ទីក្រុងពូសាន, កូរ៉េខាងត្បូង៖ ប្រមុខការទូតប្រទេសជប៉ុន និងចិនជួបពិភាក្សាការងារនៅទីក្រុងពូសាន ប្រទេសកូរ៉េខាងត្បូង។ នេះជាកិច្ចជំនួបលើកទី១ចាប់តាំងលោកវ៉ាងយី រដ្ឋមន្ត្រីការបរទេសចិន ឡើងកាន់តំណែងជាថ្មីកាលពីខែកញ្ញា។ លោកវ៉ាងថ្លែងនៅក្នុងពេលបើកកិច្ចប្រជុំថាលោកចង់ធ្វើការជាមួយភាគីជប៉ុនដើម្បីធ្វើឱ្យទំនាក់ទំនងនេះដំណើរការដោយរលូន និងនៅលើមាគ៌ាដ៏ត្រឹមត្រូវ។
លោកស្រីរដ្ឋមន្ត្រីការបរទេសជប៉ុន ខាមីខាវ៉ា (Kamikawa) ឆ្លើយតបទៅវិញថាលោកស្រីចង់ធ្វើការជិតស្និទ្ធជាមួយលោកវ៉ាងដើម្បីធ្វើឱ្យទំនាក់ទំនងនេះដើរនៅលើទិសដៅត្រឹមត្រូវស្របតាមអ្វីដែលថ្នាក់ដឹកនាំប្រទេសទាំង២បានឯកភាពគ្នានៅក្នុងកិច្ចជំនួបកំពូលលើកចុងក្រោយ។ គេជឿជាក់ថាលោកស្រីខាមីខាវ៉ាបានស្នើសុំឱ្យប្រទេសចិនដកចេញវិញនូវការហាមឃាត់ការនាំចូលគ្រឿងសមុទ្រពីប្រទេសជប៉ុន។ ចិនធ្វើដូចនេះបន្ទាប់ពីប្រទេសជប៉ុនបង្ហូរទឹកកាកសំណល់ចេញពីរោងចក្រនុយក្លេអ៊ែរ។ ចំណុចមួយទៀត លោកស្រីក៏ស្នើសុំឱ្យប្រទេសចិនដោះលែងជនជាតិជប៉ុនម្នាក់ដែលត្រូវអាជ្ញាធរឃុំឃាំងនៅប្រទេសចិន។
ពាក់ព័ន្ធនឹងជម្លោះបូរណភាពទឹកដី លោកស្រីប្រមុខការទូតជប៉ុនប្រហែលជាបានស្នើសុំឱ្យភាគីចិនដកចេញនូវពោងដែលអាជ្ញាធរចិនយកទៅដាក់ខណ្ឌរវាងដែនទឹកប្រទេសចិន និងប្រទេសជប៉ុន។ ជប៉ុនអះអាងថានោះជាដែនសមុទ្រផ្ដាច់មុខរបស់ខ្លួន។ ប្រទេសទាំង២បញ្ជាក់ជាថ្មីអំពីការលើកកម្ពស់ទំនាក់ទំនងជាយុទ្ធសាស្ត្រ និងការកសាងទំនាក់ទំនងទ្វេភាគីដែលប្រកបដោយការស្ថាបនា និងស្ថិរភាព។ កិច្ចការនេះអាត្រូវការប្រព័ន្ធទំនាក់ទំនងដ៏ជិតស្និទ្ធនៅក្នុងគ្រប់កម្រិតទាំងអស់។
តាមគម្រោង, លោកស្រីខាមីខាវ៉ានឹងជួបសមភាគីកូរ៉េខាងត្បូង លោកផាកជីន (Park Jin) នាពេលបន្តិចទៀត ហើយនឹងត្រៀមចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសត្រីភាគី ជប៉ុន ចិន និងកូរ៉េខាងត្បូង។ ប្រធានបទសំខាន់ពាក់ព័ន្ធនឹងការបន្តឡើងវិញនូវជំនួបកំពូលត្រីភាគីនៃប្រទេសទាំង៣។
សូមរម្លឹកថយក្រោយពាក់ព័ន្ធនឹងបញ្ហាទឹកកាកសំណល់របស់ជប៉ុន។ ទឹកដែលប្រើប្រាស់សម្រាប់រក្សាសីតុណ្ហភាពត្រជាក់នៅរោងចក្រនុយក្លេអ៊ែរជប៉ុននៅហ៊្វូគូស៊ីម៉ានោះមានឡូកឡំជាមួយទឹកភ្លៀង និងទឹកក្រោមដី។ ក្រោយពេលប្រមូលទឹកទាំងនេះទៅរក្សាទុក, គេបានប្រើប្រាស់វិធីចម្រាញ់សារធាតុវិទ្យុសកម្ម។ ប៉ុន្តែសារធាតុទ្រីត្យូម (tritium) មិនអាចចម្រាញ់បានទេ។
ទោះជាយ៉ាងណាក្ដី មុនពេលបង្ហូរទឹកកាកសំណល់នោះ ជប៉ុនបានប្រើប្រាស់វិធីបិតទឹក (ដូចគេបិតស្រាស) ដើម្បីចម្រាញ់សារធាតុទ្រីត្យូមមកនៅកម្រិត១/៧នៃបរិមាណទឹកសរុប។ កម្រិតនេះស្របតាមអនុសាសន៍របស់អង្គការសុខភាពពិភពលោក។ ជប៉ុនក៏បានអញ្ជើញអ្នកជំនាញរបស់ទីភ្នាក់ងារអាតូមិចអន្តរជាតិ (IAEA) ឱ្យពិនិត្យមើលគុណភាពទឹកផងដែរ។ ប៉ុន្តែចិន និងរុស្ស៊ីមិនទាន់ជឿទុកចិត្តទាំងស្រុងទេ។ ប្រទេសទាំង២ហាមឃាត់ការនាំចូលអាហារសមុទ្រពីប្រទេសជប៉ុន៕
ប្រភព៖ NHK
https://www3.nhk.or.jp/nhkworld/en/news/20231125_18/
ចែករំលែកព័តមាននេះ