ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នាយក​រដ្ឋមន្ត្រី​កម្ពុជា សរសើរ​ភាគី​ពាក់ព័ន្ធ​ទាំងអស់ រៀបចំ​ព្រះរាជ​ពិធីបុណ្យ​អុំទូក ប្រកបដោយ​ជោគជ័យ

4 ខែ មុន

រាជធានី​ភ្នំពេញ ៖ សម្ដេច​ធិ​បតី ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ដ្រី​នៃ​កម្ពុជា បាន​ថ្លែង​ការ​កោតសរសើរ​គ្រប់​ភាគី​ពាក់ព័ន្ធ​ទាំងអស់ បាន​រៀបចំ​ព្រះរាជ​ពិធីបុណ្យ​អុំទូក បណ្តែតប្រទីប និង​សំពះ​ព្រះ​ខែ…

រាជធានី​ភ្នំពេញ ៖ សម្ដេច​ធិ​បតី ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ដ្រី​នៃ​កម្ពុជា បាន​ថ្លែង​ការ​កោតសរសើរ​គ្រប់​ភាគី​ពាក់ព័ន្ធ​ទាំងអស់ បាន​រៀបចំ​ព្រះរាជ​ពិធីបុណ្យ​អុំទូក បណ្តែតប្រទីប និង​សំពះ​ព្រះ​ខែ អកអំបុក ប្រកបដោយ​ជោគជ័យ ហើយ​មាន​ប្រជាពលរដ្ឋ​ចូលរួម​កម្សាន្ដ​រាប់​លាន​នាក់ ដោយ​យ៉ាង​សប្បាយ​រីករាយ ។

ថ្លែង​នា​ឱកាស​អញ្ជើញ​ដឹកនាំ​កិច្ចប្រជុំ​ពេញអង្គ​គណៈរដ្ឋមន្ត្រី ដើម្បី​ពិភាក្សា និង​ឆ្លង​របៀបវារៈ ចំនួន​៤ នា​ព្រឹក​ថ្ងៃ​ទី​១ ខែធ្នូ ឆ្នាំ​២០២៣ សម្ដេច​ធិ​បតី ហ៊ុន ម៉ា​ណែ​ត បាន​ឲ្យ​ដឹង​ថា ព្រះរាជ​ពិធីបុណ្យ​អុំទូក ឆ្នាំ​នេះ ក៏​ជា​ជោគជ័យ​មួយ​របស់​រាជរដ្ឋាភិបាល និ​តិ​កាល​ទី​៧ នៃ​រដ្ឋសភា ក្រោម​ម្លប់​ត្រជាក់ នៃ​សុខ​សន្ដិភាព ។

សម្ដេច​ធិ​បតី នាយក​រដ្ឋមន្ត្រី បាន​គូសបញ្ជាក់​ថា ៖ «​ខ្ញុំ សូម​យក​ឱកាស​នេះ ធ្វើការ​កោតសរសើរ និង​វាយតម្លៃ​ខ្ពស់​ចំពោះ គណៈកម្មាធិការ​រៀបចំ​ព្រះរាជ​ពិធីបុណ្យ​អុំទូក បណ្តែតប្រទីប និង​សំពះ​ព្រះ​ខែ អកអំបុក ក៏​ដូច​ជា​ចំពោះ​ក្រសួង​-​ស្ថាប័ន ពាក់ព័ន្ធ​ទាំងអស់ ដែល​បាន​ចូលរួម​រៀបចំ ព្រះរាជ​ពិធីបុណ្យ​អុំទូក កាល​ពេល​ថ្មី​ៗ កន្លង​ទៅ​នេះ ប្រកបដោយ​ជោគជ័យ​ទាំង​នៅ​រាជធានី​ភ្នំពេញ និង​តាម​បណ្ដាល​ខេត្ត​។ បន្ទាប់​ពី​យើង​ផ្អាក​ជា​ច្រើន​ឆ្នាំ ដោយសារ​បញ្ហា​ជំងឺ​កូ​វី​ដ​-១៩ ហើយ​ព្រះរាជ​ពិធី​នេះ​លើក​នេះ មាន​ប្រជាជន​ជា​ច្រើន​កុះករ រាប់​លាន​នាក់ ដែល​មក​ចូលរួម​ជា​ពិសេស​រាជធានី​ភ្នំពេញ ដែល​បង្កើត​ឱ្យ​បរិយាកាស​នេះ ប្រកប​ទៅ​ដោយ សប្បាយ​រីករាយ​» ។

ជាមួយ​គ្នា​នោះ​ដែរ សម្ដេច​ធិ​បតី ក៏​បាន​ថ្លែងអំណរគុណ​ចំពោះ​អ្នក​ពាក់ព័ន្ធ​ទាំងអស់ ក្នុង​នោះ​រួម​មាន ៖ សហភាព​សហព័ន្ធ​យុវជន​កម្ពុជា បណ្ដាល​ក្រុមហ៊ុន ក្នុង​វិស័យ​ឯកជន ដែល​បាន​ចូលរួម​រៀបចំ​កម្មវិធី​កម្សាន្ដ​នានា នៅ​រាជធានី​ភ្នំពេញ ដែល​បង្ក​លក្ខណៈ​ឱ្យ​ពិធី​នេះ​យ៉ាង​អធិកអធម ទាំងនេះ បាន​ឆ្លុះ​បញ្ចាំង​ពី​ទិ​ភាព​ជាក់ស្ដែង នៃ​ការ​វិវត្តន៍​របស់​ប្រជាជន ។

សូម​រំលឹក​ថា បន្ទាប់​ពី​ការ​ខកខាន​អស់​រយៈពេល​ប្រមាណ​០៣​ឆ្នាំ​ជាប់​ៗ​គ្នា ព្រះរាជ​ពិធីបុណ្យ​អុំទូក បណ្តែតប្រទីប និង​សំពះ​ព្រះ​ខែ អកអំបុក ត្រូវ​បាន​ប្រារព្ធ​ឡើង​យ៉ាង​មហោឡារិក រយៈពេល​០៣​ថ្ងៃ ចាប់ពី​ថ្ងៃ​ទី​២៦ ដល់​ថ្ងៃ​ទី​២៨ ខែវិច្ឆិកា​។ ក្នុង​ព្រះ​រាជពិធី​រយៈពេល​០៣​ថ្ងៃនេះ មាន​ប្រជាពលរដ្ឋ​ខ្មែរ​គ្រប់​ទិស​ទី រួម​ទាំង​អ្នកទេសចរ​បរទេស​ផង ចូលរួម​លេង​កម្សាន្ត​យ៉ាងច្រើន​កុះករ ប្រកបដោយ​ក្តី​រីករាយ​បំផុត ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ