រាជធានីភ្នំពេញ ៖ ផាន់ សុវណ្ណ មកពីក្លឹបមិត្តប៉ូលិស ប្រកួតឈ្នះអ៊ុង ស៊ីណា មកពីក្លឹបសិង្ហកីឡា នៅត្រឹមទឹកទី២ ប្រកួតនៅលើសង្វៀន CTN កាលពីរសៀលថ្ងៃអាទិត្យ ទី២២ ឧសភា។អ្នកប្រដាល់ជើងថ្មី១គូនេះបានបញ្ចេញសុទ្ធតែស្នៀតពិសេសវាយសម្រុកគ្នា មិនដកថយចាប់តាំងពីទឹកទី១ មកម៉្លេះ ។
ស៊ីណា មើលទៅហាក់ដូចជាស៊ូជាង តែរាល់ការវាយចេញទាំងស្នៀតជើង និងកណ្តាប់ដៃខ្វះការប្រុងប្រយ័ត្នបន្តិច ការដើរចូលទាំងងងើលរបស់ ស៊ីណា ត្រូវបានសុវណ្ណ ស្វាគមន៍ជាមួយស្នៀតកណ្តាប់ដៃចំៗមុខ ។ ទឹកទី១ ទាំងសងខាងមិនទាន់មានបញ្ហាអ្វីដែលគួរឱ្យធ្ងន់ធ្ងរនោះទេ។
ចូលដល់ទឹកទី២ អ្នកប្រដាល់ឈាមរាវ១គូនេះ បើកការវាយសម្រុកដាក់គ្នាសាជាថ្មីម្តងទៀត។ លើកនេះសុវណ្ណ មិនបណ្តោយឱ្យស៊ីណា ធ្វើអ្វីតាមតែចិត្តដូចមុនទៀតឡើយ ។ លើកនេះគេប្រើសុទ្ធតែក្បាច់ពិសេស ដូចជាស្នៀតកែង និងជង្គង់ បើទោះជាស៊ីណា វាយមិនដកថយ ក៏ដោយសុវណ្ណ ក៏មិនញញើតដែរ ដោយកែងរបស់គេបុកផ្ទួនៗ ទៅលើផ្ទៃមុខស៊ីណា និងវាយជង្គង់បានល្អទៀតផង។
ចាន់ វីរៈ មកពីក្លឹបកងពលតូចលេខ៧០ យកឈ្នះរាជសីហ៍ ចាន់រ៉ា មកពីក្លឹបសម្រែករាជសីហ៍បង្ក្រាបគ្រឿងញៀន បានដោយពិន្ទុ ។
រវាងគូនេះមិនមែនជាអ្នកប្រដាល់ចាស់វស្សានោះទេ ភាពល្បីល្បាញរបស់គេ ទើបតែកើតឡើងប៉ុន្តែល្បិចប្រយុទ្ធរបស់គេពេញខ្លួនដូចគ្នា។
ចាន់រ៉ា ចិត្តសឿងជាង តែកម្លាំងនៅខ្សោយបន្តិច ។ ទឹកទី១ និងទី២ ចាន់រ៉ា ព្យាយាមចូលកៀក បញ្ចេញស្នៀតកណ្តាប់ដៃវាយតម្រង់ផ្ទៃមុខ និងពោះទឹក វីរៈ តែមិនសូវចំគោដៅ ព្រោះវីរៈ បានធាក់ចេញឱ្យខ្ទាតចេញឆ្ងាយពីគេរហូត ។ ការប្រកួតអូសបន្លាយដល់ទឹកទី៣ វីរៈ មិនសូវសម្រុកគ្រាន់តែទប់ និងទាត់សងវិញខ្លះៗ រីឯស្នៀតកណ្តាប់ដៃរបស់គេបានវាយមកលើមុខចាន់ រ៉ា ជាញឹកញាប់ ។ ចាន់រ៉ា កម្លាំងរបស់គេបានស្រុតចុះនៅទឹកទី៥ ខណៈពេលវីរៈ សម្រុកមិនដកថយសោះនោះ ។
ហ៊ុន ដារ៉ា មកពីក្លឹបសាលវ័ន្តកីឡា ប្រកួតឈ្នះពិន្ទុចាន់ រតនៈ មកពីក្លឹបកងពលធំអន្តរាគមន៍លេខ៣ ព្រះវិហារ ។ ផាន់ គ្រាន់ មកពីក្លឹបអារុណរះកីឡា វាយផ្តួលសុខ រ៉ា មកពីក្លឹបឃ្លាំងមឿង ឱ្យចាញ់ទឹកទី៤ ៕
ចែករំលែកព័តមាននេះ