យេរូសាឡឹម៖ ចំណាប់ខ្មាំងជនជាតិថៃ១២នាក់ត្រូវក្រុមហាម៉ាស់ដោះលែងវិញហើយកាលពីយប់មិញដែលជាផ្នែក១នៃកិច្ចព្រមព្រៀងផ្អាកបាញ់គ្នារយៈពេល៤ថ្ងៃ និងការយល់ព្រមដូរចំណាប់ខ្មាំង ជាមួយអ្នកទោសជនជាតិប៉ាឡេស្ទីន។ ជនជាតិថៃទាំងនោះបានធ្វើដំណើរឆ្លងចូលទឹកដីអ៊ីស្រាអែលតាមតំបន់រ៉ាហ្វា (Rafah) និងបន្តដំណើរទៅមូលដ្ឋានកងទ័ពអាកាសហាត់ហ្សេរីម (Hatzerim)។ នេះបើយោងតាមការបញ្ជាក់របស់ក្រសួងការបរទេសថៃ។
រហូតមកដល់ពេលនេះ គេមិនទាន់ដឹងលម្អិតថាអ្នកទាំងនោះមានឈ្មោះអ្វី និងមានភេទប្រុស ឬស្រីប៉ុន្មាននាក់ទេ។ ក្រសួងទទួលដំណឹងនៃការដោះលែងនេះតាមរយៈឯកអគ្គរាជទូតថៃប្រចាំទីក្រុងតែឡាវីវ។ ក្រសួងនិយាយបន្ថែមថាជនជាតិថៃ១២នាក់នឹងត្រូវដឹកជញ្ជូនទៅមន្ទីរពេទ្យសាមៀ (Shamir) ដើម្បីពិនិត្យសុខភាព។ មន្ត្រីរដ្ឋាភិបាលថៃនឹងទៅជួបពួកគេនៅទីនោះ។ ក្រៅពីនេះ អ្នកដទៃទៀតមិនទាន់អាចមានសិទ្ធិចូលជួបជនជាតិថៃទាំងនោះទេ។ ត្រូវរង់ចាំលើសពី៤៨ម៉ោងសិន។
ក្រសួងការបរទេសបញ្ជាក់ថាខ្លួននឹងនាំយកពួកគេត្រឡប់ទៅមាតុភូមិវិញកាន់តែឆាប់តាមដែលអាចធ្វើទៅបាន។ ក្រសួងសូមអរគុណរដ្ឋាភិបាលអេហ្ស៊ីប កាកបាទក្រហមអន្តរជាតិ និងភាគីដែលពាក់ព័ន្ធទាំងអស់ដែលបានជួយជ្រោមជ្រែងនៅក្នុងការចរចាគ្នារហូតដល់មានការដោះលែង។ ក្រសួងសង្ឃឹមថាចំណាប់ខ្មាំងដទៃទៀតដែលនៅសេសសល់នឹងត្រូវដោះលែងត្រឡប់មកវិញដោយសុវត្ថិភាពនៅក្នុងពេលឆាប់ៗនេះ៕
ប្រភព៖ The Nation
https://www.nationthailand.com/world/middle-east-africa/40033194

ចែករំលែកព័តមាននេះ