ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នាយក​រដ្ឋមន្ត្រី ដាក់​ចេញ​អនុសាសន៍ ៨​ចំណុច ជំរុញ​លើកកម្ពស់​វិស័យ​ជន​មាន​ពិការ​ភាពនៅ​កម្ពុជា

4 ខែ មុន

រាជធានី​ភ្នំពេញ ៖ សម្តេច​មហា​បវរ​ធិ​បតី ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ត្រី​នៃ​កម្ពុជា បាន​ដាក់​ចេញ​អនុសាសន៍ ចំនួន​៨​ចំណុច សម្រាប់​បន្ត​ជំរុញ​លើកកម្ពស់​វិស័យ​ជន​មាន​ពិការ​ភាព​នៅ​កម្ពុជា ឲ្យ​បាន​កាន់តែ​គ្រប់​ជ្រុងជ្រោយ…

រាជធានី​ភ្នំពេញ ៖ សម្តេច​មហា​បវរ​ធិ​បតី ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ត្រី​នៃ​កម្ពុជា បាន​ដាក់​ចេញ​អនុសាសន៍ ចំនួន​៨​ចំណុច សម្រាប់​បន្ត​ជំរុញ​លើកកម្ពស់​វិស័យ​ជន​មាន​ពិការ​ភាព​នៅ​កម្ពុជា ឲ្យ​បាន​កាន់តែ​គ្រប់​ជ្រុងជ្រោយ ប្រកបដោយ​បរិ​យា​ប័ន្ន និង​សមធម៌ ។

ថ្លែង​ក្នុង​ឱកាស​អញ្ជើញ​អបអរសាទរ ទិវា​ជន​មាន​ពិការ​ភាព​កម្ពុជា លើក​ទី​២៥ និង​ជន​មាន​ពិការ​ភាព​អន្តរជាតិ លើក​ទី​៤១ នា​ព្រឹក​ថ្ងៃ​ទី​៤ ធ្នូ ឆ្នាំ​២០២៣ នៅ​សាល​មហោស្រព​កោះ​ពេជ្រ សម្តេច​ធិ​បតី នាយក​រដ្ឋមន្ត្រី បាន​ផ្តល់​អនុសាសន៍​សំខាន់​ៗ ទាំង​៨​ចំណុច រួម​មាន​៖

ទី​១. ត្រូវ​បង្កើន​ការ​ធ្វើ​វិយោគ​ទុន​លើ​ជន​មាន​ពិការ​ភាព និង​បន្ត​កសាង​ធនធាន​ជន​មាន​ពិការ​ភាព​បន្ថែម​ទៀត រាប់​ទាំង​ការ​គិតគូរ​កម្មវិធី​សិក្សា ប្រកបដោយ​នវានុវត្តន៍ និង​រស់​រវើក ដើម្បី​ធានា​ថា ជន​មាន​ពិការ​ភាព​អាច​រស់នៅ​ក្នុង​សង្គម​កម្ពុជា ដោយ​សមធម៌ មានឱកាស​ប្រកួតប្រជែង​ទាំង​នៅ​ក្នុង​ប្រទេស តំបន់ និង​សកលលោក ។

ទី​២. គ្រប់​ក្រសួង ស្ថាប័ន ព្រមទាំង​អាជ្ញា​ធរមាន​សមត្ថកិច្ច​គ្រប់​លំដាប់ថ្នាក់ អង្គការ​ដៃគូ​ពាក់ព័ន្ធ និង​វិស័យ​ឯកជន ជួយ​សហការ​គាំទ្រ​ដល់​ក្រុមប្រឹក្សា​សកម្មភាព​ជន​ពិការ ក្រសួង​សង្គមកិច្ច អតីត​យុទ្ធ​ជន និង​យុវ​នីតិសម្បទា និង​មូលនិធិ ជន​ពិការ ក្នុង​ការ​បន្ត​ពង្រឹង​ការ​អនុវត្ត​ផែនការ​យុទ្ធសាស្ត្រ​ជាតិ ស្តី​ពី​ការ​កសាង​សមត្ថភាព និង​ការ​អភិវឌ្ឍ​ធនធានមនុស្ស ស្រប​តាម​យុទ្ធសាស្ត្រ​បញ្ច​កោណ​-​ដំណាក់កាល​ទី​១ ដោយ​ផ្តល់​អាទិភាព​លើ​ការ​បណ្តុះបណ្តាល​ជំនាញ រក្សា​បាន នូវ​ទេព​កោសល្យ ភាព​ច្នៃប្រឌិត​របស់​ជន​មាន​ពិការ​ភាព​ដែល ជា​ធនធាន​មួយ​ដ៏​សំខាន់​មិន​អាច​ខ្វះ​បាន ស្រប​តាម​ទិស​ស្លោក «​មិន​ទុក​ឱ្យ​នរណា​ម្នាក់​នៅ​ដាច់​ដោយឡែក​» ។

ទី​៣. គ្រប់​ក្រសួង ស្ថាប័ន អង្គការ​ដៃគូ​ពាក់ព័ន្ធ និង​វិស័យ​ឯកជន ត្រូវ​ចាប់ផ្តើម​កែសម្រួល ឬ​រៀបចំ​ផាសុក​វត្ថុ សម្រាប់​ជន​មាន​ពិការ​ភាព​នៅ​ទីកន្លែង​សាធារណៈ និង​ឯកជន​នានា ស្រប​តាម​ច្បាប់ ស្ដី​ពី​កិច្ច​លើកកម្ពស់​សិទ្ធិ​ជន​ពិការ និង​បទដ្ឋាន​បច្ចេកទេស ហេដ្ឋារចនាសម្ព័ន្ធ​រូប​វន្ត បង្ក​លក្ខណៈ​ងាយស្រួល​សម្រាប់​ជន​មាន​ពិការ​ភាព ។

ទី​៤. គ្រប់​ក្រសួង ស្ថាប័នរដ្ឋ និង​វិស័យ​ឯកជន ត្រូវ​លើកទឹកចិត្ត​ជន​មាន​ពិការ​ភាព​ដែល មាន​លក្ខណសម្បត្តិ និង​សមត្ថភាព​ឱ្យ​បំពេញ​មុខងារ​តួនាទី​ទទួលខុសត្រូវ​ក្នុង​មុខ​តំណែង មាន​សិទ្ធិ​ចូល​បម្រើ​ការងារ​ដោយ​គ្មាន​ការ​រើសអើង រាប់​ទាំង​ការ​បម្រើ​ការងារ​ជា​មន្ត្រីរាជការ កម្មករ និយោជិត កូនជាង ឬ​កម្មសិក្សាការី​ជាដើម ។

ទី​៥. ត្រូវ​លើកទឹកចិត្ត​ឱ្យ​មានការ​ចូលរួម​ពី​ផ្នែក​ឯកជន សង្គម​ស៊ី​វិល រោងចក្រ សហគ្រាស និង​គ្រឹះស្ថាន​ទាំងអស់ អនុវត្ត​ប្រកបដោយ​ការ​ទទួលខុសត្រូវ និង​ដោយ​ភ្ញាក់រលឹក​នូវ​កាតព្វកិច្ច ជ្រើសរើស​ជន​មាន​ពិការ​ភាព​ឱ្យ​ចូល​បម្រើ​ការងារ បន្ត​និរន្តរភាព​ការងារ​ដូច​អ្នក​ដទៃ ដែល​មាន​ចែង​ក្នុង​ច្បាប់ ស្តី​ពី​កិច្ច​ការពារ និង​លើកកម្ពស់​សិទ្ធិ​ជន​ពិការ ។

ទី​៦. ក្រសួង​ព័ត៌មាន ត្រូវ​ធ្វើការ​ណែនាំ​ដល់​គ្រប់​ស្ថានីយ​វិទ្យុ និង​ទូរទស្សន៍​របស់​រដ្ឋ និង​ឯកជន ព្រមទាំង​គ្រប់​ប្រព័ន្ធ សារព័ត៌មាន បង្កើន​ម៉ោង​ផ្សព្វផ្សាយ​ឱ្យ​បាន​ទូលំទូលាយ ដោយ​មានការ បកប្រែ​ភាសា​សញ្ញា អក្សរ​រត់ ដើម្បី​មនុស្ស​គ​-​ថ្លង់ អាច​ទទួល​ព័ត៌មាន​បាន​ទាន់​ពេលវេលា ។

ទី​៧. ក្រសួង​សាធារណការ និង​ដឹក​ជញ្ជូន ក្រសួងសុខាភិបាល រួម​គ្នា​ធ្វើ​កិច្ច​សហប្រតិបត្តិការ ជាមួយ​ក្រសួង​សង្គមកិច្ច អតីត​យុទ្ធ​ជន និង​យុវ​នីតិសម្បទា ដើម្បី​បង្ក​លក្ខណៈ​ងាយស្រួល ជូន​ជន​មាន​ពិការ​ភាព ឱ្យ​ទទួល​បាន​បណ្ណ​បើកបរ​ស្រប​តាម លទ្ធភាព សមត្ថភាព និង​លក្ខណៈ​បច្ចេកទេស​យានយន្ត ។

ទី​៨. គ្រប់​ក្រសួង​-​ស្ថាប័ន ព្រមទាំង​អាជ្ញា​ធរមាន​សមត្ថកិច្ច​គ្រប់​លំដាប់ថ្នាក់ អង្គការ​ដៃគូរ​ពាក់ព័ន្ធ និង​វិស័យ​ឯកជន បន្ត​ពង្រឹង​អនុវត្តន៍​ច្បាប់ និង​លិខិត​បទដ្ឋាន​គតិយុត្តិ ដែល​មាន​ស្រាប់ និង​បន្ត​ចូលរួម​គំនិត​ផ្តួចផ្តើម​បន្ថែម​ទៀត និង​កិច្ច​ការពារ និង​លើកកម្ពស់​សិទ្ធិ​ជន​ពិការ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ