ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កសិករ​ត្អួ​ញ​ត្អែ​រថា បញ្ហា​ទឹកភ្លៀង​ធ្វើ​ឱ្យ​ទិន្នផល​ពោតក្រហម​ធ្លាក់​ចុះ តម្លៃ​ទីផ្សារ​ថោក​ទៀត

5 ខែ មុន
  • ប៉ៃលិន

គេ​សង្កេត​ឃើញ​ប្រជាពលរដ្ឋ​រស់នៅ​ក្នុង​ក្រុងប៉ៃលិន ចាប់ផ្តើម​ហៅ​កម្មករ​ឱ្យ​ចូល​ទៅ​ក្នុង​ចម្ការពោត​របស់​ខ្លួន ដើម្បី​ប្រមូល​ផល​លក់​ឱ្យ​ឈ្មួញ ដើម្បី​យក​ថវិកា​ផ្គត់ផ្គង់​ជីវភាព និង​សង​ជំពាក់​បំណុល​គេ​។ ប៉ុន្តែ​ពួក​គាត់​មានការ​រអ៊ូរទាំ និង​ត្អូញត្អែរ​ពី​

ខេត្ត​ប៉ៃលិន ៖ រហូត​មក​ដល់​ថ្ងៃ​ទី​២៣ ខែវិច្ឆិកា ឆ្នាំ​២០២៣​នេះ គេ​សង្កេត​ឃើញ​ប្រជាពលរដ្ឋ​រស់នៅ​ក្នុង​ក្រុងប៉ៃលិន ចាប់ផ្តើម​ហៅ​កម្មករ​ឱ្យ​ចូល​ទៅ​ក្នុង​ចម្ការពោត​របស់​ខ្លួន ដើម្បី​ប្រមូល​ផល​លក់​ឱ្យ​ឈ្មួញ ដើម្បី​យក​ថវិកា​ផ្គត់ផ្គង់​ជីវភាព និង​សង​ជំពាក់​បំណុល​គេ​។ ប៉ុន្តែ​ពួក​គាត់​មានការ​រអ៊ូរទាំ និង​ត្អូញត្អែរ​អំពី​បញ្ហា​ទិន្នផល​ធ្លាក់​ចុះ ហើយ​តម្លៃ​ទីផ្សារ​ក៏​ធ្លាក់​ទាប​ជាង​មុន​ថែម​ទៀត​។

បើ​តាម​បុរស​ម្នាក់​មានឈ្មោះ ផា​ន ម៉េ​ង​ហៀ​ប អាយុ​៥៤​ឆ្នាំ រស់នៅ​ក្នុងភូមិ​ទឹកផុស សង្កាត់​ប៉ៃលិន ក្រុងប៉ៃលិន ខេត្ត​ប៉ៃលិន បាន​រៀបរាប់​ឱ្យ​ដឹង​ថា «​គាត់​បាន​ដាំ​ដំណាំ​ពោតក្រហម​អស់​រយៈពេល​ជិត​៣​ខែ​មក​ហើយ រហូត​មក​ដល់​ពេល​នេះ ចាប់ផ្តើម​ប្រមូល​ផល​ជា​បណ្តើរ​ៗ ដើម្បី​ដឹក​យក​ទៅ​លក់ដូរ​នៅ​តាម​ស្តង់​ក្នុង​ក្រុងប៉ៃលិន​»​។

បុរស​ខាងលើ​បន្ត​ទៀត​ថា «​ទិន្នផល​ដំណាំ​ពោតក្រហម​នៅ​ឆ្នាំ​២០២៣​នេះ មានការ​ថយ​ចុះ​ច្រើន​ជាង​ឆ្នាំ​មុន​ៗ ដោយសារ​តែ​បញ្ហា​ទឹកភ្លៀង​រអាក់រអួល ហើយ​កាលពី​ឆ្នាំ​មុន គាត់​ដាំពោត​ក្រហម​ចំនួន​៣​ហិ​កតា ទទួល​បាន​ផល​រហូត​ដល់​ជាង​១០​តោន ប៉ុន្តែ​នៅ​ឆ្នាំ​នេះ គាត់​ដាំ​ដំណាំ​ពោត​៤​ហិ​កតា ប្រមូល​ផល​ប្រហែលជា​មិន​បាន​១០​តោន​ឡើយ​»​។

បុរស​រូប​នេះ​បញ្ជាក់​ថា «​តម្លៃ​ទីផ្សារ​នា​ឆ្នាំ​២០២៣​នេះ ពោតក្រហម​មានការ​ធ្លាក់​ចុះ ដោយ​ឆ្នាំ​មុន ឈ្មួញ​ទិញ​ក្នុង​១​គីឡូក្រាម តម្លៃ​៦.២​បាត (​ប្រាក់​ថៃ​) គិតលុយ​ខ្មែរ​ជាង​៦០០​រៀល​។ រីឯ​នៅ​ឆ្នាំ​នេះ ឈ្មួញ​ទិញ​ត្រឹមតែ​១​គីឡូក្រាម តម្លៃ​ត្រឹមតែ​៤.៨​ទៅ​៤.៩​បាត គិតលុយ​ខ្មែរ​ជាង​៤០០​រៀល​។ ហើយ​គេ​ទាមទារ​ឱ្យ​ផ្លែ​ពោតក្រហម​ស្ងួត​ល្អ ទើប​ទិញ​តាម​ស្តង់ដា​។ តែ​ទោះបីជា​យ៉ាងណា អ្នកចម្ការ​មិន​អាច​រក្សា​ផ្លែ​ពោត​ឱ្យ​ទុំ​នៅ​លើ​ដើម​រហូត​ដល់​ស្ងួត​ល្អ​១០០​ភាគរយ​នោះ​ឡើយ ពោល​គឺ​ឱ្យ​តែ​ឃើញ​ទុំ​នៅ​លើ​ដើម ចាប់ផ្តើម​ហៅ​កម្មករ​ឱ្យ​ចូល​ប្រមូល​ផល​តែ​ម្តង​»​។

បុរស​រូប​នេះ​បញ្ជាក់​ទៀត​ថា «​លើស​ពី​នេះ ការ​ទិញ​សម្ភារៈ​កសិកម្ម​មានការ​ឡើង​តម្លៃ​ទីផ្សារ​ខ្ពស់ ដោយ​គ្រាប់ពូជ​ពោតក្រហម​១​កា​រ៉ុ​ង ឈ្មួញ​លក់​តម្លៃ​ចាប់ពី​៤២០០​បាត​ទៅ​៤៦០០​បាត គិតលុយ​ខ្មែរ​ជាង​៤០​ម៉ឺន​រៀល​។ ហើយ​គិតថ្លៃ​ភ្ជួរ​ដី ចំនួន​២​ដង ការ​ទិញ​ថ្នាំ​កម្ចាត់​សត្វល្អិត និង​ជួល​កម្មករ​ប្រមូល​ផល​ទៀត លុះ​កាច់​កិន​ទៅ គឺ​អស់​ច្រើន​។ បើ​តម្លៃ​ទីផ្សារ​ធ្លាក់​ចុះ ហើយ​ទិន្នផល​ទាប​ទៀត គឺ​មិន​ចំណេញ​អ្វី​នោះ​ឡើយ មាន​តែ​ជំពាក់​នាយទុន​កាន់តែ​ច្រើន​ឡើង​ៗ»​។

ចំណែក​អ្នកខ្លះ​ទៀត​លែង​ចង់​ធ្វើ​ចម្ការ​ដំណាំ​បន្ត​ទៀត​ហើយ ដោយ​ពួក​គាត់​អះអាង​ថា ការ​ធ្វើ​ចម្ការ​សម័យ​បច្ចុប្បន្ន​នេះ មិន​ចំណេញ​អ្វី​នោះ​ទេ មាន​តែ​ខាតដើម​ខាតចុង​ជា​រៀង​រាល់ពេល ពោល​គឺ​អ្នកខ្លះ​ធ្វើ​ចម្ការ​ម្តង ត្រូវ​ចំណាយ​លក់​សត្វ​គោ​អស់​១​នឹម អ្នកខ្លះ​ទៀត​ធ្វើ​ចម្ការ​រហូត​ដល់​អស់​ដីចម្ការ និង​ជំពាក់​គេ​វ័ណ្ឌ​.​ក រត់​ទៅ​ធ្វើការ​ស៊ីឈ្នួល​នៅ​ប្រទេស​ថៃ ដើម្បី​សង​ជំពាក់​បំណុល​គេ ហើយ​អ្នកខ្លះ​ឈប់​ធ្វើ​ចម្ការ​ទាំងស្រុង​តែ​ម្តង ដោយ​ងាក​បែរ​ទៅ​ប្រកប​មុខរបរ​អ្វី​ផ្សេង​ទៀត​ជំនួស​វិញ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ