រាជធានីភ្នំពេញ ៖ អ្នកនាង អម្ពរ ទេវី បានចាប់ផ្តើមបញ្ចេញរូបភាពចាស់ៗមួយចំនួន ដើម្បីរំលឹកអនុស្សាវរីយ៍ជាមួយនឹងអតីតស្វាមី គឺលោក ពេជ្រ ភិរុណ បន្ទាប់ពីលោកទទួលមរណភាពកាលពីពេលថ្មីៗនេះ ដោយសារជំងឺ ។
នៅលើបណ្តាញសង្គមហ្វេសប៊ុក អ្នកនាង អម្ពរ ទេវី បានបង្ហោះនូវរូបភាពជាបន្តបន្ទាប់ ដោយមានទាំងរូបថតរួមគ្នាកាលពីអតីតកាលរវាងនាង និងលោក ពេជ្រ ភិរុណ រួមទាំងកូនប្រុសស្រីទាំងពីរផងដែរ ។ ហើយអ្វីដែលពិសេសទៀតនោះ អ្នកនាងក៏បានបញ្ចេញរូបភាពដើរម៉ូដពីអតីតកាលរបស់នាង ដែលម៉ូដទាំងអស់នោះត្រូវបានច្នៃឡើងដោយលោក ពេជ្រ ភិរុណ ទាំងអស់ ចាប់តាំងពីឆ្នាំ១៩៩០ រហូតដល់ឆ្នាំ២០០០ ។

ជាមួយនឹងរូបភាពទាំងអស់នោះ អ្នកនាង អម្ពរ ទេវី ក៏បានភ្ជាប់ជាមួយនឹងខ្លឹមសារថា «ទាំងនេះ គឺជាម៉ូដសម្លៀកបំពាក់របស់ហាង ពេជ្រ ភិរុណ ច្នៃម៉ូដសម្លៀកបំពាក់ ដែលជាគំនិត និងស្នាដៃរបស់លោកផ្ទាល់»។
អ្នកនាងបញ្ជាក់ថា «រូបភាពរបស់នាងខ្ញុំទាំងអស់នេះ គឺជាម៉ូដសម្លៀកបំពាក់មួយ ក្នុងចំណោមស្នាដៃលោកជាច្រើនដែលមិនអាចគណនាបាននៅក្នុងទសវត្សរ៍ឆ្នាំ៨០-៩០ រហូតដល់ឆ្នាំ២០០០»។
មិនត្រឹមតែប៉ុណ្ណោះ អ្នកនាង អម្ពរ ទេវី ក៏បានបង្ហាញនូវសៀវភៅអនុស្សាវរីយ៍លោក ពេជ្រ ភិរុណ កាលទៅចូលរួមបង្ហាញម៉ូដសម្លៀកបំពាក់នៅប្រទេសបារាំង តំណាងឲ្យប្រទេសកម្ពុជានាឆ្នាំ២០០០ និងកម្រងរូបភាពអនុស្សាវរីយ៍នាងជាមួយកូនៗផងដែរ ។
ដោយឡែកឆ្លៀតឱកាសនេះដែរ អ្នកនាង អម្ពរ ទេវី ក៏បានថ្លែងអំណរគុណជំនួសក្រុមគ្រួសារលោក ពេជ្រ ភិរុណ ចំពោះបងប្អូនសិល្បករ សិល្បការិនី និងមិត្តភក្តិទាំងអស់ ដែលបានចូលរួមរំលែកទុក្ខជាមួយក្រុមគ្រួសារស.ពលោក ពេជ្រ ភិរុណ ។

ជាការកត់សម្គាល់ នៅមុនចំណងស្នេហ៍រវាងអ្នកនាង អម្ពរ ទេវី និងលោក ពេជ្រ ភិរុណ បានដល់ផ្លូវបែកបាក់គ្នានោះ អ្នកទាំងពីរក៏ទទួលបានចំណងដៃកូនចំនួន២នាក់ផងដែរ ដោយនៅក្នុងនោះកូនប្រុសបងមានឈ្មោះភិរុណ ឥន្ទបុត្រ បច្ចុប្បន្នមានគ្រួសារហើយ រស់នៅលើទឹកដីសហអាមេរិក និងកូនស្រីឈ្មោះ ភិរុណ លក្ស្មីទេវី កំពុងតែចម្រើនវ័យធំធាត់ប្រកបដោយភាពស្រស់ស្អាតផងដែរ ក្រោមការមើលថែដោយផ្ទាល់ពីសំណាក់អ្នកនាង អម្ពរ ទេវី ។
គួររំលឹកថា ៖ ស្លុ.តចិត្ត! លោក ឯម រៀម ប្រកាសដំណឹងមរណភាពតារាសម្តែងជើងចាស់ ពេជ្រ ភិរុណ៕








ចែករំលែកព័តមាននេះ