រាជធានីភ្នំពេញ ៖ តារាសម្តែងនាង ស៊ឹម ស្រីមុំ បានចេញមុខបកស្រាយជុំវិញរូបភាពដែលនាងថតជាមួយនឹងពូម៉ៅ អតីតស្វាមីរបស់អ្នកស្រី ទ្រីដាណា ដែលកំពុងតែផ្ទុះការចាប់អារម្មណ៍ និងភ្ញាក់ផ្អើលពេញបណ្តាញសង្គម ក្នុងពេលដែលនាងបានភ្ជាប់ជាមួយនឹងសំណេរដ៏ចាក់ដោតក្នុងន័យស្នេហា។

តារាស្រីរូបនេះ បានបង្ហោះរូបភាព២សន្លឹកនៅលើបណ្តាញសង្គមហ្វេសប៊ុក ជាមួយនឹងពូម៉ៅ ដោយភ្ញាប់ជាមួយសំណេរថា «With បេះដូង ហ៊ា រិទ្ធ (ឈ្មោះពូម៉ៅ)»។ ដែលរូបភាព និងសំណេរមួយនេះ បានធ្វើឲ្យមហាជនមានការចាប់អារម្មណ៍ និងនាំគ្នាដាក់ការសង្ស័យថា «ពូម៉ៅ កំពុងមានអ្នកស្អំបេះដូងហើយ» ខណៈពេលដែលអតីតភរិយាអ្នកស្រី ទ្រី ដាណា កំពុងតែចូលរោងការជាមួយស្វាមីថ្មីផងដែរ។
រូបភាពដែលតារាសម្តែងនាង ស៊ឹម ស្រីមុំ បានបង្ហោះនាពេលនេះ ត្រូវបានគេចែកចាយពេញបណ្តាញសង្គមហ្វេសប៊ុក និងមានការចុះផ្សាយពីបណ្តាសារព័ត៌មានក្នុងស្រុកមួយចំនួនផងដែរ ។

យ៉ាងណាម៉ិញ ជុំវិញរឿងរ៉ាវខាងលើនេះ តារាសម្តែងស្រីនៅក្នុងរឿង «អ្នកទី៣» ស្រីស្អាត ស៊ឹម ស្រីមុំ បានចេញមុខបញ្ជាក់ថា «អ្វីដែលនាងបានបង្ហោះរូបភាពជាមួយនឹងពូម៉ៅ នាពេលនេះ គឺជាការបង្ហោះលេងតែប៉ុណ្ណោះ ដោយសារគាប់ជួននាងបានជួបពូម៉ៅ នៅកន្លែងហូបចុកមួយ» ។
ស្រីស្អាត ស៊ឹម ស្រីមុំ បានអះអាងប្រាប់កោះសន្តិភាពតាមសារអេឡិចត្រូនិចទៀតថា «រវាងនាង និងពូម៉ៅ គឺគ្រាន់តែជាការរាប់អានគ្នាប៉ុណ្ណោះ ដោយមិនលើសពីនឹងឡើយ ហើយរូបភាពដែលនាងបង្ហោះនេះ គឺគាប់ជួនមានកម្មវិធីនៅឃ្លាំងរបស់បងប្រុសនាងហូបជុំគ្នា ក៏ចៃដន្យបានជួបបងប្រុស (ពូម៉ៅ) នៅទីនោះដែរ»។

នាងបន្តថា «អំឡុងពេលនោះ នាងក៏បានថតរូបបួនដប់ប៉ុស្តិ៍ជុំគ្នា ដោយនៅក្នុងនោះក៏មានរូបថតជាមួយ ពូម៉ៅ ដែរ។ ហើយនាងក៏បង្ហោះលេង ដោយមិននឹកស្មានថា រូបភាពនេះ ត្រូវបានបងប្អូនយើងចែកចាយច្រើន ហើយក៏មានការចុះផ្សាយព័ត៌មានជាបន្តបន្ទាប់នោះឡើយ»។
ទោះជាយ៉ាងណា នាងបញ្ជាក់ថា «រវាងនាង និងពូម៉ៅ គឺមិនមានទំនាក់ទំនងអ្វីក្រៅពីការរាប់អានគ្នានោះឡើយ ហើយនាងទើបតែជួប ពូម៉ៅ ជាលើកទី១ប៉ុណ្ណោះ ក្នុងពេលដែលរហូតមកទល់នាពេលនេះ នាងក៏មិនទាន់មានទំនាក់ទំនងជាមួយបុរសណាម្នាក់នៅឡើយទេដែរ»។
យ៉ាងណា បើតាមនាង ស៊ឹម ស្រីមុំ បញ្ជាក់ទៀតថា «ចំពោះរឿងរ៉ាវខាងលើនេះ នាងស្នើសុំមហាជនកុំមានការយល់ច្រឡំ ព្រោះនាង និងពូម៉ៅ មិនមានទំនាក់ទំនងអ្វីក្រៅពីការរាប់អានគ្នានោះឡើយ ហើយក៏សុំបញ្ចប់រឿងមួយនេះត្រឹមហ្នឹង ដោយមិនចង់បន្តទៀតឡើយ ដើម្បីរក្សាកិត្តិយលទាំងសងខាង»៕












ចែករំលែកព័តមាននេះ