ខេត្តកំពត ៖ នៅក្នុងរយៈពេល៣ថ្ងៃនៃថ្ងៃឈប់សម្រាកក្នុងព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប អកអំបុក និងសំពះព្រះខែ ខេត្តកំពតទទួលភ្ញៀវទេសចរជិតឆ្ងាយតាមបណ្តាខេត្តរាជធានីទូទាំងប្រទេសបានជាង៨៤.០០០នាក់ ។ ក្នុងចំណោមនោះ ភ្ញៀវភាគច្រើនបានទៅលេងកម្សាន្តនៅតាមរមណីយដ្ឋាននានានៃតំបន់ទេសចរណ៍ធម្មជាតិទឹកឈូច្រើនជាងគេ ។
បើតាមលោក សយ ស៊ីណុល ប្រធានមន្ទីរទេសចរណ៍ខេត្តកំពតបានប្រាប់ឱ្យដឹងថា រយៈពេល៣ថ្ងៃនៃព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប អកអំបុក និងសំពះព្រះខែ ពោលគីចាប់ពីថ្ងៃទី២៦ ដល់ថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៣ ខេត្តកំពតទទួលបានភ្ញៀវទេសចរជាតិ អន្តរជាតិបានសរុបចំនួន៨៤.២៣៤នាក់ ក្នុងនោះភ្ញៀវទេសចរជាតិ៨២.៩០៧នាក់ និងទេសចរណ៍បរទេស១.៣២៧នាក់
លោកប្រធានមន្ទីរបានបន្តថា ចំពោះតំបន់បណ្តុំទេសចរណ៍ទឹកឈូនៅតែរក្សាបានប្រជាប្រិយភាពជាងគេ ដោយភ្ញៀវមួយភាគធំបាននាំគ្នាទៅលេងនៅទីនោះ ពិសេសឧទ្យានដងព្រែក និងមណ្ឌលកម្សាន្តដូងទេរជាដើម ។
លោកប្រធានមន្ទីរបានបញ្ជាក់ថា ចំពោះបន្ទប់ស្នាក់នៅសម្រាប់យប់ថ្ងៃទី២៦ និងថ្ងៃទី២៧ ខែវិច្ឆិកា គឺភ្ញៀវបានចូលសម្រាកពេញៗខណ:ដែលសេវាកម្មពុំមានការដំឡើងថ្លៃឡើយ ។ ចំណែកស្ថានភាពទូទៅមានលក្ខណ:ល្អប្រសើរ ពោលគឺមិនមានបញ្ហាកើតឡើងគួរឱ្យកត់សម្គាល់នោះទេ ។
សូមបញ្ជាក់ថា ខេត្តកំពតមានតំបន់គោលដៅទេសចរណ៍ទាក់ទាញ និងរមណីយដ្ឋានសរុបចំនួន៣៦កន្លែង និងចែកចេញជាបួនតំបន់ គឺតំបន់ឧទ្យានជាតិព្រះមុនីវង្សបូកគោ តំបន់ទឹកឈូ តំបន់កសិ-ទេសចរណ៍ចំការម្រេច (ឃុំកូនសត្វ) និងតំបន់ទំនប់ម្លេច មិនតែប៉ុណ្ណោះ ខេត្តកំពតក៏សំបូរទៅដោយរមណីយដ្ឋាន បឹងហ្គាឡូ រីស៊តស្អាតៗ ទឹកព្រែកធម្មជាតិអាចងូតលេង និងបោះតង់កម្សាន្តជាដើម ។
ចែករំលែកព័តមាននេះ