រាជធានីភ្នំពេញ ៖ អត្រានៃការឆ្លងជំងឺអេដស៍នៅកម្ពុជា នៅតែមានការព្រួយបារម្ភដែលបច្ចុប្បន្ននេះ ភាគច្រើនឆ្លងតាមអ្នកស្រឡាញ់ភេទដូចគ្នា គឺប្រុសស្រឡាញ់ប្រុស ពិសេសនោះ គឺបុរស រកស៊ីផ្លូវភេទ។
ឯកឧត្តមទេសរដ្ឋមន្ត្រី អៀង មូលី ប្រធានអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍បានលើកឡើងក្នុង
សន្នីសីទសារព័ត៌មាននៅរសៀលថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៣ នៅអាជ្ញាធរអេដស៍យ៉ាងដូច្នេះថា៖«ការពិតនៅកម្ពុជាអត្រាឆ្លងជំងឺអេដស៍ចំនួនច្រើន គឺប្រុសស្រឡាញប្រុសរួមភេទជាមួយគ្នាមានច្រើនសព្វថ្ងៃនេះ។ តើហេតុអី?មកពីប្រុសៗតាំងខ្លួនជាដៃគូតែមួយគ្នាវាអត់អីទេ ស្គាល់គ្នាច្បាស់ធ្វើជាដៃគូររួមរស់ជាមួយគ្នា ហើយដឹងអត់មានមេរោគវាអត់ឆ្លងទេ ក៏ប៉ុន្តែអ្នកមានហានិភ័យនោះ គឺអ្នកដែលមានដៃគូច្រើនហើយអត់ស្គាល់នោះហើយជាហានិភ័យ»។
ឯកឧត្តមទេសរដ្ឋមន្ត្រីក៏បានលើកឡើងថា នៅកម្ពុជាសព្វថ្ងៃនេះ មានយុវជនជាក្មេងប្រុសបានរកស៊ីផ្លូវភេទអីញ្ចឹងគាត់បានទទួលសេវាច្រើន ដូច្នេះនៅពេលគាត់ឆ្លងមេរោគអេដស៍មក មិនបានដឹងនោះទេនៅពេលគាត់មិនបានធ្វើតេស្តរកមេរោគអេដស៍ ។
ឯកឧត្តមប្រធានបានអំពាវនាវ និងលើកទឹកចិត្តដល់យុវជនទាំងអស់ ត្រូវក្លាយហានក្នុងការមកធ្វើតេស្តរកឈាមមេរោគអេដស៍ក្នុងករណីដែលរកឃើញថា មានមេរោគអេដស៍គឺធ្វើការព្យាបាលភ្លាមតាមដោយប្រើថ្នាំព្យាបាល។
ពាក់ព័ន្ធនឹងការព្យាបាលជំងឺអេដស៍ ឯកឧត្តមអៀង មូលី បានគូសបញ្ជាក់ថា៖ «នៅស្រុកខ្មែរវិសេសវិសាលណាស់ គឺឲ្យតែប្រើថ្នាំព្យាបាលតាមទៀងទាត់អ្នកជំងឺអេដស៍នឹងទៅជាមនុស្សធម្មតា ទោះបីជាក្នុងខ្លួនគាត់មានមេរោគអេដស៍ តែមិនឆ្លងទៅដៃគូនោះទេ ។ អាហ្នឹងសូមប្រជា ពលរដ្ឋត្រូវយល់ចំណុចហ្នឹង នេះមិនមែនជាការបណ្តុះបង្អាប់ទេតែខ្ញុំចង់ឲ្យដឹង» ។
ជាមួយគ្នានោះដែរ ឯកឧត្តមបានលើកឡើងថា នៅកម្ពុជាមានការបាត់មុខអ្នកដែលសង្ស័យផ្ទុកមេរោគអេដស៍ហើយមិនទៅទទួលសេវា(មិនទៅធ្វើតេស្តឈាម)ព្រោះថា នៅពេលគាត់ទៅធ្វើតេស្តឈាមរកឃើញផ្ទុកមេរោគអេដស៍គាត់នឹងស្ថិតក្នុងប្រព័ន្ធព្យាបាលថែទាំ។ ប៉ុន្តែគាត់ មិនបានមកធ្វើតេស្តដែលមានប្រមាណ១ម៉ឺន២ពាន់នាក់។ អ្នកទាំងនោះ បើធ្វើការប្រហែសគាត់អាចនឹងចម្លងទៅអ្នកផ្សេងទៀត ក្នុងនោះ បើសិនគាត់ជានារីបំរើសេវាផ្លូវភេទមានដៃគូច្រើន ហើយមានការធ្វេសប្រហែសក្នុងរួមភេទជាមួយដៃគូ ។
ឯកឧត្តមទេសរដ្ឋមន្ត្រីបានលើកឡើងទៀតថា នៅក្នុងប្រទេសកម្ពុជា អត្រាអ្នកព្យាបាលជំងឺអេដស៍ធ្វើឲ្យមេរោគបាត់បង់ពីរាង្គកាយមានអត្រារហូតដល់៩៨ភាគរយ ដែលមានចំនួនមួយខ្ពស់ដូច្នេះសូមឲ្យអ្នកដែលដឹងខ្លួនថា មានផ្ទុកមេរោគអេដស៍មកទទួលសេវាព្យាបាល(ទទួលថ្នាំ)ឲ្យបានទៀងទាត់។
ជាមួយគ្នានោះដែរ ឯកឧត្តមបានឲ្យដឹងថា រាជរដ្ឋាភិបាលបានផ្តល់ថ្នាំដល់អ្នកផ្ទុកមេរោគអេដស៍ដោយមិនគិតថ្លៃផងដែរ ដោយរយៈពេល៣ឆ្នាំចុងក្រោយនេះរាជរដ្ឋាភិបាលបានចំណាយថវិកាទិញថ្នាំក្នុងមួយឆ្នាំ៥លានដុល្លារអាមេរិក បើព្រៀបធៀបនឹងប្រទេសដទៃទៀតមិនមែននោះទេ។
ជាងនេះទៅទៀត រាជរដ្ឋាភិបាលបានផ្តល់ប័ណ្ណក្រីក្រដល់អ្នកដែលផ្ទុកមេរោគអេដស៍នេះផង
ដែរ។ បើតាមឯកឧត្តមទេសរដ្ឋមន្ត្រីបានលើកឡើងថា អ្នកដែលបាត់ខ្លួនមិនទៅទទួលសេវាព្យាបាល(ទទួលថ្នាំ)នៅក្នុងប្រព័ន្ធរបស់អាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍នោះទេភាគីច្រើនជាអ្នកមាន ឬតារាល្បីៗដោយសារគាត់មានការខ្មាស់អៀន៕
ចែករំលែកព័តមាននេះ