ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នាយក​រដ្ឋមន្ត្រី​កម្ពុជា ចាត់​ទុក​ជន​មាន​ពិការ​ភាព មាន​តួនាទី​យ៉ាង​សំខាន់ ដើម្បី​ចូលរួម​អភិវឌ្ឍន៍​ប្រទេស​ជាតិ

4 ខែ មុន

រាជធានី​ភ្នំពេញ ៖ សម្តេច​ធិ​បតី ហ៊ុន ម៉ា​ណែ​ត ប្រមុខ​មុខ​រាជរដ្ឋាភិបាល​កម្ពុជា បាន​អះអាង​ថា ជន​មាន​ពិការ​ភាព មាន​តួនាទី​យ៉ាង​សំខាន់ ដើម្បី​ចូលរួម​អភិវឌ្ឍន៍​ប្រទេស​ជាតិ​។…

រាជធានី​ភ្នំពេញ ៖ សម្តេច​ធិ​បតី ហ៊ុន ម៉ា​ណែ​ត ប្រមុខ​មុខ​រាជរដ្ឋាភិបាល​កម្ពុជា បាន​អះអាង​ថា ជន​មាន​ពិការ​ភាព មាន​តួនាទី​យ៉ាង​សំខាន់ ដើម្បី​ចូលរួម​អភិវឌ្ឍន៍​ប្រទេស​ជាតិ​។ រាជរដ្ឋាភិបាល អាណត្តិ​ទី​៧​នេះ បន្ត​ជំរុញ​ការ​លើកកម្ពស់ និង​ចាត់​ទុក​វិស័យ​ពិការ​ភាព​ជា​ការងារ​អាទិភាព ។

ថ្លែង​ក្នុង​ឱកាស​អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី “​អបអរសាទរ ទិវា​ជន​មាន​ពិការ​ភាព លើក​ទី​២៥ និង​អន្តរជាតិ លើក​ទី​៤១” ដែល​រៀបចំ​ឡើង​នៅ​សាល​មហោស្រព កោះ​ពេជ្រ នា​ព្រឹក​ថ្ងៃ​ទី​៤ ខែធ្នូ ឆ្នាំ​២០២៣​នេះ សម្តេច​មហា​បវរ​ធិ​បតី ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​ថ្លែង​ថា រាជរដ្ឋាភិបាល​មាន​ចក្ខុវិស័យ​ច្បាស់លាស់ ដើម្បី​ធានា​ឧត្តម​ប្រយោជន៍​ជូន​ជន​មាន​ពិការ​ភាព ណែនាំ​ឱ្យ​អាជ្ញាធរ បន្ដ​គាំទ្រ​ជន​មាន​ពិការ​ភាព​នៅ​គ្រប់​ទម្រង់ ។

សម្ដេច​ធិ​បតី បាន​ថ្លែង​បន្ត​ថា ទិវា​ជន​មាន​ពិការ​ភាព​អន្តរជាតិ ត្រូវ​បាន​ប្រារព្ធ​ឡើង ដើម្បី​រម្លឹក អំពី​ការ​តស៊ូ​ទាមទារ​សិទ្ធិ ចូលរួម​ក្នុង​សង្គម​របស់​ជន​មាន​ពិការ​ភាព​ប្រមាណ​១.៣​ពាន់​លាន​នាក់ នៃ​ប្រជាជន​នៅ​លើ​ពិភពលោក ដែល​ជា​ជន​បាត់បង់​កាយសម្បទា ញាណ​ដឹង និង​សតិបញ្ញា​។ ឆ្នាំ​២០២៣ កម្ពុជា​បាន​បង្ហាញ​សមត្ថភាព​របស់​ជន​មាន​ពិការ​ភាព ដោយ​ស្មើមុខស្មើមាត់​នៅ​លើ​ឆាក​អន្ដរជាតិ តាម​រយៈ​ការ​ប្រកួត​យក​មេដាយ​ក្នុង​ការ​ប្រកួត​អាស៊ាន​ប៉ា​រ៉ា​ហ្គេ​ម ។

ក្នុង​ឱកាស​នោះ​ដែរ ឯកឧត្តម ជា សុ​មេធី រដ្ឋមន្ត្រីក្រសួង​សង្គមកិច្ច អតីត​យុទ្ធ​ជន និង​យុវ​នីតិសម្បទា និង​ជា​ប្រធាន​ក្រុមប្រឹក្សា​សកម្មភាព​ជន​ពិការ បាន​លើក​ឡើង​ថា នៅ​ឆ្នាំ​២០២៣ មាន​ជន​មាន​ពិការ​ភាព ចូល​បម្រើ​ការងារ តាម​ស្ថាប័នរដ្ឋ និង​វិស័យ​ឯកជន​ទូ​ទាំង​ប្រទេស​សរុប​ជាង ៧​ពាន់​នាក់ ។

ឯកឧត្តម​រដ្ឋមន្ត្រី បានឱ្យ​ដឹង​ថា ជន​មាន​ពិការ​ភាព​ចូល​បម្រើ​ការងារ ក្នុង​ក្រសួង​-​ស្ថាប័នរដ្ឋ ចំនួន​៣៩ មាន​ជន​មាន​ពិការ​ភាព​ចូល​បម្រើ​ការងារ​ចំនួន ៣,៧៧៦​នាក់ ក្នុង​នោះ​ស្ត្រី​ចំនួន ៨៦៩​នាក់ ជន​មាន​ពិការ​ភាព​កម្រិត​ធ្ងន់​ចំនួន ២,៣៥១​នាក់ ស្មើ​២,០៥% ក្នុង​ឆ្នាំ​២០២៣ ។
ឯកឧត្តម បានឱ្យ​ដឹង​ទៀត​ថា ដោយឡែក វិស័យ​ឯកជន​រួម​មាន ធនាគារ គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ សណ្ឋាគារ និង​រោងចក្រ​សរុប​ចំនួន​២៤១ ជន​មាន​ពិការ​ភាព បាន​ចូល​បម្រើ​ការងារ​ចំនួន ៣,៧៥៩​នាក់ ស្ត្រី​ចំនួន ៣,៦៣១​នាក់​។ ក្នុង​ឱកាស​ប្រារព្ធ​ទិវា​ជន​មាន​ពិការ​ភាព​កម្ពុជា​លើក​ទី​២៥ និង​អន្តរជាតិ​លើក​ទី​៤១​នេះ ឯកឧត្តម​រដ្ឋមន្ត្រី បាន​គូសបញ្ជាក់​ថា ឆ្នាំ​២០២៣​នេះ បាន​ប្រារព្ធ​ឡើង​ក្រោម​ប្រធានបទ “​ដំណោះស្រាយ​ប្រកបដោយ​នវានុវត្តន៍ ដើម្បី​សង្គម​មួយ​មាន​ផាសុក​វត្ថុ និង​សមធម៌​” ក្នុង​គោលបំណង​បង្កើន​ការ​យល់​ដឹង​អំពី ពិការ​ភាព​ដើម្បី​លើក​ស្ទួយ​ការ​អនុវត្ត​កាតព្វកិច្ច​នានា ឈាន​ទៅ​សម្រេច​នូវ​ការ​អនុវត្ត​អភិក្រម “​ធ្វើ​ឱ្យ​សិទ្ធិ​ក្លាយជា​ការ​ពិត​” ដើម្បី​ផ្លាស់​ប្តូរ​ផ្នត់គំនិត​ការ​ប្រើប្រាស់​ពាក្យ​សំដី ប្រមាថ​មាក់ងាយ សើចចំអក​ឡកឡាយ ដែល​នាំ​ឱ្យ​ប៉ះពាល់​ដល់​សិទ្ធិ និង​សេចក្តី​ថ្លៃថ្នូរ ហើយ​អាច​បាត់បង់​ឱកាស ចូលរួម​យ៉ាង​ពេញលេញ​របស់​ជន​មាន​ពិការ​ភាព ។

គួរ​ឱ្យ​ដឹង​ដែរ​ថា រាជរដ្ឋាភិបាល​កម្ពុជា បាន​កំណត់​យក​វិស័យ​ពិការ​ភាព​ជា​ការងារ​អាទិភាព ដោយ​បាន​ផ្តល់​សច្ចាប័ន​លើ​អនុសញ្ញា​ស្តី​ពី​សិទ្ធិ​ជន​ពិការ និង​លិ​ខិ​តូប​ករ​ណ៍​អន្តរជាតិ​ផ្សេង​ៗ បាន​កសាង​និង​ដាក់​ឱ្យ​អនុវត្ត​ច្បាប់ គោលនយោបាយ និង​លិខិត​បទដ្ឋាន​គតិ​យុ​ត្ត​ជាតិ ពង្រឹង​ការ​ផ្តល់​សេវា​ផ្សេង​ៗ ដូចដែល​មាន​ចែង​ក្នុង​កម្មវិធី នយោបាយ​ផែនការ​យុទ្ធសាស្ត្រ​បញ្ចា​កោណ ដំណាក់កាល​ទី​១ ក្រប​ខណ្ឌ​គោលនយោបាយ​ជាតិ គាំពារ​សង្គម ២០១៦-២០២៥ និង​ការ​ធ្វើ​បរិ​យា​បន្ន​ជួយ​ជន​មាន​ពិការ​ភាព ទៅ​ក្នុង​គ្រប់​វិស័យ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ