រាជធានីភ្នំពេញ ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានគូសបញ្ជាក់ថា ក្នុងវិស័យស្រូវអង្ករ ត្រូវមានការប្រកួត ដែលត្រូវរួមគ្នាគិតគូរពីការប្រកួតប្រជែងផ្ទៃក្នុង ប៉ុន្តែកុំឲ្យប្រកួតប្រជែងផ្ទៃក្នុង រហូតទៅដល់ធ្វើយ៉ាងណាបាត់ នូវភាពប្រកួតប្រជែងជាមួយប្រទេសជិតខាង ។
ការលើកឡើងរបស់សម្តេចធិបតី ខាងលើនេះ ធ្វើឡើងក្នុងឱកាសអញ្ជើញប្រកាសឱ្យអនុវត្តជាផ្លូវការ «កម្មវិធីគោលនយោបាយអាទិភាពទី៥ និងទី៦ របស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា» នាថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៣ នៅក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ។
សម្តេចធិបតី នាយករដ្ឋមន្ត្រី បានលើកឡើងយ៉ាងដូច្នេះថា តួរអង្គសំខាន់មាន៣ ៖ ទី១. គឺអ្នកប្រតិបត្តិ ដែលកសិករ និងវិស័យឯកជន និងអ្នកពាក់ព័ន្ធក្នុងវិស័យកសិកម្ម ទី២. រាជរដ្ឋាភិបាល និងទី៣ គឺអ្នកប្រើប្រាស់ គឺអតិថិជន។ ៣នេះសំខាន់ណាស់ នៅក្នុងចង្វាក់ផលិតកម្ម ចង្វាក់ផ្គត់ផ្គង់ ខ្សែចង្វាក់ផលិតកម្ម ខ្សែចង្វាក់ផ្គត់ផ្គង់របស់យើង ទី១ គឺអ្នកប្រតិបត្តិ ដែលប្រជាកសិករ និងសហគ្រាសគ្រប់កម្រិតនៃវិស័យកសិកម្ម មានដំណើរការនៅក្នុងវិស័យនេះ សម្រាប់តួរអង្គនេះ យើងមានរួចទៅហើយ និងការខិតខំ និងមានឆន្ទៈក្នុងការធ្វើឲ្យវិស័យនេះ រីកចម្រើន ប៉ុន្តែអ្វីដែលយើងអាចព្យាមយាមបន្ថែមទៀតនោះ អាចធ្វើយ៉ាងណា ឲ្យប្រតិបត្តករទាំងអស់ ទាំងកសិករ និងវិស័យឯកជនមានភាពប្រទាក់ក្រឡាគ្នា បំពេញបន្ថែមឲ្យគ្នា ជាពិសេស ត្រូវមានផលប្រយោជន៍រួម ដើម្បីយើងអាចគកៀគរបាន នូវកម្លាំងរួម សម្រាប់អភិវឌ្ឍន៍វិស័យនេះ ប្រទេសយើងតូច ហើយបើយើងតូចប្រកួតគ្នាតូចទៀត យើងមិនឈ្នះគេទេ ។
សម្តេចនាយករដ្ឋមន្ត្រី បញ្ជាក់ថា ៖ «ខ្ញុំសូមឲ្យគិតគូរវិស័យនេះ នៅក្នុងក្របខណ្ឌព្រៃទាំងមូល កុំគិតដើមឈើមួយដើម។ ប្រទេសយើងជាប្រទេសនាំចេញកសិកម្ម តែកុំភ្លេចថា នៅក្នុងអាស៊ាន ១០ មិនបាច់និយាយឆ្ងាយ ទៅដល់អាហ្វ្រិក ទៅដល់អាមេរិកឡាទិនទេ យើងក៏ប្រកួតប្រជែងរួចហើយ ជាពិសេសប្រកួតប្រជែង ជាមួយនឹងអ្នកនាំចេញ ផលិតផលកសិកម្មធំ នៅជិតយើងតែម្តង» ។
ជាមួយគ្នានោះដែរ សម្តេចធិបតី បន្ថែមទៀតថា «ខ្ញុំសូមឲ្យគិត អំពីក្របខណ្ឌរួមក្នុងវិស័យនេះបានន័យថា ឯកជន រដ្ឋ ជាមួយ និងកសិករ គិតគ្នា បើយើងគិតបែបនេះ យើងយកលេខ១ នៅក្នុងចំណាក់ថ្នាក់លេខ១០ ឬមួយយកលេខ១០ នៅក្នុងក្រុមចំណាក់ថ្នាក់លេខ១ អានឹងយើងសួរសំណួរខ្លួនឯងអញ្ចឹង ថាតើចង់ឲ្យវិស័យកសិកម្មយើង មានកម្រិតប្រកួតប្រជែងកម្រិតខ្ពស់ ហើយយើងជាអ្នកសមាជិកក្នុងនឹង យើងបាច់ចាំដល់ទៅខ្ពស់ទេ បើសិនការនាំចេញហើយជោគជ័យកសិកម្មយើងខ្ពស់ យើងមិនចាំបាច់លេខ១ នៅក្នុងក្រុម ហើយនៅក្នុងប្រទេសយើង ក៏យើងបានផលដែរ តែបើសិនជាយើងបានលេខ១មែន ប៉ុន្តែយើងវិស័យកសិកម្មយើងមិនសូវរឹងមាំ យើងប្រកួតប្រជែងមិនសូវឈ្នះគេ ចឹងខ្ញុំគិតថា ផលលាភក៏មិនសូវបានច្រើនដែរ» ។
ក្នុងឱកាសនោះ សម្តេចធិបតី ហ៊ុន ម៉ាណែត ធ្វើការចង្អុលបង្ហាញថា “ការគិតគូរនេះ ខ្ញុំគិតថា គួរគិតយើងសុខចិត្ត លេខ១០ នៅក្នុងក្រុមដែលមានចំណាក់ថ្នាក់លេខ១ចុះ បានន័យថាម៉េច ការគិតពីផលប្រយោជន៍រួម នៃវិស័យទាំងមូលរបស់កម្ពុជា ជាជាងផលប្រយោជន៍ របស់ក្រុមហ៊ុនណាមួយ។ ក្នុងវិស័យស្រូវអង្ករយើងត្រូវប្រកួត យើងត្រូវរួមគ្នា គិតគូពីការប្រកួតប្រជែងផ្ទៃក្នុង ប៉ុន្តែកុំឲ្យប្រកួតប្រជែងផ្ទៃក្នុង រហូតទៅដល់ធ្វើយ៉ាងណា បាត់នៅភាពប្រកួតប្រជែងជាមួយប្រទេសជិតខាង ចឹងវាទាមទារឲ្យយើងធ្វើការសហការ” ។
សម្តេចធិបតី បានឲ្យដឹងថា “មិនមែនតែនៅក្នុងស្រូវអង្ករទេ នៅក្នុងដំណាក់កាលផ្សេងៗទៀត ចឹងការគិតគូរនេះ ដែលយើងបានចងក្រងជារចនាសម្ព័ន្ធ ហើយដាក់គោលនយោបាយមួយនៅក្នុងកម្មវិធីនេះ គឺការរៀបចំជាសហគមន៍ កសិកម្មទំនើប ពាក្យថាសហគមន៍ កសិកម្មទំនើប មិនមែនបានន័យថា យើងមានត្រឹមតែធនធាន មានតែបច្ចេកវិទ្យាទំនើបទេ ប៉ុន្តែទំនើបទាំងការគិត ទំនើបទាំងរៀបរបបធ្វើការសហការគ្នា ដែលខ្ញុំឲ្យគិតថា ពេលខ្លះយើង សុខចិត្តយកលេខ១០ នៅក្នុងក្រុមលេខ១ ជាជាងយកលេខ១ នៅក្នុងក្រុមលេខ១០” ៕
ចែករំលែកព័តមាននេះ