ នៃការបង្កើតវិទ្យុមិត្តភាពកម្ពុជា-ចិន។
នៅរសៀលថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២៣ វិទ្យុមិត្តភាពកម្ពុជា-ចិន បានសហការជាមួយអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា រៀបចំពិព័រណ៍ ស្ដីពី សមិទ្ធផលនៃខួប ១០ឆ្នាំ នៃការរួមគ្នាកសាង ”ខ្សែក្រវាត់ និងផ្លូវ” រវាងកម្ពុជា និងចិន និងកិច្ចសំណេះសំណាល ”ប្រិយមិត្ត” អបអរសាទរខួបគម្រប់ ១៥ឆ្នាំនៃការបង្កើតវិទ្យុមិត្តភាពកម្ពុជា-ចិន។ ពិធីនេះ បានធ្វើឡើង នៅសាលសិក្ខាសាលាព្រឹទ្ធសភា ក្នុងវិមានចំការមន ក្នុងរាជធានីភ្នំពេញ។
ក្នុងឱកាសនោះ កញ្ញា Yao Shiya ប្រធានគ្រប់គ្រងវិទ្យុមិត្តភាពកម្ពុជា-ចិន ប្រចាំរាជធានីភ្នំពេញ នៃអគ្គស្ថានីយវិទ្យុ និងទូរទស្សន៍មជ្ឈិមចិន បានឱ្យដឹងថា កម្មវិធីនេះ រៀបចំឡើង ក្នុងគោលបំណង បង្ហាញនូវការតាំងពិព័រណ៍ ស្ដីពី សមិទ្ធផលនៃខួបគម្រប់ ១០ឆ្នាំ នៃការរួមគ្នាកសាង ”ខ្សែក្រវាត់ និងផ្លូវ” រវាងកម្ពុជា និងចិន ដែលសហការរៀបចំដោយអគ្គស្ថានីយវិទ្យុ និងទូរទស្សន៍មជ្ឈិមចិន ស្ថានទូតចិន ប្រចាំនៅកម្ពុជា និងក្រសួងព័ត៌មាន។
កញ្ញាបញ្ជាក់ថា ឆ្នាំ២០២៣នេះ ជាខួបគម្រប់ ៦៥ឆ្នាំនៃការបង្កើតចំណងការទូតកម្ពុជា-ចិន និងជាខួបគម្រប់ ១៥ឆ្នាំនៃការបង្កើតវិទ្យុមិត្តភាពកម្ពុជា-ចិន។ ១៥ឆ្នាំមកនេះ វិទ្យុមិត្តភាពកម្ពុជា-ចិន បាន និងកំពុងប្រកាន់ខ្ជាប់នូវការអនុវត្តកាតព្វកិច្ចប្រព័ន្ធផ្សព្វផ្សាយ ធ្វើជាសាក្សី និងកត់ត្រាទុកនូវរឿងរ៉ាវមិត្តភាពដ៏ពិតប្រាកដរវាងកម្ពុជា និងចិន។
ចំណែកលោក ជួន សុធី អគ្គនាយករង នៃអគ្គនាយកដ្ឋានព័ត៌មាន និងទំនាក់ទំនងសាធារណៈ នៃអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា បានលើកឡើងថា ការរៀបចំកម្មវិធីថ្ងៃនេះ ពិតជាបានចូលរួមចំណែក ធ្វើឱ្យចំណងមិត្តភាពកម្ពុជា និងចិន កាន់តែស៊ីជម្រៅរឹងមាំ និងស្ថិតស្ថិរយូរអង្វែង និងនាំមកនូវការវិវឌ្ឍរីកចម្រើន លើគ្រប់វិស័យ។ ពោលគឺពីកិច្ចសហប្រតិបត្តិការជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ ទៅជាមិត្តភាពដែកថែប និងឈានដល់កិច្ចសហប្រតិបត្តិការ «ត្បូងពេជ្រ»។
ជាមួយគ្នានោះដែរ លោកបណ្ឌិត ជា មុនីឫទ្ធិ ប្រធានសមាគមអ្នកស្រាវជ្រាវវឌ្ឍនភាពកម្ពុជា-ចិន និងជាសមាជិកគណៈប្រតិបត្តិនៃសមាគមមិត្តភាពកម្ពុជា-ចិន បានបង្ហាញក្តីរីករាយ និងចាត់ទុកថា តាមរយៈព្រឹត្តិការណ៍នេះ នឹងធ្វើឱ្យប្រជាជននៃប្រទេសទាំងពីរ បានយល់កាន់តែស៊ីជម្រៅអំពីសមិទ្ធផលជាច្រើន ដែលកម្ពុជា ទទួលបានតាមរយៈការគាំទ្រ គំនិតផ្តួចផ្តើម ខ្សែក្រវាត់ និងផ្លូវ របស់ប្រធានរដ្ឋចិន Xi Jinping។
ជាមួយគ្នានេះ តំណាងប្រិយមិត្តវិទ្យុមិត្តភាពកម្ពុជា-ចិន និងអ្នកចូលរួម បានបង្ហាញការគាំទ្រ ចំពោះព្រឹត្តិការណ៍ នៅថ្ងៃនេះ ដោយចាត់ទុកថា ជាការបង្កើនកិច្ចសហប្រតិបត្តិការកម្ពុជា-ចិន ឱ្យកាន់តែរឹងមាំថែមទៀត។
ក្នុងឱកាសដ៏ពិសេសនេះ មានការបញ្ចាំងវីដេអូ អបអរសាទរខួបគម្រប់ ១៥ឆ្នាំនៃការបង្កើតវិទ្យុមិត្តភាពកម្ពុជា-ចិនរបស់ថ្នាក់ដឹកនាំស្ថាប័នរាជរដ្ឋាភិបាល អង្គភាពព័ត៌មានរដ្ឋ និងឯកជន សមាគម សាកលវិទ្យាល័យសំខាន់ៗ ហើយក៏មានការបង្ហាញចំណាប់អារម្មណ៍របស់ប្រិយមិត្ត និងកាត់នំខួបកំណើតវិទ្យុមិត្តភាពកម្ពុជា-ចិន ផងដែរ៕ អ៊ាង ប៊ុនរិទ្ធ
ចែករំលែកព័តមាននេះ