ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ការ​ព្រួយបារម្ភពី​ការ​កើនឡើងនៃ​ការ​ឆ្លង​មេរោគ​អេ​.ដស៍​ក្នុង​ចំណោម​ក្មេង​ជំទង់​នៅ​ថៃ

1 ឆ្នាំ មុន

ប្រទេស​ថៃ ៖ មូលនិធិ​ថែទាំ​សុខភាព Aids (AHF) របស់​ប្រទេស​ថៃ​បាន​លើក​ឡើង​ពី​ការ​ព្រួយបារម្ភ​

ប្រទេស​ថៃ ៖ មូលនិធិ​ថែទាំ​សុខភាព Aids (AHF) របស់​ប្រទេស​ថៃ​បាន​លើក​ឡើង​ពី​ការ​ព្រួយបារម្ភ​អំពី​ការ​កើនឡើង​នៃ​អត្រា​ឆ្លង​មេរោគ​អេ​ដស៍​នៅ​ក្នុង​ចំណោម​ក្មេង​ជំទង់ ដោយសារ​តែ​ការ​រួម​ភេទ​មិន​បានការ​ពារ​។

លោក Kritsiam Arayawongchai នាយក​កម្មវិធី​ប្រចាំ​ប្រទេស​ថៃ​របស់​មូលនិធិ​នេះ បាន​លាតត្រដាង​បញ្ហា​នេះ​ក្នុង​វេទិកា​នា​ពេល​ថ្មី​ៗ ដែល​មាន​ចំណងជើង​ថា «To Love is Not Wrong But Don’t forget to Protect Yourself» គោលបំណង​លើកទឹកចិត្ត​ដល់​ការ​អនុវត្ត​ផ្លូវភេទ​ប្រកបដោយ​សុវត្ថិភាព​ក្នុង​ចំណោម​សិស្ស​វិទ្យាល័យ​។

នៅ​ក្នុង​ការ​សិក្សា​ទូលំទូលាយ​ធ្វើ​ឡើង​ដោយ AHF Thailand សហការ​ជាមួយនឹង​មជ្ឈមណ្ឌល​ថែទាំ​សុខភាព​ចំនួន ២៥ ដើម្បី​ប្រមូល​លទ្ធផល​ការ​ធ្វើតេស្ត​ឈាម​រក​មេរោគ​អេ​ដស៍​ពី​មនុស្ស​ចំនួន ៧៣,០៨១​នាក់ ដែល​មាន​អាយុ​ពី ១៥​ដល់​ជាង​៥០​ឆ្នាំ ចាប់ពី​ថ្ងៃ​ទី​១ ខែមករា ដល់​ថ្ងៃ​ទី​៣១ ខែតុលា លទ្ធផល​បាន​បង្ហាញ​ថា ១៥២​នាក់ ឬ ២.៩% នៃ​ក្មេង​ជំទង់ ៥,១១៦​នាក់​មាន​អាយុ​ពី​១៥-១៩​ឆ្នាំ ផ្ទុកមេរោគ​អេ​ដស៍​។ ក្រុម​អាយុ ២០-២៤​ឆ្នាំ ក៏​ត្រូវ​បាន​ចាត់​ទុក​ថា​មាន​ហានិភ័យ​ខ្ពស់​ផង​ដែរ ដោយនៅ​ក្នុង​ចំណោម​មនុស្ស ១៥,៦៤៦​នាក់ ចំនួន ៣៨៧​នាក់ ឬ ២.៤% ផ្ទុកមេរោគ​អេ​ដស៍​។

វេទិកា​ដែល​រៀបចំ​ដោយ​ក្រុម​ស្ម័គ្រចិត្ត Impulse Bangkok បាន​ធ្វើ​ឡើង​នៅ​សាលា​វត្ត​រាជ​អូ​រោ​ត (Wat Ratcha-orot) និង​មានការ​ចូលរួម​ពី​សិស្ស​វិទ្យាល័យ​ចំនួន​៥០០​នាក់​មាន​គោលបំណង​ចម្បង​លើកកម្ពស់​ការ​យល់​ដឹង​អំពី​មេរោគ​អេ​ដស៍​/​ជំងឺអេដស៍ នៅ​ក្នុង​ចំណោម​សិស្សានុសិស្ស​។ លោក Kritsiam ពន្យល់​បន្ថែម​ថា ទិន្នន័យ​ពី​នាយកដ្ឋាន​ប្រយុទ្ធ​នឹង​ជំងឺ​បាន​បង្ហាញ​ពី​ការ​ព្រួយបារម្ភ​នៅ​ក្នុង​ចំណោម​យុវជន ដោយ​មាន​តែ ៨០,៣% នៃ​យុវជន​អាយុ​ពី ១៥-២៤​ឆ្នាំ​ប៉ុណ្ណោះ ដែល​ប្រើប្រាស់​ស្រោមអនាម័យ​។ ទោះជា​យ៉ាងណា​ក៏​ដោយ ភាគរយ​នេះ​ត្រូវ​បាន​កាត់​បន្ថយ​មក​ត្រឹម ៤០% នៅ​ពេល​ពួក​គេ​រួម​ភេទ​ជាមួយ​គូស្នេហ៍​របស់​ពួក​គេ ដែល​តួលេខ​នេះ​ឆ្លុះ​បញ្ចាំង​ពី​ចំនួន​យុវជន​ខ្វះ​ការ​យល់​ដឹង​អំពី​ការ​ប្រើ​ស្រោមអនាម័យ ដើម្បី​ការពារ​មេរោគ​អេ​ដស៍ និង​ការ​ឆ្លង​រោគ​តាម​ផ្លូវភេទ​។

ឆ្លើយ​តប​ទៅ​នឹង​ស្ថិតិ​ដ៏​គួរ​ឱ្យ​ព្រួយបារម្ភ​នោះ លោក Woranan Khankaeng នាយក​សាលា​វត្ត​រាជ​អូ​រោ​ត បាន​សង្កត់ធ្ងន់​លើ​សារៈសំខាន់​នៃ​ការ​លើកកម្ពស់​ការ​យល់​ដឹង​អំពី​មេរោគ​អេ​ដស៍ ហើយ​សាលា​របស់​លោក​បាន​ផ្តួចផ្តើម​យុទ្ធនាការ​មួយ​មានឈ្មោះ​ថា «Teens Safe from HIV» ដែល​រួម​មានការ​ប្រឹក្សា និង​សេវា​ថែទាំ​សុខភាព​។ លោក​សម្តែង​ក្តី​សង្ឃឹមថា សិស្សានុសិស្ស​នឹង​ផ្សព្វផ្សាយ​សារ​អំពី​ការ​អនុវត្ត​ផ្លូវភេទ​ប្រកបដោយ​សុវត្ថិភាព​ដល់​ក្រុម​គ្រួសារ និង​មិត្ត​ភ័ក្តិ​ពួក​គេ​ក្នុង​គោលបំណង​កាត់​បន្ថយ​ការ​ឆ្លង​ថ្មី​៕ (​ប្រភព ៖ បាងកក​ប៉ុ​ស្ត៍ និង The Thaiger)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ