ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ថៃ​បញ្ចេញ​បញ្ជី​ផលិតផល​ក្លែងក្លាយ​ពី​វៀតណាម ភាគច្រើន​ជា​អាហារ​បំប៉ន ​ព្យាបាល​ជំងឺ​ផ្សេង​ៗ រួម​ទាំង​ទឹកនោមផ្អែម

10 ខែ មុន

ប្រទេស​ថៃ ៖ រដ្ឋបាល​ចំណីអាហារ និង​ឪ​ស​ថ​របស់​ប្រទេស​ថៃ ហៅ​កាត់​ថា FDA បាន​បញ្ចេញ​បញ្ជី​

ប្រទេស​ថៃ ៖ រដ្ឋបាល​ចំណីអាហារ និង​ឪ​ស​ថ​របស់​ប្រទេស​ថៃ ហៅ​កាត់​ថា FDA បាន​បញ្ចេញ​បញ្ជី​ផលិតផល​អាហារ​បំប៉ន និង​ជំនួយ​សុខភាព​ក្លែងក្លាយ​មក​ពី​ប្រទេស​វៀតណាម ដែល​បាន​ជ្រៀតចូល​ទីផ្សារ​ថៃ ខណៈ​ដែល​ប្រតិបត្តិការ​បង្ក្រាប​បណ្តាញ​ចែកចាយ​ទូ​ទាំង​ពិភពលោក ត្រូវ​បាន​ធ្វើ​ឡើង​ដោយ​សហការ​ជាមួយ​ការិយាល័យ​ស៊ើបអង្កេត​កណ្តាល ដែល​ហៅ​កាត់​ថា CIB​។ នេះ​បើ​យោង​តាម​ប្រភព​ពី Nation Thailand ចេញផ្សាយ​កាលពី​ថ្ងៃ​ទី​១៨ ខែវិច្ឆិកា កន្លង​ទៅ​។

រហូត​មក​ដល់​ពេល​នេះ អាជ្ញាធរ​ថៃ​​រឹបអូស​បាន​ផលិតផល​ក្លែងក្លាយ ៤៣,៤១១​កំប៉ុង លើ ២៣​ប្រភេទ​ផ្សេង​គ្នា ដែល​មាន​តម្លៃ​ជាង​៤០​លាន​បាត ស្មើនឹង​ជាង ១,១​លាន​ដុល្លារ​អា​មេ​រិ​ក​។ ជាមួយ​គ្នា​នោះ ក្រសួងសុខាភិបាល​ថៃ ក៏​បាន​ចេញ​សេចក្តី​ព្រមាន​ដោយ​ដាស់តឿន​អ្នក​ប្រើប្រាស់​កុំឱ្យ​ចាញ់បោក​ការ​ផ្សព្វផ្សាយ​ពាណិជ្ជកម្ម ដែល​ផ្តល់​អត្ថប្រយោជន៍​សុខភាព​ហួសហេតុ ឬ​ទិញ​ផលិតផល​មាន​តម្លៃ​ថោក​។

ខាងក្រោម​នេះ គឺជា​បញ្ជី​ផលិតផល​ដែល​ត្រូវ​បាន​ណែនាំ​មិន​ឱ្យ​ប្រើប្រាស់ ៖
«Ovisure Gold» អះអាង​ថា អាច​កាត់​បន្ថយ​ការ​ឈឺសន្លាក់ ការពារ​ជំងឺ​រលាក​សន្លាក់ឆ្អឹង និង​ប្រយុទ្ធ​ប្រឆាំង​ជំងឺ​ទាក់ទង​នឹង​ឆ្អឹង ដោយ​លទ្ធផល​ត្រូវ​បាន​មើលឃើញ​ភ្លាម​ៗ​ក្នុង​រយៈពេល​៧​ថ្ងៃ ។​

«Digo Sure» អះអាង​ថា ព្យាបាល​ជំងឺ​ទឹកនោមផ្អែម លើសឈាម ជំងឺ​បេះដូង បំបាត់​ការ​ឈឺសន្លាក់ និង​ស្មា ស្ពឹក ព្រមទាំង​ជួយ​ឆ្អឹង និង​សន្លាក់​រឹង​មាំ​ឡើង​វិញ

«Zextra Sure» អះអាង​ថា អាច​ព្យាបាល​ជំងឺ​ឆ្អឹងខ្នង និង​ជំងឺ​សន្លាក់ ព្រមទាំង​សម្រួល​ដល់​រោគ​សញ្ញា​នៃ​ជំងឺ​ដាច់​សរសៃឈាម​ខួរក្បាល ឬ​ខ្វិន​ដោយ​ផ្នែក។

«Via Sure Calcium» អះអាង​ថា អាច​កាត់​បន្ថយ​ការ​ឈឺសន្លាក់ និង​ឆ្អឹង ព្រមទាំង​ធ្វើ​ឱ្យ​ឆ្អឹង​កាន់តែ​បត់បែន​ស្រួល​ជាង​មុន ។​

«Hevisure Gold» អះអាង​ថា ការពារ​ផលវិបាក​ពី​ជំងឺ​ទឹកនោមផ្អែម ដូច​ជា​ពិការ​ភ្នែក និង​ខ្សោយតម្រងនោម

«GluOats» អះអាង​ថា កាត់​បន្ថយ និង​ព្យាបាល​កម្រិត​ជាតិ​ស្ករ​ក្នុង​ឈាម ការពារ​ផលវិបាក​ដូច​ជា ជំងឺខ្សោយបេះដូង និង​ការ​ឆ្លង​មេរោគ​ថ្លើម

«Gluzextra Gold» អះអាង​ថា អាច​ព្យាបាល​ជំងឺ​ទឹកនោមផ្អែម គ្រប់គ្រង​ជាតិ​ស្ករ​ក្នុង​ឈាម និង​កាត់​បន្ថយ​ផលវិបាក​ពី​ជំងឺ​គ្រោះថ្នាក់​ផ្សេង​ៗ

«HIUP Complete» និង «Sica Sure Canxi Wemee» អះអាង​ថា ជួយ​ពន្លូត​កម្ពស់​កុមារ​ពី ៣-៥​សង់ទីម៉ែត្រ​នៅ​ក្នុង​រយៈពេល​៣​ខែ ផ្តល់​អត្ថប្រយោជន៍​ដែល​ល្អ​ជាង​ផលិតផល​ធម្មតា ១០​ដង​។
«Pro Up» អះអាង​ថា នឹង​បង្កើន​ភាពស៊ាំ ជំរុញ​ការ​គេង​លក់​ស្កប់ស្កល់ និង​ជួយ​បង្កើន​ទម្ងន់ ១០​គីឡូក្រាម​ក្នុង​រយៈពេល​១​ខែ ។​

«Hevifood Body Fit» អះអាង​ថា ជួយ​មនុស្ស​ស្រក​ទម្ងន់​ពី ៣-៤​គីឡូក្រាម​ក្នុង​រយៈពេល​២​ស​ប្តា​ហ៍ ដោយ​មិន​ចាំបាច់​តម​អាហារ​៕

ខាងក្រោមនេះជា​លីងអត្ថបទ ៖

https://www.nationthailand.com/thailand/general/40032989

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ