ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រសួង​វប្បធម៌​មាន​គម្រោង​ពង្រីក​សារមន្ទីរ​ជាតិ

1 ឆ្នាំ មុន
  • ភ្នំពេញ

យោង​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ ស្តី​ពី​លទ្ធផល​នៃ​ព្រះរាជ​សវនាការ​រវាង​ព្រះករុណា ព្រះបាទ​សម្តេច ព្រះ​បរមនាថ នរោត្តម សីហ​មុនី ព្រះមហាក្សត្រ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​ឯកឧត្តម

រាជធានី​ភ្នំពេញ ​៖ ​យោង​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ ស្តី​ពី​លទ្ធផល​នៃ​ព្រះរាជ​សវនាការ​រវាង​ព្រះករុណា ព្រះបាទ​សម្តេច ព្រះ​បរមនាថ នរោត្តម សីហ​មុនី ព្រះមហាក្សត្រ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​ឯកឧត្តម Emmanuel MACRON ប្រធានា​ធិបតី​នៃ​សាធារណរដ្ឋ​បារាំង នៅ​វិមាន​ប្រធានាធិបតី​បារាំង Élysée នា​ថ្ងៃ​ទី​១៣ ខែវិច្ឆិកា ឆ្នាំ​២០២៣ គម្រោង​កិច្ច​សហប្រត្តិបត្តិការ​រវាង​កម្ពុជា និង​បារាំង​លើ​វិស័យ​វប្បធម៌ ធំ​ៗ​មួយ​ចំនួន​ត្រូវ​បាន​បារាំង​ប្រកាស​ពី​ការ​ប្តេជ្ញា​ចិត្ត គាំទ្រ​ដើម្បី​សម្រេច​បាន​ជោគជ័យ ។ នេះ​បើ​តាម​ការ​ផ្សាយ​ឱ្យ​ដឹង​ពី​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ កាលពី​ថ្ងៃ​ទី​១៥ វិច្ឆិកា ។

គម្រោង​ទាំងនោះ​រួម​មាន​៖
១.​គម្រោង​ពង្រីក​សារមន្ទីរ​ជាតិ និង​កិច្ចសហការ​រវាង​សារមន្ទីរ​ជាតិ​(​កម្ពុជា​)​ជាមួយ​សារមន្ទីរ​Guimet (​បារាំង​) ។
ដើម្បី​ឆ្លើយ​តប​ទៅ​នឹង​តម្រូវការ​ចាំបាច់​នានា​របស់​ភ្ញៀវ​ទេសចរ និង​កំណើន​សមុច្ច័យ ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ​បាន​គិត​ពី​លទ្ធភាព​នៃ​ការ​ពង្រីក​សារមន្ទីរ​ទៅ​ទីតាំង​នៃ​សាកលវិទ្យាល័យ​ភូមិន្ទ​វិចិត្រសិល្បៈ​បច្ចុប្បន្ន ឬ​ទីតាំង​ថ្មី​។ ដើម្បី​មាន​មូលដ្ឋាន​ក្នុង​ការ​រៀបចំ​គម្រោង​នេះ ក្រសួង​បាន​ចេញ​សេចក្តី​អំពាវនាវ​កាលពី​អំឡុង​ឆ្នាំ​២០២២​ទៅ​ដៃគូ​បរទេស​នានា ក្នុង​បំណង​ដើម្បី​ស្នើ​សុំ​ជួយ​បញ្ជូន​អ្នកជំនាញ​ចុះ​ជួយ​ផ្តល់​យោបល់​លើ​គម្រោង​នៃ​ការ​ពង្រីក​សារមន្ទីរ​នេះ ។

ក្រោយ​សេចក្តី​អំពាវនាវ ស្ថានទូត​បារាំង​ប្រចាំ​នៅ​កម្ពុជា​បាន​ឆ្លើយ​តប​ជា​ផ្លូវការ​កាលពីដើម​ឆ្នាំ​២០២៣ ថា​នឹង​ចាត់ចែង​បញ្ជូន​ក្រុម​អ្នកជំនាញ​ដើម្បី​ចុះ​មក​ពិនិត្យ និង​ពិភាក្សា​ការងារ​ពង្រីក​សារមន្ទីរ​ជាមួយ​ក្រសួង ។ នៅ​ពាក់កណ្តាល​ឆ្នាំ​២០២៣ ក្រុម​ជំនាញ​ទាំង​ពីរ​បាន​ជួប​ប្រជុំ​ពិភាក្សា​គ្នា​នៅ​រាជធានី​ភ្នំពេញ ហើយ​បច្ចុប្បន្ន​ក្រុម​ជំនាញ​បារាំង​កំពុង​រៀបចំ​របាយការណ៍​បច្ចេកទេស​បង្ហាញ​ពី​លទ្ធផល​នៃ​កិច្ចប្រជុំ​នា​ពេល​កន្លង​មក ។

២.​គម្រោង​ជួសជុល​រូប​ព្រះ​វិស្ណុ​ផ្ទុំ​ធ្វើ​ពី​សំរឹទ្ធិ
គម្រោង​ជួសជុល​រូប​ព្រះ​វិស្ណុ​ផ្ទុំ​ធ្វើ​ពី​សំ​រឹ​ទិ្ធ ជា​គម្រោង​មួយ​ដែល​នឹង​ត្រូវ​អនុវត្ត​ចាប់ពី​ពាក់កណ្តាល​ឆ្នាំ​២០២៤​នេះ​តទៅ ។ គម្រោង​នេះ គឺ​ការ​បញ្ជូន​រូប​ព្រះ​វិស្ណុ​ផ្ទុំ​ពី​សំរឹទ្ធិ​ដ៏​ធំ​ពី​សារមន្ទីរ​ជាតិ យក​ទៅ​ជួសជុល​និង​អភិរក្ស​ពង្រឹង​ផ្ទៃ​លោហៈ​ដែល​កំពុង​រង​ការ​ខូចខាត​ដោយ​កត្តា​ធម្មជាតិ ។ ក្រៅពី​កិច្ចការ​នៃ​ការ​អភិរក្ស និង​ជួសជុល រូប​លោហៈ​នេះ​នឹង​ត្រូវ​យក​ទៅ​សិក្សា​និង​វិភាគ​បន្ថែម​ទៀត​ដើម្បី​ឈ្វេងយល់​ពី​មាស​ធាតុ​ផ្សំ​និង​បច្ចេកទេស​នៃ​ការ​សិត​លោហៈ​នា​សម័យ​បុរាណ ។ ទន្ទឹម​នឹង​នោះ​ក្រុមការងារ​ជំនាញ​នឹង​ប្រើប្រាស់​ពេលវេលា​នៃ​ការ​អភិរក្ស ដើម្បី​សាកល្បង​ផ្គុំ​បំណែក​ផ្សេង​ទៀត​ភ្ជាប់​ទៅ​នឹង​តួខ្លួន​របស់​ព្រះ​វិស្ណុ​នេះ ។ គម្រោង​នេះ​រំពឹង​ថា​នឹង​បញ្ចប់​នៅ​ពាក់កណ្តាល​ឆ្នាំ​២០២៥ ។

៣.​គម្រោង​កិច្ច​សហប្រតិបត្តិការ​ជាមួយ​បារាំង លើ​យន្តការ​គណៈកម្មាធិការ​អន្តរជាតិ​សម្របសម្រួល​កិច្ចការ​អភិរក្ស និង​អភិវឌ្ឍ​រមណី​ដ្ឋា​ន​អង្គរ សំបូរ​ព្រៃ​គុកក្នុង​ចំណោម​កិច្ច​សហប្រតិបត្តិការ​ជាមួយ​បារាំង គណៈកម្មាធិការ​អន្តរជាតិ​សម្របសម្រួល​កិច្ចការ​អភិរក្ស​និង​អភិវឌ្ឍ​រមណីយដ្ឋាន​អង្គរ សំបូរ​ព្រៃ​គុក ដែល​មានបារាំង និង​ជប៉ុន​ជា​សហ​ប្រធាន គឺជា​យន្តការ​អន្តររដ្ឋាភិបាល​សម្រាប់​កិច្ចការ​អភិរក្ស​រមណីយដ្ឋាន​អង្គរ និង​តំបន់​ប្រាសាទសំបូរព្រៃគុក ។

យន្តការ​អន្តរជាតិ​នេះ កំពុង​ត្រូវ​បាន​មជ្ឈដ្ឋាន​អន្តរជាតិ ជា​ពិសេស​យូ​ណេ​ស្កូ ចាត់ទុកជា​យន្តការ​គំរូ និង​ជោគជ័យ​សម្រាប់​វិស័យ​អភិរក្ស និង​អភិវឌ្ឍ​សម្បត្តិ​បេតិកភណ្ឌ​ពិភពលោក ហើយ​ក៏​ជា​ជោគជ័យ​នៃ​កិច្ច​សហប្រតិបត្តិការ​អន្តរជាតិ​របស់​កម្ពុជា​ផង​ដែរ​។ សម្រាប់​យន្តការ ICC-Angkor នេះ​បាន​ដំណើរ​​ការ​ដោយ​ជោគជ័យ​រយៈពេល​៣០​ឆ្នាំ​មក​ហើយ ហើយ​នៅ​ថ្ងៃ​ទី​១៥ ខែវិច្ឆិកា ឆ្នាំ​២០២៣​នេះ នឹង​មាន​កិច្ចប្រជុំ​អន្តររដ្ឋាភិបាល​ដើម្បី​ប្រកាស​បន្ត​កិច្ច​សហប្រតិបត្តិការ​១០​ឆ្នាំទៅ​មុខ​ទៀត (២០២៤-​២០៣៤) ព្រមទាំង​ដាក់​ចេញ​នូវ​យុទ្ធសាស្ត្រ​១០​ឆ្នាំទៅ​មុខ ដែល​នឹង​ផ្តោត​ជា​ចម្បង​ទៅ​លើ​ការ​បណ្តុះបណ្តាល​ធនធានមនុស្ស​។ កិច្ចប្រជុំ​នេះ​នឹង​រៀបចំ​នៅ​ទីស្នាក់ការ​កណ្ដាល​អង្គការ​យូ​ណេ​ស្កូ ប្រទេស​បារាំង ៕ ដោយ ៖ ស​.​ភ​.​រ

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ