ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រកឃើញខ្ញី​មានប្រើសារធាតុគីមីដែល​ប៉ះពាល់​សុខ​​ភាព​មនុស្ស​ខ្លាំង​

4 ខែ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ក្រោយ​ពី​បើក​ប្រតិបត្តិការ​ចុះ​ត្រួតពិនិត្យ​ទីតាំង​កែ​ច្នៃ និង​ចែកចាយ​មួយ​កន្លែង​ហើយ ក៏​ត្រូវ​មន្ត្រីជំនាញ​​​រក​ឃើញ​​ខ្ញី​​​មាន​ប្រើ​​សារធាតុ​គីមី​ជា​ច្រើន ។ យោង​តាម​អគ្គ​.​ការពារ​អ្នក​ប្រើប្រាស់ កិច្ចការ​ប្រកួតប្រជែង និង​បង្ក្រាប​ការ​ក្លែងបន្លំ CCF…

រាជធានី​ភ្នំពេញ ៖ ក្រោយ​ពី​បើក​ប្រតិបត្តិការ​ចុះ​ត្រួតពិនិត្យ​ទីតាំង​កែ​ច្នៃ និង​ចែកចាយ​មួយ​កន្លែង​ហើយ ក៏​ត្រូវ​មន្ត្រីជំនាញ​​​រក​ឃើញ​​ខ្ញី​​​មាន​ប្រើ​​សារធាតុ​គីមី​ជា​ច្រើន ។

យោង​តាម​អគ្គ​.​ការពារ​អ្នក​ប្រើប្រាស់ កិច្ចការ​ប្រកួតប្រជែង និង​បង្ក្រាប​ការ​ក្លែងបន្លំ CCF បានឱ្យ​ដឹង​ថា ដោយ​មានការ​យកចិត្តទុកដាក់​ជា​ប្រចាំ​ពី​លោក​ជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម ក្នុង​ការ​លើកកម្ពស់​សុខុមាលភាព សុខភាព​ប្រជាពលរដ្ឋ តាម​រយៈ​ការ​ត្រួតពិនិត្យ​សុវត្ថិភាព​ម្ហូប​អាហារ និង​ដោយ​មានការ​ណែនាំ​ពី ឯកឧត្តម ផា​ន អូន ប្រតិភូ​រាជរដ្ឋាភិបាល​កម្ពុជា​ទទួល​បន្ទុក​ជា​អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​ការពារ​អ្នក​ប្រើប្រាស់ កិច្ចការ​ប្រកួតប្រជែង និង​បង្ក្រាប​ការ​ក្លែងបន្លំ “​ក​.​ប​.​ប​.” ឱ្យ​បន្ត​ពង្រឹង​យុទ្ធនាការ​ចុះ​ត្រួតពិនិត្យ​គុណភាព សុវត្ថិភាព​ទំនិញ ពិសេស​ម្ហូបអាហារ នៅ​តាម​បណ្តា​ទីផ្សារ​នានា ក្នុង​ក្រប​ខណ្ឌ​ទូ​ទាំង​ប្រទេស​។

ជាក់ស្តែង នៅ​ថ្ងៃ​ទី​៦ ខែធ្នូ ឆ្នាំ​២០២៣ សាខា ក​.​ប​.​ប​. រាជធានី​ភ្នំពេញ បាន​សហការ​ជាមួយ​នាយក​ដ្ឋាន​មន្ទីរពិសោធន៍ មន្ទីរ​ពាណិជ្ជកម្ម​រាជធានី​ភ្នំពេញ និង​អាជ្ញាធរ​ដែនដី បាន​នាំ​រថយន្ត​ពិដោ​ធន៍​ចល័ត​ផ្នែក​ម្ហូបអាហារ​ចុះ​ត្រួតពិនិត្យ​សុវត្ថិភាព​ម្ហូបអាហារ​នៅ​ទីតាំង​កែ​ច្នៃ​ខ្ញី​ហាន់ និង​ចែកចាយ​ចំនួន​មួយ​ទីតាំង ក្នុងភូមិ​សាស្ត្រ​ខណ្ឌដង្កោ រាជធានី​ភ្នំពេញ​។

ជា​លទ្ធផល ក្នុង​ប្រតិបត្តិការ​នេះ ក្រុម​មន្ត្រី​ជំនាញ​បាន​រក​ឃើញ ៖
-​ខ្ញី​ដុំ​មិន​ទាន់​ហាន់​២០៩​ថង់ ស្មើ​២១៤០​គីឡូក្រាម
-​មាន​សារធាតុ​គីមី គ្មាន​ស្លាក​សញ្ញា ជា​សាជូរ​១៧​បាវ ស្មើរ​១៧០​គីឡូក្រាម​។
-​មា​ស៊ី​ន​ហាន់​ខ្ញី​២​គ្រឿង ទំងន់​ស្មើនឹង​១០០​គីឡូក្រាម

-ម៉ាស៊ីន​លាង​ខ្ញី​១​គ្រឿង ទំងន់​៥០០​គីឡូក្រាម

-ខ្ញី​ហាន់​រួច​មាន លាយ​សារធាតុ​គីមី ត្រាំ​Sodium Hydrosufit ចំនួន​២៥​គីឡូក្រាម
-​សារធាតុ​គីមី ម្យ៉ាង​មានឈ្មោះ Sodium Hydrosulfite ដែល​ជា​ប្រភេទ​សារធាតុ​គីមី មិន​ត្រូវ​បាន​អនុ​ញ្ញាត​ឱ្យ​ប្រើប្រាស់​ជា​សារធាតុ​បន្ថែម​ក្នុង​ម្ហូបអាហារ​ទេ ចំនួន​១.៥​គីឡូក្រាម​។

ការ​ទទួលទាន​ផលិតផល​ម្ហូបអាហារ​ដែល​មាន​សារធាតុ​គីមី​ហាមឃាត់ Sodium Hydrosulfite ទៅ​ក្នុង​សារពាង្គកាយ​មនុស្ស អាច​បណ្តាល​ឱ្យ​ពិបាក​ដកដង្ហើម សម្ពាធ​ឈាម​ចុះ​ទាប វិលមុខ ឈឺ​ពោះ ក្អួតចង្អោរ រាករូស ។ សម្រាប់ អ្នក Allergic ធ្ងន់ធ្ងរ​ជាមួយ​សារធាតុ​ខាងលើ​នេះ ឬ​អ្នកមាន​ជំងឺហឺត អាច​បណ្តាល​ឱ្យ​ពិបាក​ដកដង្ហើម និង​អាច​បាត់បង់​ជីវិត​បាន​។

តាម​ការ​អះអាង​ពី​ម្ចាស់​ទីតាំង​ខាងលើ គឺ​សារធាតុ​គីមី​ទាំងនេះ​គាត់​បាន​បញ្ជា​ទិញ​ពី​ផ្សារ​ច្បារ​អំពៅ ។ ជា​វិធានការ មន្ត្រី​ជំនាញ​បាន​៖
⁃ ដកហូត​នូវ​សារ​ធាតុគីមី​ជា​ម្សៅ​ស Sodium Hydrosulfite ចំនួន ១.៥​គ​.​ក​. យក​មក​រក្សា​ទុកជា​បណ្តោះអាសន្ន​នៅ​សាខា ក​.​ប​.​ប​. រាជធានី
⁃ ឃាត់​ជា​បណ្តោះអាសន្ន​នៅ​នឹង​កន្លែង (​សៀ​ល​ទុក​) នូវ ខ្ញី​ហាន់​ដែល​កំពុង​ដាក់​ត្រាំ​ក្នុង​ធុង​ជ័រ និង​ខ្ញី​មើម ចំនួន​២០៦៥​គីឡូក្រាម​។
⁃ យក​គំរូ​ទៅ​វិភាគ​នៅ​មន្ទីរពិសោធន៍​របស់​អគ្គនាយកដ្ឋាន ក​.​ប​.​ប​. បន្ត​ទៀត​។ ករណី​រក​ឃើញ​មាន​សារធាតុ​គីមី​ហាមឃាត់​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​សុខភាព អគ្គនាយកដ្ឋាន ក​.​ប​.​ប​. នឹង​ចាត់វិធានការ​តាម​ផ្លូវច្បាប់​បន្ថែម​។

អគ្គនាយកដ្ឋាន​ការពារ​អ្នក​ប្រើប្រាស់ កិច្ចការ​ប្រកួតប្រជែង និង​បង្ក្រាប​ការ​ក្លែងបន្លំ «​ក​.​ប​.​ប​.» នៃ​ក្រសួងពាណិជ្ជកម្ម សូម​អំពាវនាវ​ដល់​បុគ្គល​ធ្វើ​ធុរកិច្ច​ម្ហូបអាហារ ជា​អាទិ៍ អ្នក​នាំ​ចូល ផលិតករ សិប្បករ អ្នក​កែ​ច្នៃ អ្នក​ស្តុក​ទុក អ្នក​ចែកចាយ អ្នក​លក់ដូរ​ម្ហូបអាហារ​ទាំងអស់ សូម​មេត្តា​កុំ​ប្រើ​ប្រាស់​សារធាតុ​គីមី​ហាមឃាត់​ក្នុង​ចំណីអាហារ ដែល​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​សុខភាព​អ្នក​ទទួលទាន ករណី​ធ្ងន់ធ្ងរ​អាច​បណ្ដាល​ឱ្យ​បាត់បង់​ជីវិត​ភ្លាម​ៗ ឬ​បង្ករ​ជា​ជំងឺ​រ៉ាំរ៉ៃ ឬ​ជំងឺ​ប្រចាំ​កាយ រយៈពេល​ជា​យូរអង្វែង ។

ទន្ទឹម​នឹង​នេះ ក៏​សូម​អំពាវនាវ​ដល់​គ្រប់​តួអង្គ​ពាក់ព័ន្ធ​ទាំងអស់ មេត្តា​ចូលរួម​ទប់ស្កាត់​នូវ​ផលិតផល​មាន​សារធាតុ​គីមី​ហាមឃាត់ ផលិតផល​ខូចគុណភាព ផលិតផល​ពុំ​មាន​អនុលោម​ភាព​តាម​បទ​ប្ប​ញ្ញត្តិ តាម​រយៈ​ការ​ដាក់​ពាក្យបណ្តឹង ឬ​ផ្តល់​ព័ត៌មាន​អំពី​ករណី​ខាងលើ​នេះ ទៅ​កាន់​ក្រសួង ស្ថាប័ន​មាន​សមត្ថកិច្ច​ពាក់ព័ន្ធ ពិសេស​មក​អគ្គនាយកដ្ឋាន​ការពារ​អ្នក​ប្រើប្រាស់ កិច្ចការ​ប្រកួត​ប្រជែង និង​បង្ក្រាប​ការ​ក្លែងបន្លំ «​ក​.​ប​.​ប​.» នៃ​ក្រសួងពាណិជ្ជកម្ម ដែល​មាន​អាសយដ្ឋាន ផ្លូវ​១៨ ភូមិ​ក្តី​តា​កុយ សង្កាត់​វាល​ស្បូវ ខណ្ឌ​ច្បារ​អំពៅ រាជធានី​ភ្នំពេញ ឬ​ទូរស័ព្ទ​លេខ (១). 0២៣ ២៣១ ៨៥៦ និង​(២). 0៩២ ៨៣០ ៨៥៦ ដើម្បី​អគ្គនាយកដ្ឋាន ក​.​ប​.​ប​. នៃ​ក្រសួង​ពាណិជ្ជ​ម្ម មាន​វិធានការ​តាម​នីតិវិធី​ច្បាប់​ជា​ធរមាន​។

អត្ថបទសរសេរ ដោយ