ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អាជ្ញាធរ​ភ្នំពេញ មាន​គ្រុប​តេ​ឡេ​ក្រាម ជាមួយ​សាលារៀន អាជ្ញាធរ​ខណ្ឌ និង​កងកម្លាំង ដើម្បី​សន្តិសុខ​ល្អ មិន​មាន​គ្រឿងញៀ.ន និង​ក្រុមបងធំ

4 ខែ មុន

រាជធានី​ភ្នំពេញ ៖ ក្នុង​ពិធី​បើក​បវ​សន​កាល ឆ្នាំ​សិក្សា​២០២៣-២០២៤ និង​ចែក​រង្វាន់​ដល់​សិស្ស​ពូកែ រាជធានី​ភ្នំពេញ នៅ​វិទ្យាល័យ ជា ស៊ី​ម ឈូក​វ៉ា…

រាជធានី​ភ្នំពេញ ៖ ក្នុង​ពិធី​បើក​បវ​សន​កាល ឆ្នាំ​សិក្សា​២០២៣-២០២៤ និង​ចែក​រង្វាន់​ដល់​សិស្ស​ពូកែ រាជធានី​ភ្នំពេញ នៅ​វិទ្យាល័យ ជា ស៊ី​ម ឈូក​វ៉ា សង្កាត់​គោក​រកា ខណ្ឌ​ព្រែក​ព្នៅ នា​ព្រឹក​ថ្ងៃ​ទី​០១ ខែធ្នូ ឆ្នាំ​២០២៣ លោក ឃួ​ង ស្រេង អភិបាល នៃ​គណៈ​អភិបាល​រាជធានី​ភ្នំពេញ បាន​ថ្លែង​ថា រដ្ឋបាល​រាជធានី​ភ្នំពេញ បាន​បង្កើត​ក្រុម​តេ​ឡេ​ក្រាម​មួយ ដោយ​ភ្ជាប់​គ្នា​រវាង​សាលារៀន ជាមួយនឹង​អាជ្ញាធរ និង​កងកម្លាំង​មាន​សមត្ថកិច្ច​មូលដ្ឋាន ដើម្បី​ធ្វើ​យ៉ាងណា​ឲ្យ​នៅ​តាម​សាលារៀន មាន​សន្តិសុខ​ល្អ មិន​មាន​គ្រឿងញៀន និង​មិន​មាន​ក្រុម​បង​តូច​បងធំ ដើម្បី​ឲ្យ​ក្មួយ​ៗ សិស្សានុសិស្ស បាន​សិក្សា​រៀនសូត្រ ក្លាយជា​ទំពាំង​ស្នង​ឫស្សី​របស់​ជាតិ នា​ពេល​អនាគត​។

លោក​អភិបាល បាន​ណែនាំ​ក្មួយ​ៗ សិស្សានុសិស្ស​ទាំងអស់ ព្យាយាម​រៀនសូត្រ កុំ​ដើរ​លេង​កម្សាន្ត​ច្រើន​ជាង​ការ​រៀនសូត្រ នាំ​ឲ្យ​សោកស្ដាយ នៅ​ពេល​អនាគត ខណៈ​ដែល​ក្មួយ​ៗ មានឱកាស​ក្នុង​ការ​សិក្សា​រៀនសូត្រ ក្រោម​ម្លប់ នៃ​សន្តិភាព ។

លោក​អភិបាល បាន​លើក​ឡើង​ទៀត​ថា សម្ដេច​មហា​បវរ​ធិ​បតី ហ៊ុន ម៉ា​ណែ​ត បាន​យកចិត្តទុកដាក់​ខ្លាំង​ណាស់ ដោយ​រក​អស់​គ្រប់​មធ្យោបាយ ដើម្បី​ធ្វើ​យ៉ាងណា​ឲ្យ​កម្ពុជា​មាន​ភាព​រីក​ចម្រើន​រុងរឿង ក្លាយជា​ប្រទេស ដែល​មាន​ចំណូល​កម្រិត​ខ្ពស់ នៅ​ឆ្នាំ​២០៥០​។ តាម​រយៈ​នេះ ការ​ខិតខំ​ប្រឹងប្រែង​រៀនសូត្រ​របស់​ក្មួយ​ៗ គឺ​ដើម្បី​ខ្លួនឯង​ផង ដើម្បី​គ្រួសារ​ផង និង​ជា​ពិសេស គឺ​ដើម្បី​សង្គម​ជាតិ​របស់​យើង​ទាំងមូល ដោយពេល​នេះ​ក្មួយ​ៗ​មាន​លទ្ធភាព​គ្រប់គ្រាន់ ក្នុង​ការ​សិក្សា​រៀនសូត្រ ពោល​គឺ​ក្មួយ​ៗ​អាច​រៀនសូត្រ បាន​តាម​ប្រព័ន្ធ​អ៊ី​ន​ធឺ​ណែ​ត ថែម​ទៀត​ផង ។

លោក​បន្ត​ថា ការ​ទទួល​បាន​មេដាយ​របស់​ក្មួយ​ៗ គឺជា​កិត្តិយស​របស់​ក្មួយ​ៗ កិត្តិយស​របស់​អាណាព្យាបាល ឪពុក​ម្ដាយ​របស់​ក្មួយ​ៗ ហើយ​ក៏​ជា​កិត្តិយស​របស់​ជាតិ​យើង​ផង​ដែរ​។ សម្រាប់​អាជ្ញាធរ​រាជធានី​ភ្នំពេញ តែងតែ​ជួយ​គាំទ្រ ទាំង​សម្ភារៈ និង​ថវិកា ជាមួយនឹង​ការ​តម្រង់​ទិស​ក្មួយ​ៗ​ឲ្យ​ដើរ​ផ្លូវ​ល្អ ត្រូវ​ជៀសវាង​ការ​ប្រព្រឹត្ត នូវ​អបាយមុខ​ផ្សេង​ៗ ។

សូម​បញ្ជាក់​ថា រដ្ឋបាល​រាជធានី​ភ្នំពេញ បាន​ជូន​រង្វាន់​ដល់​សិស្សានុសិស្ស​ពូកែ តាម​ថ្នាក់​មាន​ចំណាត់ថ្នាក់​លេខ​១ ដល់​លេខ​៣ ពី​ថ្នាក់​ទី​៩ ដល់​ថ្នាក់​ទី​១២ តាម​គ្រឹះស្ថាន​មធ្យមសិក្សា​សាធារណៈ មាន​ចំនួន ៣,៨៩៤​នាក់ ស្រី​២,៣៤៨​នាក់ ក្នុង​នោះ​ចំណាត់ថ្នាក់​លេខ​១ ចំនួន ១,២៩៨​នាក់ ស្រី ៨០៥​នាក់​។ ចំណាត់ថ្នាក់​លេខ​២ ចំនួន ១,២៩៨​នាក់ ចំណាត់ថ្នាក់​លេខ​៣ ចំនួន ១,២៩៨​នាក់ ស្រី ៧៧៩​នាក់ ។

រាជធានី​ភ្នំពេញ បាន​រៀបចំ​ប្រឡង​ជ្រើសរើស​សិស្ស​ពូកែ ទូ​ទាំង​រាជធានី ផ្នែក​អក្សរសិល្ប៍​ខ្មែរ គណិត​វិទ្យា និង​រូបវិទ្យា ថ្នាក់​ទី​៩ និង​ថ្នាក់​ទី​១២ ដែល​មក​ពី​គ្រប់​គ្រឹះស្ថាន​មធ្យម សិក្សា​សាធារណៈ និង​ឯកជន​ទូ​ទាំង​រាជធានី មាន​ចំនួន ៨៧១​នាក់ ស្រី​៥១៨​នាក់ បាន​ជាប់​ចំណាត់ ថ្នាក់​រាជធានី​ចំនួន ៦៦​នាក់ ក្នុង​នោះ​យុវតី​៣៣​នាក់ ។

មន្ទីរ​អប់រំ យុវជន និង​កីឡា​រាជធានី​ភ្នំពេញ បាន​បញ្ជូន​សិស្ស​ពូកែ​រាជធានី ចំនួន ៦៦​នាក់ ក្នុង​នោះ​យុវតី ៣៣​នាក់ ទៅ​ចូលរួម​ប្រឡង​ជ្រើសរើស​សិស្ស​ពូកែ​ទូ​ទាំង​ប្រទេស នា​ថ្ងៃ​ទី​១២ ខែមិថុនា ឆ្នាំ​២០២៣ នៅ​មណ្ឌល​វិទ្យាល័យ​នេ​ត​យ៉ង់ ខេត្តបាត់ដំបង ដែល​បេក្ខជន​មក​ពី​គ្រប់​រាជធានី​-​ខេត្ត ចំនួន​៤៨០​នាក់ ។ ជា​លទ្ធផល រាជធានី​ភ្នំពេញ ដណ្ដើម​បាន​ជ័យ​លា​ភី​ចំនួន ៧​នាក់ យុវតី​០២​នាក់ ក្នុង​នោះ មេដាយមាស ០២ លើ​មេដាយមាស​ទូ​ទាំង​ប្រទេស​៦ ។

បេក្ខជន​ជ័យ​លា​ភី​សិស្ស​ពូក​ថ្នាក់​អន្តរជាតិ ក្រសួង​អប់រំ យុវជន និង​កីឡា បាន​បញ្ជូន​បេក្ខជន​ជា​សិស្ស​ពូកែ​ទូ​ទាំង​ប្រទេស ទៅ​ចូលរួម​ប្រកួតប្រជែង​ថ្នាក់​អន្តរជាតិ ក្នុង​នោះ​សិស្សានុសិស្ស​របស់​រាជធានី​ភ្នំពេញ ចំនួន​៨០​នាក់ ទទួល​មេដាយមាស​ចំនួន​៨៥​នាក់ ស្រី​៥១​នាក់ មេដាយ​ប្រាក់​ចំនួន ៤៥​នាក់ ស្រី​១៩​នាក់​មេដាយ​សំរឹទ្ធ ចំនួន​៥៧​នាក់ ស្រី​២៣​នាក់ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ