ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សម្តេចធិបតី ហ៊ុន ម៉ាណែត ជួប​ពិភាក្សាការងារ​ជាមួយ​អគ្គលេខាធិការបក្ស​កុម្មុយនីស្ត​វៀតណាម​

1 ឆ្នាំ មុន
  • ភ្នំពេញ

ហាណូយ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បាន​អញ្ជើញជួបពិភាក្សាការងារជាមួយ​ឯកឧត្តម ង្វៀន ហ៊្វូចុង (Nguyen Phu…

ហាណូយ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បាន​អញ្ជើញជួបពិភាក្សាការងារជាមួយ​ឯកឧត្តម ង្វៀន ហ៊្វូចុង (Nguyen Phu Trong)  អគ្គលេខាធិការ​បក្សកុម្មុយនីស្ដវៀតណាម​។ កិច្ចប្រជុំនេះ បានធ្វើឡើង នៅរដ្ឋធានីហាណូយ សាធារណរដ្ឋសង្គមនិយមវៀតណាម នារសៀលថ្ងៃចន្ទ ទី១១ ខែធ្នូ ឆ្នាំ២០២៣ នេះ។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់​កម្ពុជា អញ្ជើញទៅបំពេញ​ទស្សនកិច្ច​ផ្លូវការ រយៈពេល ២ថ្ងៃ ចាប់ពីថ្ងៃទី១១-១២ ខែធ្នូ ឆ្នាំ២០២៣ នៅប្រទេសវៀតណាម​។​

ក្នុងជំនួបនេះ ឯកឧត្តម ង្វៀន ហ៊្វូចុង បានសម្តែងនូវកិច្ចស្វាគមន៍ចំពោះការអញ្ជើញបំពេញ​ទស្សនកិច្ចផ្លូវការជាលើកទី១ ក្នុងនាមនាយករដ្ឋមន្ត្រី របស់ សម្តេចធិបតី ហ៊ុន ម៉ាណែត និងគណៈប្រតិភូជាន់ខ្ពស់ នៃរាជរដ្ឋាភិបាលកម្ពុជា នៅក្នុងប្រទេសវៀតណាម ព្រមទាំងបានសម្តែងនូវការអបអរសាទរចំពោះ សម្តេចធិបតី ដែលត្រូវបានអង្គសន្និបាត​គណៈកម្មាធិការកណ្តាល គណបក្សប្រជាជនកម្ពុជា លើកទី៤៤ អាណត្តិទី៥ បោះឆ្នោតជ្រើសតាំង ជាអនុប្រធានគណបក្សប្រជាជនកម្ពុជា​។

ក្នុងឱកាសនោះផងដែរ ឯកឧត្តមអគ្គលេខាធិការ ក៏បានសម្តែងនូវការកោតសរសើរដល់​រាជរដ្ឋាភិបាល ដែលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា ក្នុងការសម្រេចបាននូវសមិទ្ធផល​ជាច្រើន រហូតនាំឱ្យប្រទេសកម្ពុជាមានការអភិវឌ្ឍរីកចម្រើនឥតឈប់ឈរលើគ្រប់វិស័យ ។ ឯកឧត្តមអគ្គលេខាធិការ បានគូសបញ្ជាក់បន្ថែមទៀតថា តាមរយៈដំណើរទស្សនកិច្ចរបស់ សម្តេចធិបតី នាឱកាសនេះ ទំនាក់ទំនងទ្វេភាគីកម្ពុជា-វៀតណាម នឹងមានវឌ្ឍនភាពរីកចម្រើន​រឹងមាំបន្ថែមទៀត ។

លើសពីនេះ ឯកឧត្តម ង្វៀន ហ៊្វូចុង ក៏បានបង្ហាញនូវ សុទិដ្ឋិនិយមថា ក្រោមការដឹកនាំប្រកបដោយ​ភាពឈ្លាសវៃរបស់ សម្តេចធិបតី គឺកម្ពុជានឹងបន្តការអភិវឌ្ឍកាន់តែខ្លាំងក្លាទៅមុខ ហើយជីវភាព​រស់នៅ​របស់ប្រជាជនកម្ពុជា ក៏នឹងត្រូវបាន លើកកម្ពស់ឱ្យកាន់តែប្រសើរធូរធារចម្រុងចម្រើន ។

ជាការឆ្លើយតប សម្តេចធិបតី បានសម្តែងនូវក្តីសោមនស្សរីករាយដែលបានជួបសម្តែងការគួរសម ចំពោះ ឯកឧត្តម ង្វៀន ហ៊្វូចុង ជាថ្មីម្តងទៀត បន្ទាប់ពីជំនួបកាលពីឆ្នាំ២០១៩ កន្លងទៅ និងបាននាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់ សម្តេចតេជោ ហ៊ុន សែន ប្រធានក្រុមឧត្តមប្រឹក្សាព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជូនចំពោះ ឯកឧត្តមអគ្គលេខាធិការបក្ស ផងដែរ ព្រមជាមួយនឹងការអំណរគុណចំពោះការអបអរសាទររបស់ ឯកឧត្តម ង្វៀន ហ៊្វូចុង ក្នុងឱកាសដែលអង្គសន្និបាតគណៈកម្មាធិការកណ្តាល គណបក្សប្រជាជនកម្ពុជា បានបោះឆ្នោតជ្រើសតាំង សម្តេចធិបតី ជាអនុប្រធានគណបក្សប្រជាជនកម្ពុជា​។

ដោយឡែក សម្តេចធិបតី ក៏បានរំឭកឡើងវិញអំពីដំណើរទស្សនកិច្ចផ្លូវការជាច្រើនលើក មកកាន់ប្រទេសវៀតណាម នៅពេលដែល សម្តេចធិបតី កាន់មុខតំណែងជាមេបញ្ជាការ​កងទ័ពជើងគោក នៃកងយោធពលខេមរភូមិន្ទ និងជាប្រធានយុវជនគណបក្សប្រជាជនកម្ពុជា​ថ្នាក់កណ្តាល ដោយទទួលបានលទ្ធផលផ្លែផ្កាជាច្រើន ជាពិសេសការបង្កើនកិច្ចសហប្រតិបត្តិការនៅក្នុងការអប់រំបណ្តុះបណ្តាលធនធានមនុស្ស ។

ទន្ទឹមនឹងនេះ សម្តេចធិបតី ក៏បានគូសបញ្ចាក់ផងដែរថា រាជរដ្ឋាភិបាល អាណត្តិទី៧ នេះ ក៏នៅបន្តអនុវត្តគោលនយោបាយនានារបស់គណបក្សប្រជាជនកម្ពុជាប្រកបដោយសង្គតិភាព និងនិរន្តរភាព ហើយតាមរយៈគោលនយោបាយដែលបានដាក់ចេញនេះ ទំនាក់ទំនង​កម្ពុជា-វៀតណាម នឹងត្រូវបានបន្តពូនជ្រំក្នុងស្មារតីមិត្តភាពជាប្រពៃណី ទាំងក្នុងក្របខ័ណ្ឌទ្វេភាគី ក៏ដូចជាការគាំទ្រគ្នាទៅវិញទៅមកក្នុងវេទិកាពហុភាគី ព្រមជាមួយនឹងការពង្រឹងពង្រីក​លើផ្នែកសក្តានុពលថ្មីៗបន្ថែមទៀត ផងដែរ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ