យោងតាមការសិក្សាមួយបានបង្ហាញថាសារធាតុគីមីដែលមាននៅក្នុងផ្លែប៉េងប៉ោះចំអិនគឺមានភាពដូចជាថ្នាំបញ្ចុះខ្លាញ់ក្នុងឈាម
(Statins)ក្នុងការជួយទប់ស្កាត់និងប្រឆាំងនឹងខ្លាញ់កូឡេស្តេរ៉ូល(Cholesterol)បាន។ បណ្តាអ្នកវិទ្យាសាស្រ្តបាននិយាយថាផ្លែប៉េងប៉ោះចំអិនមានប្រសិទ្ធភាពដូចជាថ្នាំSta-tinsសម្រាប់អ្នកជំងឺដែលមានCholesterolនិងសម្ពាធឈាមខ្ពស់។
ទទួលទានប៉េងប៉ោះត្រឹមតែទម្ងន់២អោនក្នុងមួយថ្ងៃគ្រប់គ្រាន់អាចជួយការពារអ្នកជំងឺជាច្រើន។ សារធាតុលីកូប៉ែន(Lycopene)ដែលធ្វើឲ្យផ្លែប៉េងប៉ោះទុំមានពណ៌ក្រហមភ្លឺថ្លាគឺជាគន្លឹះដ៏សំខាន់។ លីកូប៉ែនជាសារធាតុប្រឆាំងអុកស៊ីដកម្មដ៏មានប្រសិទ្ធភាពបំផុត។ វាមានសារសំខាន់ខ្លាំងក្នុងការជួយឱ្យមានសុខភាពល្អ តួយ៉ាងដូចជាជួយកាត់បន្ថយអត្រាប្រឈមនឹងជំងឺគាំងបេះដូងឬក៏ជំងឺស្រ្តូក។ ផ្លែប៉េងប៉ោះដែលចំអិនរួចគឺមានផលល្អបំផុតខណៈការធ្វើតេស្ត៍បានបង្ហាញឲ្យឃើញនូវរាងកាយរបស់មនុស្សអាចស្រូបយកសារធាតុលីកូប៉ែនបានល្អជាងកាលពីវានៅឆៅ។
បណ្តាអ្នកជំនាញនៅប្រទេសអូស្ត្រាលីបានវិភាគលើលទ្ធផលនៃការសិក្សាអន្តរជាតិចំនួន១៤ដែលការសិក្សាទាំងនោះសុទ្ធតែបានពិនិត្យមើលអត្ថប្រយោជន៍របស់សារធាតុលីកូប៉ែនជាង៥៥ឆ្នាំមកហើយ។
អ្នកស្រីវេជ្ជបណ្ឌិតការីន រ៉ាយមកពីសាកលវិទ្យាល័យUniversity of Adelaide ប្រទេសអូស្ត្រាលីបាននិយាយថា ផ្លែប៉េងប៉ោះមាន
សារធាតុលីកូប៉ែនក្នុងកម្រិតមួយយ៉ាងខ្ពស់ជាពិសេស។ តាមការចុះផ្សាយនៅក្នុងកាសែតMaturitasអ្នកស្រីបានបន្ថែមថា ផឹកទឹកប៉េងប៉ោះកន្លះលីត្រឬទទួលទានប៉េងប៉ោះកិនដាក់កំប៉ុង៥០ក្រាមនឹងផ្តល់អត្ថប្រយោជន៍ការពារប្រឆាំងនឹងជំងឺបេះដូង ។ ប៉ុន្តែលោកស្រីបានបញ្ជាក់ថា ទទួលទានប៉េងប៉ោះត្រឹមតែ១ផ្លែគឺមិនទាន់គ្រប់គ្រាន់ឡើយ ។
សូមបញ្ជាក់ថា សារធាតុលីកូប៉ែនក៏ត្រូវបានគេរកឃើញមាននៅក្នុងផ្លែឪឡឹក ផ្លែត្របែក ផ្លែល្ហុង ផ្លែទំពាំងបាយជូរក្រហមព្រលែត ផ្លែអាព្រីខុត (ស្រដៀងនឹងផ្លែប៉ោមមានគ្រាប់កណ្តាល) និងផ្លែ Rosehip ៕
ចែករំលែកព័តមាននេះ