រាជធានីភ្នំពេញ ៖ តារាសម្តែងនាង ជេ ស៊ីកា បានទម្លាយមុខមនុស្សស្រីមួយរូប ដែលនាងចាត់ទុកជាអ្នកមានគុណរបស់នាង ហើយបាននាំនាងឱ្យទទួលជោគជ័យលើវិថីសិល្បៈអស់រយៈពេលជាង១០ឆ្នាំមកនេះ។ មនុស្សស្រីដែលស្រីស្អាត ជេ ស៊ីកា បង្ហាញនាពេលនេះ គឺជាអតីតតារាសម្តែងមួយរូប គឺនាង មាស សម្ផស្ស ដែលទស្សនិកក៏ធ្លាប់ឃើញ និងស្គាល់វត្តមានសម្តែងរបស់នាងកន្លងមកដែរ។
នៅក្នុងពេលបានជួបគ្នានៅក្នុងកម្មវិធីមួយដោយចៃដន្យ ស្រីស្អាត ជេ ស៊ីកា បានរត់មកអោបជាមួយការបង្ហាញក្តីស្រឡាញ់ និងក្តីនឹករលឹកចំពោះនាង មាស សម្ផស្ស យ៉ាងខ្លាំង។ ជាមួយនឹងរូបភាពថតជុំគ្នាជាមួយនាង មាស សម្ផស្ស នាឱកាសនោះ ស្រីស្អាត ជេ ស៊ីកា ក៏បានភ្ជាប់ជាមួយសំណេរបង្ហោះនៅលើបណ្តាញសង្គមថា «១០ឆ្នាំជាងក្នុងវិស័យសិល្បៈ តាំងពីខ្ញុំជាក្មេងស្រីម្នាក់ដែលមិនស្គាល់អ្នកណា មិនមានអ្វីគ្រប់យ៉ាង ជាក្មេងដែលគ្មានក្នុងក្រសែភ្នែកមនុស្សគ្រប់គ្នា គាត់តែម្នាក់គត់ដែលនាំខ្ញុំចូលសិល្បៈ អរគុណបងស្រី «មាស សម្ផស្ស» ។
នាងបញ្ជាក់ថា «អ្វីដែលខ្ញុំសងគុណបងបាន គឺភាពជោគជ័យខ្ញុំពេលនេះ ហើយខ្ញុំនឹងធ្វើអោយបងមានមោទនភាពចំពោះខ្ញុំនៅថ្ងៃមុខតទៀត I love you»។
ជាការកត់សម្គាល់ តារាសម្តែងនាង ជេ ស៊ីកា ត្រូវបានគេចាត់ទុកថា នាងជាតារាមួយរូបក្នុងចំណោមតារាមួយចំនួនទៀត ដែលកំពុងមានទីផ្សារការងារខ្ពស់នៅពេលបច្ចុប្បន្ននេះ។ តារាស្រីរូបនេះ តែងតែបង្ហាញវត្តមាននៃការសម្តែងជាបន្តបន្ទាប់មិនថា ភាពយន្ត ឈុតបទចម្រៀង ការថតម៉ូតសម្អាងការ ឬផ្សព្វផ្សាយផលិតផលនោះឡើយ។ ស្រីស្អាត ជេ ស៊ីកា អាចសម្តែងបានស្ទើរគ្រប់ទម្រង់ ជាពិសេសនោះនាងក៏ត្រូវបានគេចាត់ទុកថា ជាតារាដែលចូលចិត្តសម្ញែងនូវរូបភាពសិចស៊ីតាមលើបណ្តាញសង្គមផងដែរ៕
ចែករំលែកព័តមាននេះ