រាជធានីភ្នំពេញ ៖ តារាចម្រៀងលោក ភព ដែលជាពន្លកថ្មីទើបនឹងរះ ហើយបងប្អូនមួយចំនួនអាចនឹងស្គាល់កំលោះសង្ហារូបនេះហើយ ដោយលោកទើបតែប្រឡូក និងឈានជើងចូលសិល្បៈប៉ុណ្ណោះ ប៉ុន្តែលោកទទួលបានការងារច្រើនគួរសមទៅលើការចេញបទចម្រៀងថ្មីៗ និងការប្រគំតន្ត្រីផងដែរ។
តារាចម្រៀងដែលជាពន្លកនៃសិល្បៈរូបនេះ ពិតជាតស៊ូវិវឌ្ឍន៍ខ្លួន១៨០ដឺក្រេ ក្នុងការក្លាយខ្លួនជាតារាចម្រៀង និងអាចចេញនូវបទចម្រៀងជាច្រើនបទ ដែលនាពេលបច្ចុប្បន្ននេះកំពុងទទួលបានការគាំទ្រតាមរយៈបណ្តាញសង្គមនោះ ដូចជាបទ «និយាយដើមស្រីៗ», បទ«បងមិនមែនជាសាប៊ូកក់សក់», បទ «អូនគឺ The Best» និងបទចម្រៀងជាច្រើនបទទៀត ដែលលោកទទួលបានសន្ទុះការគាំទ្រគួរអោយកត់សម្គាល់។

តាមរយៈសម្លេងដ៏ផ្អែមស្រទន់របស់លោក ហើយក្រោយពេលបកស្រាយបានច្រើនបទគួរសមនោះ ឃើញមានមហាជនកោតសរសើរលោក និងសំណូមពរអោយលោកចេញចម្រៀងថ្មីៗផងដែរនោះ។
តាមរយៈបទសម្ភាសន៍ជាមួយសារព័ត៌មានកោះសន្តិភាព លោក ភព បានប្រាប់អោយដឹងថា «លោកពិតជារីករាយជាខ្លាំង ក្រោយពេលលោកទទួលបានការគាំទ្រពីសំណាក់ទស្សនិជន។ ហើយលោកនឹងខិតខំរកអ្វីដែលថ្មីប្លែកសម្រាប់ការចែកជូនទៅកាន់មហាជនបន្ថែមទៀត មិនថា ការច្រៀង ការសម្តែង និងស្ទាយតុបតែខ្លួននោះទេ ពោលគឺលោកនឹងរិះរកអ្វីដែលថ្មី និងជាការបំពេញទំហំចិត្តទស្សនិកជន»។
តារាចម្រៀងលោក ភព ដែលមានស្រុកកំណើតនៅខេត្តកំពតរូបនេះ បានបន្តថា «នាពេលបច្ចុប្បន្ន លោកបានចេញចម្រៀងប្រមាណជាង១០បទ ហើយបទដែលទទួលការគាំទ្រនោះ មានដូចជា ៖ បទ«បងមិនមែនជាសាប៊ូកក់សក់», បទ«អូនគឺ The Best» និង «Sad ហើយ»ជាដើម ក៏ដូចជាបទថ្មីៗជាច្រើនទៀត ក្នុងដើមឆ្នាំ២០២៤ខាងមុខនេះទៀតផងដែរនោះ»។

បើងាកមកជីវិតរបស់តារាចម្រៀង លោក ភព បានអោយដឹងទៀតថា «កាលនៅពីក្មេង លោកគ្រាន់តែក្តីស្រម៉ៃចង់ក្លាយជាតារាចម្រៀងម្នាក់ ដោយបានខិតខំសុំគេច្រៀងជាច្រើនកន្លែង ហើយកន្លែងខ្លះក៏គេអោយច្រៀង កន្លែងខ្លះទៀតក៏គេបដិសេដមិនអោយច្រៀង ពោលគឺទម្រាំលោកមានថ្ងៃនេះ ហើយអាចចេញចម្រៀងជាច្រើនបទបាន គឺពុំងាយទេសម្រាប់លោកផ្ទាល់»។
លោក ភព បានបន្តថា «លោកជឿថា អ្វីក៏ដោយ ដែលលោកស្រឡាញ់ លោកនឹងធ្វើអោយបាន ពោលគឺដូចជាក្តីស្រម៉ៃរបស់លោក ក៏ដូចជាការច្រៀងកាន់ក្បាលមេក្រូជាដើមនោះ»។
ជាចុងក្រោយ លោកពិតជាអរគុណខ្លាំងណាស់ ចំពោះបងប្អូនទស្សនិកជន ដោយលោកនឹងព្យាយាមរិះរកអ្វីដែលថ្មីប្លែក និងចេញបទថ្មីៗ ដើម្បីបំពេញអារម្មណ៍បងប្អូនមហាជន ដោយពុំអោយខកបំណងនោះឡើយ៕ ដោយ ៖ លីហួ គីមឆាយ






ចែករំលែកព័តមាននេះ