ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពលករ​ខ្មែរ​ជិត​១០០​នាក់​ធ្វើការ​ខុសច្បាប់​នៅ​ថៃ ត្រូវ​បញ្ជូន​តាម​ច្រក​ទ្វារ​អន្តរជាតិ​ប៉ោយ​ប៉ែ​ត

4 ខែ មុន
  • បន្ទាយមានជ័យ

ពលករ​ខ្មែរ​ជិត​១០០​នាក់ ដែល​ធ្វើការ​ខុសច្បាប់​នៅ​ប្រទេស​ថៃ ត្រូវ​បាន​ចាប់​បញ្ជូន​មក​តាម​ច្រក​ទ្វារ​អន្តរជាតិ​ប៉ោយ​ប៉ែ​ត

ខេត្តបន្ទាយមានជ័យ ៖ ពលករ​ខ្មែរ​ជិត​១០០​នាក់ ដែល​ធ្វើការ​ខុសច្បាប់​នៅ​ប្រទេស​ថៃ ត្រូវ​បាន​ចាប់​បញ្ជូន​មក​តាម​ច្រក​ទ្វារ​អន្តរជាតិ​ប៉ោយ​ប៉ែ​ត កាលពី​ថ្ងៃ​ទី​២៨ ខែវិច្ឆិកា ឆ្នាំ​២០២៣ ស្ថិត​នៅ​ក្រុង​ប៉ោយ​ប៉ែ​ត​។

លោក វ៉ា​ន់ ដា​រ៉ា​ន ប្រធាន​ស្នាក់​ការ​ច្រក​ទ្វារ​អន្តរជាតិ​ប៉ោយ​ប៉ែ​ត បាន​ប្រាប់​ឱ្យ​ដឹង​ថា មាន​ពលករ​ខ្មែរ​ដែល​ធ្វើការ​គ្មាន​ច្បាប់​នៅ​ប្រទេស​ថៃ ត្រូវ​បាន​អាជ្ញា​ធរមាន​សមត្ថកិច្ច​ថៃ​ចាប់​បញ្ជូន​តាម​ច្រក​ទ្វារ​អន្តរជាតិ​ប៉ោយ​ប៉ែ​ត ដែល​មាន​អាជ្ញាធរ​កម្ពុជា​ចាំ​ទទួល មាន​ចំនួន​៩៦​នាក់ ក្នុង​នោះ​ប្រុស​ចំនួន​៥៨​នាក់ និង​ស្រី​៣៨​នាក់ ហើយ​ក៏​មាន​ក្មេង​ស្រី​៦​នាក់ និង​ក្មេង​ប្រុស​៦​នាក់​ផង​ដែរ​។

លោក​បាន​បញ្ជាក់​ថា ពលករ​ខ្មែរ​ដែល​ត្រូវ​ភាគី​ថៃ​ចាប់​បញ្ជូន​មកនេះ នៅ​ពេល​អាជ្ញាធរ​កម្ពុជា​ច្រក​ទ្វារ​អន្តរជាតិ​ប៉ោយ​ប៉ែ​ត​ចាំ​ទទួល ក៏​ធ្វើការ​សាកសួរ​ព័ត៌មាន​បានឱ្យ​ដឹង​ថា ពួក​គាត់​នាំ​គ្នា​ទៅ​ធ្វើការ​ចំណាកស្រុក​ដោយ​ខុសច្បាប់​នេះ ម្នាក់​ៗ​អស់​ថវិកា​ចំនួន​៥​ពាន់​បាត​ទៅ​៦​ពាន់​បាត តាម​រយៈ​មេខ្យល់​ថៃ បញ្ជូន​ឆ្លង​ដែន​ដោយ​ខុសច្បាប់ ដោយ​ធ្វើ​ដំណើរ​ចេញ​ពេល​យប់​ឆ្លងកាត់​ព្រៃ និង​មាន​មេខ្យល់​ថៃ​ចាំ​ទទួល រួច​ដឹក​គេច​តម្រួត​ថៃ បន្ទាប់​មក​ដឹក​ទៅ​ដាក់​កន្លែងធ្វើការ ដែល​ភាគច្រើន​ធ្វើ​ការងារ​សំណង់​។

លោក វ៉ា​ន ដា​រ៉ា​ន់ បាន​បញ្ជាក់​ថា ចំពោះ​ពលករ​ខ្មែរ​ដែល​ធ្វើការ​នៅ​ប្រទេស​ថៃ​ដោយ​ខុសច្បាប់ អាជ្ញា​ធរមាន​សមត្ថកិច្ច​ថៃ​ចាប់​បញ្ជូន​តាម​ច្រក​ទ្វារ​អន្តរជាតិ​ប៉ោយ​ប៉ែ​ត ដែល​ឈម​ច្រក​ខ្លោង​លឹ​ក​ប្រទេស​​​ថៃ​។ ក្រោយ​ភាគី​កម្ពុជា​ទទួល មន្ត្រី និង​សមត្ថ​ច្រក​ទ្វារ បាន​ធ្វើការ​ណែនាំ​ឱ្យ​បញ្ឈប់​សកម្ម​ភាព​​ចំណាកស្រុក​ដោយ​ខុសច្បាប់​តាម​រយៈ​មេខ្យល់​ឆ្លង​ដែន​កាត់​ព្រៃ​ប្រឈម​នឹង​គ្រោះថ្នាក់​គ្រប់ពេលវេលា និង​ត្រូវ​អាជ្ញា​ធរមាន​សមត្ថកិច្ច​ចាប់ខ្លួន​ទៀត​ផង ដូច្នេះ​ត្រូវ​ធ្វើការ​ដោយ​ស្របច្បាប់​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ