ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពិធីបួងសួង និង​រាប់បាត្រ​បើក​ព្រឹត្តិការណ៍​រំលឹក​គុណ​អង្គរ​ឆ្នាំ​ទី​៣ នៅ​លើ​ទឹកដី​អង្គរ

1 ឆ្នាំ មុន
  • សៀមរាប

ខេត្ត​សៀម​រា​ប ៖ ​កាលពីថ្ងៃ​ទី​៧ ខែ ធ្នូ ឆ្នាំ ២០២៣ អាជ្ញាធរ​ជាតិ​អប្សរា​បាន​រៀបចំ​ពិធីបួងសួង​សុំ​

ខេត្ត​សៀម​រា​ប ៖ ​កាលពីថ្ងៃ​ទី​៧ ខែ ធ្នូ ឆ្នាំ ២០២៣ អាជ្ញាធរ​ជាតិ​អប្សរា​បាន​រៀបចំ​ពិធីបួងសួង​សុំ​សេចក្ដីសុខ និង​រាប់បាត្រ​ព្រះសង្ឃ​១៣១​អង្គ បើក​ព្រឹត្តិការណ៍​រំលឹក​គុណ​អង្គរ​ឆ្នាំ​ទី​៣​។

ក្នុងព្រឹត្តិការណ៍​រំលឹក​គុណ​អង្គរ​ឆ្នាំ​ទី​៣ នៅ​លើ​ទឹកដី​ប្រវត្តិសាស្ត្រ​អង្គរ​នេះ​ រួម​មាន សម្ដេច​កិត្តិ​សង្គហ​បណ្ឌិត ម៉ែ​ន សំ​អន ឧត្តម​ប្រឹក្សា​ផ្ទាល់​ព្រះមហាក្សត្រ និង​លោក​ជំទាវ​បណ្ឌិត ពេ​ជ ចន្ទ​មុន្នី ហ៊ុន​ម៉ា​ណែ​ត និង​លោក​ជំទាវ ភឿ​ង ស​កុ​ណា រដ្ឋមន្ត្រីក្រសួង​វប្បធម៌ និងវិចិត្រសិល្បៈ និង​ជា​ប្រធាន​ក្រុមប្រឹក្សាភិបាល​អាជ្ញាធរ​ជាតិ​អប្សរា អភិបាលខេត្ត​សៀមរាប ព្រះ​សង្ឃ ថ្នាក់ដឹកនាំ មន្ត្រីរាជការ និង​បុគ្គលិក​អាជ្ញាធរ​ជាតិ​អប្សរា ជា​ច្រើន​រយ​នាក់​។

លោក​ជំទាវ ភឿ​ង ស​កុ​ណា មាន​ប្រសាសន៍​ថា ព្រឹត្តិការណ៍​រំលឹក​គុណ​អង្គរ​ធ្វើ​ឡើង​ក្នុង​គោលបំណង​ពីរ​សំខាន់​ៗ ពោល​គឺ​ដើម្បី​អបអរសាទរ​ខួប​៣១​ឆ្នាំ​នៃ​ការ​ចុះ​រមណីយដ្ឋាន​អង្គរ​ទៅ​ក្នុង​បញ្ជី សម្បត្តិ​បេតិកភណ្ឌ​ពិភពលោក នា​ថ្ងៃ​ទី​១៤ ខែធ្នូ ឆ្នាំ​១៩៩២ ក៏​ដូច​ជា​រំលឹក​នឹក​គុណ​ដល់​បុព្វការី​ជន ព្រះមហា​ក្សត្រ​ជំនាន់​មុន​គ្រប់​ព្រះ​អង្គ ដែល​បាន​កសាង​ប្រាង្គ​ប្រាសាទ​នានា បន្សល់​ទុក​នូវ​សម្បត្តិ បេតិកភណ្ឌ​សិល្បៈ និង​វប្បធម៌​ជា​ច្រើន បម្រើ​នូវ​គុណប្រយោជន៍​ផ្នែក​សង្គម និង​សេដ្ឋកិច្ច​ជូន​អ្នក​ជំនាន់​នេះ និង​ទៅ​អនាគត​។ ពិធី​នេះ​ក៏​ឧទ្ទិស​ផង​ដែរ​ចំពោះ​បុព្វបុរស​ខ្មែរ ឥស្សរជន​ខ្មែរ​គ្រប់​ជំនាន់ អ្នក​ជំនាញការ​ជាតិ អន្ដរជាតិ ដែល​បាន​លះបង់​កម្លាំងកាយ​កម្លាំងចិត្ត រហូត​ដល់​អាយុជីវិត​ដើម្បី​រក្សា​ការពារ និង​អភិរក្ស​មរតក​វប្បធម៌​ជាតិ​យើង​។

នា​ឱកាស​នោះ​ដែរ លោក​ជំទាវ ពេ​ជ ចន្ទ​មុន្នី ហ៊ុន​ម៉ា​ណែ​ត ក៏​បាន​រំលេច​នូវ​គុណូបការៈ​របស់​បុព្វបុរស​សម័យ​ដើម ដែល​បាន​កសាង​នូវ​ប្រាង្គ​ប្រាសាទ កសាង​ប្រវត្តិសាស្ត្រ​ជាដើម ស្រប​តាម​ពាក្យស្លោក​ខ្មែរ​ដែល​តែង​ពោល​ថា ផឹកទឹក​ឱ្យ​នឹក​ដល់​ប្រភព​។

លោក​ជំទាវ​បន្ថែម​ថា ព្រឹត្តិការណ៍​រំលឹក​គុណ​អង្គរ​នេះ គឺជា​ការ​បង្ហាញ​នូវ​មោទនភាព​ជាតិ អរិយ ធម៌ វប្បធម៌ និង​ប្រវត្តិសាស្ត្រ​ដ៏​សែន​យូរ​លង់​របស់​ជាតិ​សាសនា​ខ្មែរ ដ៏​ចំណាស់​មួយ​។ ពិធី​នេះ​បាន​រួមចំណែក​ដល់​ការ​ផ្សព្វផ្សាយ​បន្ថែម នូវ​សក្កា​នុ​ពល​វប្បធម៌ និង​ទេសចរណ៍​កម្ពុជា ដែល​អ្នកទេសចរ​អាច​បន្ត​មើលឃើញ​សក្ខីកម្ម ស្នាដៃ​ដ៏​អស្ចារ្យ​របស់​បុព្វបុរស​ខ្មែរ​ប្រកបដោយ​ទេព​កោសល្យ​ខ្ពស់​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ