រាជធានីភ្នំពេញ៖ រដ្ឋមន្ត្រីក្រសួងបរិស្ថាន លោក អ៊ាង សុផល្លែត បានដឹកនាំគណៈប្រតិភូអន្តរក្រសួងកម្ពុជា ចូលរួមសន្និសីទកំពូលអង្គការសហប្រជាជាតិ ស្តីពីការប្រែប្រួលអាកាសធាតុ លើកទី២៨ (COP28) នៅទីក្រុងឌូបៃ។
លោកបណ្ឌិត អ៊ាង សុផល្លែត បានឡើងថ្លែងនូវសេចក្តីថ្លែងការណ៍ ក្នុងនាមសម្តេច មហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា នៅឯសន្និសីទកំពូលអង្គការសហប្រជាជាតិ ស្តីពី ការប្រែប្រួលអាកាសធាតុលើកទី២៨ (COP28) នៅទីក្រុងឌូបៃ នៃប្រទេសអេមីរ៉ាត់អារ៉ាប់រួម ដើម្បីបង្ហាញពីការប្តេជ្ញាចិត្តខ្ពស់របស់កម្ពុជា ក្នុងកិច្ចខិតខំប្រឹងប្រែងជាអន្តរជាតិ ដើម្បីរួមចំណែកដោះស្រាយបញ្ហាប្រែប្រួលអាកាសធាតុ។
នៅចំពោះមុខថ្នាក់ដឹកនាំ មកពីជុំវិញពិភពលោក ចំនួន ១៩៧ប្រទេស លោករដ្ឋមន្រ្តី អ៊ាង សុផល្លែត បានជំរុញដល់សមាជិកនៃអង្គសន្និសីទ COP28 ឱ្យបង្កើនបន្ថែមនូវកិច្ចសហការជា សកល ដែលមិនធ្លាប់មានពីមុនមកសម្រាប់ឆ្លើយតបទៅនឹងការប្រែប្រួលអាកាសធាតុ ដោយធានានូវសុខុមាលភាពរបស់សហគមន៍ និងសុខភាពនៃភពផែនដីរបស់យើង។
លោកបណ្ឌិត បានសង្កត់ធ្ងន់ពីការបេ្តជ្ញាចិត្តរបស់កម្ពុជា ក្នុងការចូលរួមជាមួយបណ្តាប្រទេសហត្ថលេខីនៃ UNFCCC ដូចតទៅ៖ ១- ក្នុងការរក្សាកំណើនសីតុណ្ហភាពត្រឹម ១,៥អង្សាសែលស៊ុស កម្ពុជាបានប្ដេជ្ញាចិត្តតាមរយៈការដាក់ចេញនូវយុទ្ធសាស្រ្តរយៈពេលវែង ប្រកបដោយអព្យាក្រឹតកាបូន នៅត្រឹមឆ្នាំ២០៥០។ ២- ជំរុញការប្រើប្រាស់ថាមពលកកើតឡើងវិញ ឱ្យបាន ៧០% នៅត្រឹមឆ្នាំ២០៣០ ដែលបច្ចុប្បន្ននេះកម្ពុជា មានថាមពលស្អាតរហូតដល់ ៦២% រួចហើយ។ ៣- បង្កើនកាបូនស្តុក តាមរយៈការបង្កើនគម្របព្រៃឈើឱ្យបាន ៦០% ដោយក្នុងនោះ ក្រសួងបរិស្ថាន បានរួមចំណែកដាក់ចេញនូវយុទ្ធនាការដាំដើមឈើយ៉ាងហោចណាស់ ១លានដើម ក្នុងមួយឆ្នាំ និងការពារព្រៃឈើឱ្យបានហ្មត់ចត់។ ៤- ជំរុញ និងអំពាវនាវដល់សហគមន៍អន្តរជាតិ នាំគ្នាកៀរគរមូលនិធិអាកាសធាតុបៃតង (GCF) ឱ្យបាន ១០០ប៊ីលានដុល្លារអាម៉េរិកក្នុងមួយឆ្នាំ។ ៥- ជំរុញ និងបង្កើនថវិកា សម្រាប់មូលនិធិអាកាសធាតុផ្សេងទៀត ដូចជា មូលនិធិបន្សាំ មូលនិធិនៃការបាត់បង់ និងខូចខាត ព្រមទាំងមូលនិធិ សម្រាប់ប្រព័ន្ធស្បៀង ជាដើម ដើម្បីទប់ទល់នឹងវិបត្តិអាកាសធាតុ។
សូមបញ្ជាក់ថា នៅថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០២៣ នេះ ក្រៅពីធ្វើសេចក្តីថ្លែងការណ៍ លោកបណ្ឌិត អ៊ាង សុផល្លែត ក៏នឹងអញ្ជើញចូលរួម នៅក្នុងកិច្ចប្រជុំកម្រិតខ្ពស់ទ្វេភាគី ជាមួយអង្គការ CI កិច្ចប្រជុំជាមួយប្រធានលេខាធិការដ្ឋានវេទិកាអង្គការសហប្រជាជាតិ ស្តីពី ព្រៃឈើ (UNFF) និងកិច្ចប្រជុំកម្រិតខ្ពស់នៃបណ្តាប្រទេសជាដៃគូ JCM លើកទី៩ ផងដែរ៕ អ៊ាង ប៊ុនរិទ្ធ



ចែករំលែកព័តមាននេះ