ខេត្តបាត់ដំបង ៖ នាព្រឹកថ្ងៃទី២២ ឧសភា កម្មវិធីសលត៍បានរៀបចំប្រកួតកីឡាបាល់ទាត់ យុវជនដែលមានអាយុក្រោម១៥ឆ្នាំ និងក្រោម១៣ឆ្នាំដើម្បីអបអរសាទរថ្ងៃចំរើនព្រះជន្ម ព្រះករុណា សម្តេចព្រះនរោត្តម សីហមុនី និងជំរើសជើងឯករបស់ខេត្តបាត់ដំបងសំរាប់យកទៅប្រកួតនៅរាជធានីភ្នំពេញ។ ការប្រកួតនេះនៅក្នុងបរិវេណព្រលានយន្តហោះខេត្តបាត់ដំបង ដោយមានការចូលរួមពីលោកប៉ុម បូរ៉ាន់ អនុប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្ត លោកវរសេនីយ៍ឯកយស សំរិត មេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត លោកវរសេនីយ៍ឯក ចាន់ កុសល មេបញ្ជាការមូលដ្ឋានទ័ពអាកាសខេត្ត ព្រមទាំងអ្នកគ្រប់គ្រងកុមារទាំងអស់ដែលមកពីបណ្តាអង្គការនានា និងលោកគ្រូបង្វឹក អាជ្ញាកណ្តាល បុគ្គលិកកម្មវិធីសលត៍ និងកីឡាករទាំងអស់ ។
លោកធី អ្នកគ្រប់គ្រងកម្មវិធីសលត៍បានឱ្យដឹងថា ការប្រកួតនេះ គឺដើម្បីជ្រើសរើសក្រុមកីឡាករដែលមានសមត្ថភាពយកទៅចូលរួមប្រកួតជាមួយក្រុមជំរើសជាតិ U15 និង U13នៅរាជធានីភ្នំពេញ ។ លោកថ្លែងអំណរគុណដល់មន្ទីរអប់រំ យុវជន និងកីឡា ដែលបានសហការជាមួយកម្មវិធីសលត៍ជានិច្ច ហើយផ្តល់ឱកាសឱ្យធ្វើកម្មវិធីនេះឱ្យក្មេងៗមានឱកាសលេងបាល់ទាត់ និងអរគុណដល់លោកនាយកព្រលានយន្តហោះដែលបានឱ្យទីតាំងដ៏សមរម្យសំរាប់ឱ្យក្មេងៗរៀនលេងបាល់ទាត់ដែលជាឱកាសមួយពួកគេបានហ្វឹកហាត់ចំណេះដឹងផ្សេងៗ រួមទាំងលេងបាល់ទាត់ឱ្យទទួលបានអនាគត និងមានក្តីសុបិនទៅខាងមុខទៀតដើម្បីចៀសវាងអំពើអបាយមុខផ្សេងៗដល់សង្គមរបស់យើងដែលកំពុងតែជួបប្រទះ ជាពិសេសបញ្ហាគ្រឿងញៀន។
ជាលទ្ធផលសំរាប់ការប្រកួតផ្នែក យុវជនU15ចំណាត់ថ្នាក់លេខ១បានទៅលើក្រុមជ្រៃទទួលបានទង់ បាល់២គ្រាប់ សៀវភៅ និងប៊ិច។ លេខ២បានទៅលើក្រុម Star One ទទួលបានរង្វាន់ដូចគ្នា។ លេខ៣ បានទៅលើក្រុម KCD ទទួលបានទង់១ សៀវភៅ និងប៊ិច។ លេខ៤ បានទៅលើក្រុមសាលាHOPE ទទួលបានរង្វាន់ដូចគ្នា។ ចំពោះយុវជន U13 ចំណាត់ថ្នាក់លេខ១បានទៅលើក្រុមមាតុភូមិកុមារទទួលបានរង្វាន់ទង់១ សៀវភៅ និងប៊ិច។ លេខ២ បានទៅលើក្រុមកុមារីរីករាយទទួលរង្វាន់ដូចគ្នា លេខ៣ បានទៅលើក្រុមជ្រៃ ទទួលរង្វាន់ដូចគ្នា និងលេខ៤ បានទៅលើក្រុម KCD ទទួលបានរង្វាន់ដូចគ្នា។
លោកវរសេនីយ៍ឯក មាស សំរិត និងលោកវរសេនីយ៍ឯកចាន់ កុសល សំដែងក្តីរីករាយដែលបានឃើញកុមារលេងបាល់បានល្អប្រសើរ ហើយសុំផ្តាំផ្ញើដល់ពួកគេត្រូវយកចិត្តទុកដាក់ ហាត់រៀន ខំប្រឹងរៀនបន្តបន្ទាប់ទាំងការប្រកួតកីឡាបាល់ទាត់ក៏ដូចជារៀនចំណេះទូទៅផ្សេងៗក្នុងសាលាឱ្យរឹតតែមានចំណេះកើនឡើងបន្តទៀតដើម្បីឈានទៅជាទំពាំងស្នងឫស្សីនាពេលអនាគត៕
ចែករំលែកព័តមាននេះ