ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កិច្ចប្រជុំ​កំពូល G77 + China កំពុង​ដំណើរការ​នៅ​ទីក្រុង​ឌូ​បៃ

4 ខែ មុន

ទីក្រុង​ឌូ​បៃ ៖ នា​ព្រឹក​ថ្ងៃ​ទី​២ ខែធ្នូ ឆ្នាំ​២០២៣ នេះ​ឯកឧត្តម​បណ្ឌិត អ៊ា​ង សុ​ផល្លែ​ត រដ្ឋមន្ត្រី​ក្រសួងបរិស្ថាន តំណាង​សម្តេច​ធិ​បតី…

ទីក្រុង​ឌូ​បៃ ៖ នា​ព្រឹក​ថ្ងៃ​ទី​២ ខែធ្នូ ឆ្នាំ​២០២៣ នេះ​ឯកឧត្តម​បណ្ឌិត អ៊ា​ង សុ​ផល្លែ​ត រដ្ឋមន្ត្រី​ក្រសួងបរិស្ថាន តំណាង​សម្តេច​ធិ​បតី ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​ដឹកនាំ​ប្រតិភូ​កម្ពុជា ចូលរួម​ក្នុង​កិច្ចប្រជុំ​កំពូល G77 + China ក្នុង​ក្រប​ខណ្ឌ នៃ COP28 នៅ​ក្នុង​ទីក្រុង​ឌូ​បៃ នៃ​ប្រទេស​អា​រ៉ាប់​អេ​មី​រ៉េ​ត ។

កិច្ចប្រជុំ​កំពូល​នេះ មានការ​អញ្ជើញ​ចូលរួម​ពី​ថ្នាក់ដឹកនាំ​គណៈប្រតិភូ នៃ​ប្រទេស​កំពុង​អភិវឌ្ឍន៍ ចំនួន​៧៧ រួម​ជាមួយនឹង​ប្រទេស​ចិន បាន​ពិភាក្សា និង​បង្ហាញ​ជំហរ​រួម​មួយ ក្នុង​ការ​ឆ្លើយ​តប​ទៅ​នឹង​វិបត្តិ នៃ​ការ​ប្រែប្រួល​អាកាសធាតុ​លើ​ពិភពលោក ដែល​មាន​ចំណុច​មួយ​ចំនួន ដូច​ខាងក្រោម ៖

១-​ភាគី​ទាំងអស់ ត្រូវ​បង្កើន​សកម្មភាព​របស់​ខ្លួន ក្នុង​ការ​ឆ្លើយ​តប​នឹង​ការ​ប្រែប្រួល​អាកាសធាតុ​។ យោង​តាម​ព័ត៌មាន នៃ​បរិមាណ​ឧស្ម័ន​ផ្ទះ​កញ្ចក់​សកល (Global Stocktake) សកម្មភាព ដែល​បាន​ធ្វើ​កន្លង​មក មិន​អាច​ទប់ស្កាត់​នូវ​កំណើន​កម្តៅ​សកល​ត្រឹម ១,៥ សង្សា​សែ​ល​ស៊ុ​ស បាន​ឡើយ ។

២-​ជំរុញ​ការ​កៀរគរ​មូលនិធិ​អាកាសធាតុ​បៃតង ឲ្យ​បាន​យ៉ាងតិច​ណាស់ ១០០,០០០​លាន​ដុល្លា​ក្នុង​មួយ​ឆ្នាំ និង​មូលនិធិ​ផ្សេង​ទៀត ដូច​ជា មូល​នី​ធិ​បន្សាំ នឹង​អាកាសធាតុ មូលនិធិ​សម្រាប់​ការ​បាត់បង់ និង​ខូចខាត (Lose and Damage) ដោយ​ការ​ប្រែប្រួល​អាកាសធាតុ​ជាដើម ។

៣-​បង្កើន​ការ​អភិវឌ្ឍ​ថាមពល កកើត​ឡើង​វិញ និង​ប្រសិទ្ធភាព​ថាមពល ព្រមទាំង​ការពារ​ព្រៃឈើ​ឱ្យ​បាន​ល្អ​ប្រសើរ ដើម្បី​ចូលរួម​ក្នុង​សកម្មភាព​កាត់​បន្ថយ​ការ​បំ​ភាយ​ឧស្ម័ន​ផ្ទះ​កញ្ចក់ ។

៤-​បង្កើន​តម្លៃ​កាបូន​ឲ្យ​បាន​សមរម្យ​សម្រាប់​លើកទឹកចិត្ត​ដល់​សកម្មភាព​កាត់​បន្ថយ​ការ​ប្រែប្រួល​អាកាសធាតុ ។

៥-​ការ​បង្កើន​ចំណេះដឹង កសាង​សមត្ថភាព និង​បង្កើន​ការ​ផ្លាស់​ប្ដូរ​បច្ចេកវិទ្យា​ពាក់ព័ន្ធ​នឹង​ការ​ប្រែប្រួល​អាកាសធាតុ ។

៦-​ពង្រឹង​សម្លេង​របស់​ប្រទេស​កំពុង​អភិវឌ្ឍន៍ និង​ប្រទេស​ជា​កោះ​តូច​ៗ ដែល​កំពុង​រង​គ្រោះ​ដោយសារ​ការ​ប្រែប្រួល​អាកាសធាតុ​ឱ្យ​កាន់តែ​រឹង​មាំ​ក្នុង​ការ​សាមគ្គី​គ្នា ដើម្បី​ពង្រីក​កម្លាំង​ចរចា ស្វែងរក​ការ​គាំទ្រ​ពាក់ព័ន្ធ​នឹង​ការ​ប្រែប្រួល​អាកាសធាតុ ដោយ​មិន​ទុក​ចោល​អ្នក​ណា​ម្នាក់ រង​គ្រោះ​ដោយសារ​តែ​ការ​បាត់បង់ និង​បំផ្លាញ (lose and Damage) ដោយ​ការ​ប្រែប្រួល​អាកាសធាតុ​ឡើយ ។

កិច្ចប្រជុំ​កំពូល​នេះ បាន​បង្ហាញ​នូវ​ជំហរ​រួម ដែល​ស្រប​ទៅ​នឹង​គោលនយោបាយ និង​ការ​តាំងចិត្ត​របស់​រាជរដ្ឋាភិបាល ពាក់ព័ន្ធ​នឹង​ការ​ប្រែប្រួល​អាកាសធាតុ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ