រាជធានីភ្នំពេញ ៖ មន្ត្រីនគរបាលចរាចរណ៍ ចំនួន០៣នាក់ ដែលហៅឃាត់រថយន្ត០១គ្រឿង ល្មើសសញ្ញាចរាចរណ៍ នៅគោលដៅ (ក្តាន់ពីរ) ត្រូវបានកោះហៅមកសាកសួរបំភ្លឺ នៅការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក នេះបើយោងតាមបណ្តាញសង្គមរបស់ស្នងការដ្ឋាននគបាលរាជធានីភ្នំពេញ ។
ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នៅថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២៣ បានធ្វើការបំភ្លឺជូនសាធារណជនមេត្តាជ្រាបថា បន្ទាប់ពីបានឃើញការផ្សព្វផ្សាយព័ត៌មានផុសនៅលើបណ្តាញសង្គមជុំវិញមន្ត្រីនគរបាលចរាចរណ៍ បានឃាត់រថយន្ត០១គ្រឿង ចោទថាល្មើសសញ្ញាចរាចរណ៍ បង្កឱ្យមានការប្រកែកគ្នារវាងអ្នកបើកបររថយន្ត និងមន្ត្រីនគរបាលចរាចរណ៍ឈរជើង នៅគោលដៅភ្លើងសញ្ញាចរាចរណ៍ (ក្តាន់ពីរ) កាលពីរសៀលថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០២៣ នាំឱ្យអ្នកលេងបណ្តាញសង្គមស៊ែរព័ត៌មាននោះ ចែករំលែកតៗគ្នា បង្កឱ្យមានការភ្ញាក់ផ្អើល ។
បន្ទាប់ពីឃើញ ឃ្លីបវីដេអូនេះភ្លាម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានបញ្ជាឱ្យលោកវរសេនីយ៍ឯក ដេ ម៉ៅ នាយការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក ធ្វើការស្រាវជ្រាវ និងកោះហៅ មន្ត្រីនគរបាលចរាចរណ៍ ចំនួន០៣នាក់ ឱ្យចូលខ្លួនមកបំភ្លឺ ជុំវិញបញ្ហាការបង្ហោះវីដេអូនោះ ។
នៅរសៀលថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០២៣ មន្ត្រីនគរបាលចរាចរណ៍០៣នាក់ ដែលស្ថិតក្នុងរឿងរ៉ាវបញ្ហា នៅគោលដៅភ្លើងសញ្ញាចរាចរណ៍ (ក្តាន់ពីរ) ត្រូវបានកោះហៅយកមកសាកសួរនៅការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីរងចាំការពិនិត្យ និងសុំគោលការណ៍សម្រេចពីឯកឧត្តមស្នងការ ៕
ចែករំលែកព័តមាននេះ