រាជធានីភ្នំពេញ ៖ មហាជន ជាពិសេសបណ្តាអ្នកលេងហ្វេសប៊ុកបានសម្តែងការភ្ញាក់ផ្អើលយ៉ាងខ្លាំង ក្នុងពេលដែលតារាបង្ហាញម៉ូដលោក ឯម រៀម បានប្រកាសជាសាធារណៈអំពីមរណភាពរបស់អតីតតារាសម្តែងជើងចាស់ គឺលោក ពេជ្រ ភិរុណ បានទទួលមរណភាពនៅថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ។
ហើយនៅមុននេះ លោក ឯម រៀម បានបង្ហោះសារដោយភ្ជាប់ជាមួយនឹងរូបភាពលោក ពេជ្រ ភិរុណ ថា «សូមចូលរួមរំលែកទុក្ខ និងសូមចូលរួមសោកស្តាយនៃការបា.ត់ប.ង់តារាភាពយន្តនៃប្រទេសកម្ពុជា គឺបង ពេជ្រ ភិរុណ»។

យ៉ាងណាម៉ិញ លោក ឯម រៀម នៅមិនទាន់បានបញ្ជាក់ទេថា តើលោក ពេជ្រ ភិរុណ បានទទួលមរណភាពដោយសារអ្វីឡើយ? ខណៈពេលដែលមហាជនបានសម្តែងការតក់ស្លុ.តចិត្ត និងចូលរួមរំលែកទុក្ខចំពោះមរណភាពរបស់អតីតតារាសម្តែងរូបនេះផងដែរ»។
ចំណែកនាង អម្ពរ ទេវី តារាសម្តែងជើងចាស់វិញ ក៏បានបង្ហោះសារពាក់ព័ន្ធមរណភាពរបស់លោក ពេជ្រ ភិរុណ ឱ្យដឹងដែរថា «គ្រាន់តែបានទទួលដំណឹងភ្លាម… ខ្ញុំសែនរន្ធ.ត់ចិត្តណាស់! សូមឱ្យដួងវិញ្ញាណក្ខន្ធរបស់បងបានទៅកាន់ទីឋានសុគតិភព កុំបីឃ្លៀងឃ្លាតឡើយ »។

គួរបញ្ជាក់ផងដែរថា លោក ពេជ្រ ភិរុណ គឺជាអតីតតារាសម្តែងជើងចាស់មួយរូប ដែលធ្លាប់ចាប់ឈោងភាពល្បីល្បាញក្នុងពិភពខ្សែភាពយន្តខ្មែរនាអំឡុងឆ្នាំ៨០ និង៩០។ បើទោះបីជា លោកបានឃ្លាតឆ្ងាយពីសិល្បៈអស់រយៈពេលប្រមាណជាង២០ឆ្នាំមកនេះក៏ដោយ ប៉ុន្តែឈ្មោះរបស់លោកនៅតែមានអ្នកស្គាល់ និងនឹករលឹកចង់ឃើញលោកវិលមកសម្តែងជាថ្មីផងដែរ។
ឃ្លាតឆ្ងាយពីសិល្បៈអស់ពេលជាច្រើនឆ្នាំក៏ពិតមែន ប៉ុន្តែលោក ពេជ្រ ភិរុណ មិនបានចេញទៅរស់នៅក្រៅប្រទេសនោះឡើយ ពោលគឺលោកស្នាក់នៅស្រុកខ្មែរ និងប្រកបអាជីពជាអ្នកច្នៃម៉ូតដ៏ជំនាញម្នាក់នៅផ្ទះរបស់លោកម្តុំផ្សារចាស់។ ក្នុងវ័យប្រមាណ៦៨ឆ្នាំ លោក ពេជ្រ ភិរុណ ក៏ជាអតីតស្វាមីរបស់តារាសម្តែងដ៏ល្បីល្បាញ គឺអ្នកនាង អម្ពរ ទេវី។ ហើយចំណងស្នេហាជាប្តីប្រពន្ធរបស់អ្នកទាំង២ ក៏ទទួលបានចំណងដៃកូនប្រុសម្នាក់ ដែលកំពុងរស់នៅសហរដ្ឋអាមេរិកជាមួយនឹងអ្នកនាង អម្ពរ ទេវី ផងដែរ៕








ចែករំលែកព័តមាននេះ